(ភ្នំពេញ)៖ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឧត្ដមភរិយាសម្ដេចតេជោ ហ៊ុនសែន ប្រធានព្រឹទ្ធសភាកម្ពុជា ជាកុលធីតាខ្មែរដ៏គំរូមួយរូប ទាំងក្នុងសកម្មភាពការងារមនុស្សធម៌ជួយដល់ជនងាយរងគ្រោះ និងងាយរងគ្រោះបំផុតនៅកម្ពុជា ហើយក៏ជាពុទ្ធសាសនូបត្ថម្ភដ៏ជ្រះថ្លា ក្នុងព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ, នៅថ្ងៃអាទិត្យ ១រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៤ បានដឹកនាំសាច់ញាតិក្រុមគ្រួសារ និងមន្ដ្រីគ្រប់លំដាប់ថ្នាក់ នៃកាកបាទក្រហមកម្ពុជា និងអាជ្ញាធរមូលដ្ឋាន អញ្ជើញបូជាទៀន ធូប ផ្កាភ្ញី និងគ្រឿងសក្ការៈបូជាជាច្រើនទៀត ថ្វាយព្រះសម្មាសម្ពុទ្ធ និងនាំយកទៀនព្រះវស្សា ទេយ្យវត្ថុ និងបច្ច័យប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តមុនីសុវណ្ណ ហៅវត្តចំពុះក្អែក ស្ថិតនៅក្នុងសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

ការនាំយកទេយ្យវត្ថុ គ្រឿងអត្ថបរិក្ខារ និងបច្ច័យមួយចំនួន ប្រគេនដល់ព្រះសង្ឃគង់នៅវត្តមុនីសុវណ្ណ ហៅវត្តចំពុះក្អែក គឺតែងតែធ្វើជារៀងរាល់ឆ្នាំ ពិសេសនៅក្នុងរដូវវស្សាឈានចូលមកដល់នេះ ដែលជារដូវមួយដែលព្រះសង្ឃមិនអាចនិមន្តចេញទៅបិណ្ឌបាត្របាន ព្រោះរដូវវស្សានេះមានភ្លៀងធ្លាក់ជោគជាំ។ ​ម្យ៉ាងទៀតតាមទំនៀមជាប្រពៃណីនៃព្រះពុទ្ធសាសនា ព្រះសង្ឃទាំងឡាយគ្រប់អារាមនៅកម្ពុជា ត្រូវនិមន្តចូលកាន់ព្រះវស្សាអស់ថេរវេលា ៣ខែចាប់តាំងពីថ្ងៃ ១រោចខែអាសាធតទៅ ដើម្បីសិក្សារៀនសូត្រព្រះធម៌។ ការចូលវស្សាជារៀងរាល់ឆ្នាំ គឺប្រារព្ធធ្វើឡើងនៅក្នុងអំឡុងខែវស្សាជារដូវភ្លៀង ដែលប្រជាពលរដ្ឋ ក៏ដូចជាព្រះសង្ឃលំបាកក្នុងការធ្វើដំណើរ និងនិមន្តពីកន្លែងមួយទៅកន្លែងមួយ ហើយក៏ជាពេលវេលាដែលភិក្ខុសង្ឃទាំងឡាយ ត្រូវប្រតិបត្តិសិក្សាពីធម៌ វិន័យយ៉ាងខ្ជាប់ខ្ជួនផងដែរ។

ដូចនេះក្រោមការយកចិត្ដទុកដាក់ដោយមិនរំលង ពីសុខទុក្ខ និងសុខភាពរបស់ព្រះសង្ឃត្រូវនិមន្ដចូលកាន់ព្រះវស្សាអស់កាលយ៉ាងយូរនេះ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បាននាំយកនូវបច្ច័យចំនួន ៤០លានរៀល និងទេយ្យវត្ថុមួយចំនួនរួមមាន ទៀនព្រះវស្សា, អង្ករ ៥តោន, មី ចំនួន ១០០កេស, ត្រីខ ចំនួន ៥០កេស, ទឹកអិនសួរ ២កន្ដ្រក, ទឹកត្រចៀកកាំ ២កន្ដ្រក, កាហ្វេកញ្ចប់៧ កន្ដ្រក(ស្មើនឹង១៤០កញ្ចប់ធំ), ផ្លែឈើ ២កន្ដ្រក, ទឹកស៊ីអ៊ីវ ៥០យួរ (១យួរស្មើនឹង៦ដប), ទឹកត្រី ៥០យួរ (១យួរស្មើនឹង៦ដប), ទឹកក្រូចចម្រុះ ៥០កេស, ទឹកផ្លែឈើ៣មុខ ៣០កេស, ភេសជ្ជៈខារ៉ាបាវ ១០កេស, មៀនកំប៉ុង ៥កេស, គូលែនកំប៉ុង ៥កេស, ទឹកបរិសុទ្ធអារុណា ២០០កេស, ទឹកដោះគោខាប់ ៥កេស, ស្ករស ៥០គីឡូ, តែ ៥គីឡូក្រាម, ត្រីងៀត ២០គីឡូក្រាម, សាច់ក្រក ២០គីឡូក្រាម, ប្រេងម៉ាស៊ូត ចំនួន ៦កាន ។

