(ម៉ានីល)៖ ប្រធានាធិបតីហ្វីលីពីនលោក Rodrigo Duterte បានធ្វើការជេរប្រមាថទៀតហើយទៅកាន់ អន្តរជាតិ ដោយលើកនេះគឺត្រូវចំសហភាពអឺរ៉ុប ដោយសារតែលោកទទួលបាន ការថ្កោលទោសជាថ្មីទៀត ទៅលើប្រតិបត្តិការបង្ក្រាបឧក្រិដ្ឋកម្មគ្រឿងញៀន ដែលទើបតែបន្ថែមរយៈពេល ៦ខែទៀតនោះ។ នេះ បើតាមការចេញផ្សាយនៅមុននេះបន្តិច ដោយសារព័ត៌មាន Channel News Asia នារសៀលថ្ងៃពុធ ទី២១ ខែកញ្ញា ឆ្នាំ២០១៦។
នៅក្នុងបទបង្ហាញជាសាធារណៈនៅក្នុងទីក្រុងម៉ានីល ថ្ងៃពុធនេះ លោក Duterte បានសម្តែងនូវការខឹង សម្បារជាថ្មីទៀត ដោយលោកបានប្រើម្រាមដៃកណ្តាលចង្អុលឡើងលើ រួចនិយាយពាក្យថា «Fu...k You!» ទៅកាន់សភាពអឺរ៉ុប ដែលថ្កោលទោសចំពោះ «ការសម្លាប់មនុស្សក្រៅប្រព័ន្ធតុលាការ ដ៏ច្រើនសន្ធឹកសន្ធាប់ និង ការសម្លាប់រង្គាលជាច្រើនទៀតនៅទូទាំងប្រទេសហ្វីលីពីន»។
លោក Duterte បានលើកឡើងដូច្នេះថា «ខ្ញុំនិយាយទៅកាន់ពួកគេថា Fu...k You! អ្នកធ្វើបែបនេះ គឺកំពុងតែព្យាយាមលាងបាបរបស់អ្នកហើយ»។ គួរបញ្ជាក់ថាមេដឹកនាំហ្វីលីពីនរូបនេះ ក៏ធ្លាប់ជេរលោក បាន គីមូន អគ្គលេខាធិការនៃអង្គការសហប្រជាជាតិ និងលោក បារ៉ាក់ អូបាម៉ា ប្រធានាធិបតីអាមេរិក នូវពាក្យដ៏មិនគួរគប្បីបំផុតមួយចំនួនផងដែរ ក៏ព្រោះតែការរិះគន់ និងថ្កោលទោសមកលើ សកម្មភាព ដែលលោកកំពុងតែធ្វើ នៅក្នុងប្រទេសរបស់លោកនោះ៕