(ព្រះវិហារ)៖ ប្រធានក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានខេត្តព្រះវិហារ នាយឧត្តមសេនីយ៍ មាស សុភា អ្នកតំណាងរាស្រ្តមណ្ឌលខេត្តព្រះវិហារ លោក សួស យ៉ារ៉ា ប្រធានក្រុមប្រឹក្សាខេត្ត លោក ឡុង សុវណ្ណ និងអភិបាលខេត្តលោក អ៊ុន ចាន់ដា នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៦នេះ បានប្រកាសទទួលទិញអង្ករចំនួន៤០តោន ពីសហគមន៍កសិករស្រូវ អង្ករព្រះវិហារ កូរ៉េពីរ។
មន្រ្តីសាលាខេត្តព្រះវិហារ បានឲ្យដឹងថា ការប្រកាសទិញអង្កររបស់ថ្នាក់ដឹកនាំខេត្តព្រះវិហារខាងលើនេះ គឺគោលដៅការងារមនុស្សធម៌ សម្រាប់ជួយដល់ប្រជាពលរដ្ឋនៅក្នុងខេត្តព្រះវិហារតែម្តង។
សូមបញ្ជាក់ថា ក្រោយពីការអំពាវនាវរបស់សម្តេចនាយករដ្ឋមន្រ្តី លើការប្រមូលទិញស្រូវអង្ករ ពីប្រជាកសិករនោះ គេសង្កេតឃើញថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ និងស្ថាប័នពាក់ព័ន្ធ ព្រមទាំងដៃគូឯកជន បាននាំគ្នាទិញអង្ករជាបន្តបន្ទាប់យ៉ាងច្រើន៕