សម្រាប់ព្រះសង្ឃ ៩អង្គ ក្នុងមួយអង្គៗប្រគេន សាដក់ ១កញ្ចប់ ក្នុងនោះសម្ដេចសង្ឃបច្ច័យ ចំនួន២លានរៀល, ព្រះសង្ឃ៨អង្គទៀត ក្នុង១អង្គៗបច្ច័យ ចំនួន ១លានរៀល ។ចំណែកព្រះសង្ឃ ២៧៣ ដែលគង់ចាំព្រះវស្សានៅក្នុងវត្ដចំពុះក្អែក ក្នុងមួយអង្គៗ បច្ច័យ ១០ម៉ឺនរៀល, ដោយឡែក តាជី យាយជី ២០០នាក់ ក្នុងម្នាក់ៗទទួលបានក្រណាត់ស ១ដុំ និងថវិកា ៥ម៉ឺនរៀល។

ក្នុងឱកាសនោះដែរ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក៏បាននាំយកបច្ច័យ ចំនួន ២៤,៨០០ដុល្លារ និង២៣លាន ៤សែនរៀល ដែលជាសទ្ធាជ្រះថ្លា របស់ប្រតិភូអមដំណើរ និងមន្ដ្រីថ្នាក់ដឹកនាំកាកបាទក្រហមកម្ពុជា រួមទាំងអាជ្ញាធរមូលដ្ឋាន វេប្រគេនសម្ដេចព្រះពោធិវ័ង្ស កិត្តិបណ្ឌិត អំ លីមហេង សម្ដេចព្រះសង្ឃនាយកស្ដីទីនៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះប្រធានថេរសភាសង្ឃ នៃពុទ្ធសាសនានៅកម្ពុជា និងព្រះចៅអធិការវត្ដ ចំពុះក្អែក។

សម្ដេចព្រះពោធិវ័ង្ស កិត្តិបណ្ឌិត អំ លីមហេង សម្ដេចព្រះសង្ឃនាយកស្ដីទីនៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះប្រធានថេរសភាសង្ឃ នៃពុទ្ធសាសនានៅកម្ពុជា និងព្រះចៅអធិការវត្ដ មុនីសុវណ្ណ ហៅវត្ដចំពុះក្អែក បានជូនពរសព្ទសាធុការដល់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី សូមជួបប្រទះតែនឹងព្រះពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

ក្នុងឱកាសនោះ សម្តេចព្រះពោធិវង្សកិត្ដិបណ្ឌិត អំ លឹមហេង បានឧទ្ទិសមហាកុសលផលបុណ្យ ជូនចំពោះវិញ្ញាណក្ខន្ធលោកមហាឧបាសក លីន គ្រី និងអ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី ដែលជាបិតា មាតាបង្កើតរបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ព្រមទាំង វិញ្ញាណក្ខន្ធអ្នកឧកញ៉ាមហាភក្តី សប្បុរិសភោគាធិបតី ហ៊ុន នាង និងលោកយាយមហាឧបាសិកា ឌី ប៉ុក ដែលជាបិតាមាតាបង្កើតរបស់សម្តេចតេជោ ហ៊ុនសែន និងប្អូនស្រីបង្កើតសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត លោកជំទាវ ប៊ុន សុថា ហៅ ប៊ុន សាមហ៊ីង។

សួមជម្រាបថា ក្រោមការគិតគូរពីសុខុមាលភាពចំពោះព្រះសង្ឃគ្រប់ៗព្រះអង្គដែលត្រូវនិមន្តចូលកាន់ព្រះវស្សាអស់ថេរវេលា ៣ខែចាប់តាំងពីថ្ងៃ ១រោចខែអាសាធតទៅ ដើម្បីសិក្សារៀនសូត្រព្រះធម៌សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក៏បានចាត់តំណាងនាំយកនូវទៀនព្រះវស្សា ទេយ្យវត្ថុ គ្រឿងអត្ថបរិក្ខារ និងបច្ច័យមួយចំនួន ប្រគេនដល់ព្រះសង្ឃគង់ចាំព្រះវស្សានៅតាមវត្ដអារាមផ្សេងទៀតផងដែរ៕