(ភ្នំពេញ)៖ នៅព្រឹកថ្ងៃចន្ទ ទី២២ ខែកក្កដា ឆ្នាំ២០២៤នេះ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា អនុញ្ញាតឱ្យលោក អាទល់ ខារ៉េ (Atul KHARE) អគ្គលេខាធិការរងអង្គការសហប្រជាជាតិ ទទួលបន្ទុកផ្នែកទ្រទ្រង់ប្រតិបត្តិការរក្សាសន្តិភាព ចូលជួបសម្ដែងការគួរសម នៅវិមានព្រឹទ្ធសភា។
កម្ពុជាមកដល់ពេលនេះមានមោទនភាព ដែលធ្លាប់តែជាប្រទេសញាំញីដោយសង្គ្រាមរាប់រយឆ្នាំ អាចស្វែងរកសន្តិភាពពេញលេញដោយខ្លួនឯង ហើយថែមទាំងអាចចូលរួមជាមួយសហគមន៍អន្តរជាតិក្នុងបុព្វហេតុសន្តិភាពពិភពលោក។ ចាប់ពីឆ្នាំ២០០៦ ដល់ខែមិថុនា ឆ្នាំ ២០២៤ កម្ពុជាបានបញ្ជូនកងទ័ពរក្សាសន្តិភាព ក្រោមឆ័ត្រអង្គការសហប្រជាតិ ចំនួន ៩,៥៧០នាក់ (ស្ត្រី ៨១៨នាក់) ទៅបេសកកម្មរក្សាសន្តិភាពអង្គការសហប្រជាជាតិ នៅក្នុងប្រទេសចំនួន ១០ រួមមាន ប្រទេសស៊ូដង់ ស៊ូដង់ខាងត្បូង ឆាដ អាហ្រ្វិកកណ្តាល លីបង់ ស៊ីប ស៊ីរី ម៉ាលី យេម៉ែន និងកុងហ្គោ។
គិតត្រឹមថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ២០២៤ មានកងទ័ពរក្សាសន្តិភាពកម្ពុជាចំនួន ៦២៧ ស្ត្រី ១២៥នាក់ ត្រូវបានដាក់ពង្រាយ នៅស៊ូដង់ខាងត្បូង (UNMISS) លីបង់ (UNFIL) អាហ្រ្វិកកណ្តាល (MINUSCA) កុងហ្គោ (MONUSCO) និងស៊ូដង់ (UNISFA)។
កម្ពុជាបន្តឈរនៅលំដាប់កំពូលទាំង២៥ ក្នុងចំណោមប្រទេសចំនួន១២១ ដែលរួមចំណែកកងទ័ពក្នុងប្រតិបត្តិការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ និងជាប់ចំណាត់ថ្នាក់លេខ៣ (បន្ទាប់ពីប្រទេសឥណ្ឌូនេស៊ី និងម៉ាឡេស៊ី) នៃបណ្តាប្រទេសអាស៊ាន។ សម្រាប់ការរួមចំណែកដល់កងទ័ពស្ត្រី កម្ពុជាជាប់ចំណាត់ថ្នាក់លេខ១៤ ក្នុងចំណោមប្រទេសចំនួន១១៩ និងជាប់ចំណាត់ថ្នាក់លេខ១ ក្នុងចំណោមប្រទេសអាស៊ាន។
សម្តេចតេជោ ហ៊ុន សែន គឺជាមេដឹកនាំដែលបានសម្រេចចិត្តក្នុងការបញ្ជូនកងទ័ពកម្ពុជាចូលរួមក្នុងបេសកកម្មរក្សាសន្តិភាពក្រោមឆ័ត្ររបស់អង្គការសហប្រជាជាតិកាលពីឆ្នាំ២០០៦។ សម្តេចតេជោ ធ្លាប់បានបញ្ជាក់ថា ការសម្រេចចិត្តនេះ គឺជាការលំបាក និងជាការទទួលខុសត្រូវដ៏ធំផងដែរ ចំពោះមុខនៃសុខសុវត្ថិភាពរបស់កងកម្លាំងកម្ពុជា៕