(កំពង់ធំ)៖ លោក ហាក់ ម៉ុងហួត អភិបាលស្រុកតាំងគោក ខេត្តកំពង់ធំ បានដឹកនាំមន្ត្រីរាជការចំណុះឱ្យរដ្ឋបាលស្រុក និងក្រុមគ្រួសារលោក លី គីមឆេង ព្រមទាំងអាជ្ញាធរឃុំ នាំយកទៀនព្រះវស្សា បច្ច័យ និងទេយ្យទានមួយចំនួនប្រគេនព្រះសង្ឃដែលគង់ចាំព្រះវង្សាអស់កាលត្រីមាស នៅមណ្ឌលវិបស្សនាធុរៈចំនួន១ និងវត្តអារាមចំនួន៣ នៅស្រុកតាំងគោក នាព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៤។
មណ្ឌលវិបស្សនាធុរៈ និងវត្តអារាមទាំងនោះរួមមាន៖ ១-មណ្ឌលវិបស្សនាធុរៈឃុំច្រនាង ហៅអាស្រមភូមិប៉ាង ស្ថិតនៅឃុំច្រនាង ២-វត្តជ្រលង ស្ថិតនៅឃុំជ្រលង ៣-វត្តខេមវ័នព្រះនិព្វាន ស្ថិតនៅឃុំអណ្ដូងពោធិ៍ ៤-វត្តក្តីតាចិន ស្ថិតនៅឃុំទ្រៀល។
ការប្រារព្ធពិធីតាមទំនៀមព្រះពុទ្ធសាសនានេះ គឺមានភាពសប្បាយជ្រះថ្លាណាស់ ខណៈប្រជាពុទ្ធបរិស័ទរីករាយក្នុងការធ្វើបុណ្យទានក្រោមម្លប់សន្តិភាព។
គួរបញ្ជាក់ថា ពិធីបុណ្យចូលព្រះវស្សាប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំ ដោយចាប់ផ្តើមពីថ្ងៃ១រោច ខែអាសាធ ដល់ថ្ងៃ១៥ កើត ខែអស្សុជ។ ជាទម្លាប់ពិធីនេះត្រូវចាប់ផ្តើមនៅល្ងាចថ្ងៃទី១៥កើត ខែអាសាឍ ដោយមានការចូលរួមពីសំណាក់ពុទ្ធបរិស័ទចំណុះជើងវត្តនាំគ្នាហែទៀនវស្សា សំពត់សាដក និងគ្រឿងឧបភោគបរិភោគផ្សេងៗជុំវិញព្រះវិហារ។ បន្ទាប់មក មានការសម្តែងធម៌ទេសនា និងវេរទៀនវស្សា និសំពត់សាដក និងគ្រឿងឧបភោគបរិភោគទាំងនោះប្រគេនដល់ព្រះសង្ឃ។
ក្នុងអំឡុងពេលចូលវស្សារយៈពេល៣ខែនេះ ប្រជាពលរដ្ឋដែលគោរពព្រះពុទ្ធសាសនាធ្វើចង្ហាន់ នំចំណី និងគ្រឿងឧបភោគបរិភោគផ្សេងៗទៅប្រគេនជាបន្តបន្ទាប់ សម្រាប់ផ្គត់ផ្គង់ព្រះសង្ឃគង់ចាំព្រះវស្សាក្នុងអំឡុងពេលនេះផងដែរ៕