(ភ្នំពេញ)៖ ក្លិបអ្នកកាសែតកម្ពុជា (ក.អ.ក) សហការជាមួយ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន រៀបចំវេទិកាមួយក្រោមប្រធានបទ «គោលនយោបាយ និងយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់»។
វេទិកាពិភាក្សានេះ ធ្វើឡើងនៅព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៤នេះ ក្រោមអធិបតីភាព នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងលោក ពុយ គា ប្រធានក្លិបអ្នកកាសែតកម្ពុជា (ក.អ.ក)។
វេទិកានេះធ្វើឡើងដើម្បីផ្ដល់ឱកាសដល់មន្ត្រីជំនាញបានលើកឡើងនូវគោលនយោបាយ និងយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ រួមទាំងស្ថានភាពទូទៅនៃបញ្ហាគ្រឿងញៀនជាសកល ក៏ដូចជានៅកម្ពុជា បញ្ហាប្រឈម និងការប្ដេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលរួមទាំងស្ថាប័នជំនាញ ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀននៅកម្ពុជា។
ក.អ.ក ចាត់ទុកវេទិកានេះ មានសារសំខាន់ណាស់សម្រាប់អ្នកសារព័ត៌មាន ដែលមិនគ្រាន់តែស្វែងយល់អំពីស្ថានភាពនៃបញ្ហាគ្រឿងញៀននោះទេ ប៉ុន្តែក៏នឹងទទួលបាននូវចំណេះដឹងទាក់ទងគោលនយោបាយ និងយុទ្ធសាស្ត្រក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនសំខាន់និតិវិធី នៃការផ្តន្ទាទោសអ្នកពាក់ព័ន្ធករណីគ្រឿងញៀនផងដែរ៕