(ភ្នំពេញ)៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងជាស្ថាបនិកសន្តិភាពនៅកម្ពុជាក្រោយទស្សវត្សរ៍ឆ្នាំ៧០ សម្តេចតេជោ ហ៊ុន សែន បានប្រកាសថ្លែងអំណរគុណដល់ខ្មែរគ្រប់ភាគីទាំងអស់ ដែលបានទទួលយកនូវ គោលនយោបាយឈ្នះ!ឈ្នះ! របស់សម្តេច ដើម្បីបញ្ចប់សង្រ្គាមយាយីនៅកម្ពុជាអស់រយៈពេលជាងពីរទស្សវត្សរ៍។ សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវឲ្យប្រជាពលរដ្ឋខ្មែរ គ្រប់រូបទាំងអស់រួមគ្នារក្សានូវសន្តិភាព ដែលកំពុងគ្រប់ដណ្តប់នៅលើដែនដីកម្ពុជា។
នៅចំពោះមុខសិស្សនិទ្ទេស A ៤០៥នាក់ ដែលបានអនុញ្ញាតឲ្យចូលជួបសម្តែង ការគួរសមនាព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៦នេះ នាយករដ្ឋមន្រ្តី នៃកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានថ្លែងប្រាប់សិស្សនិទ្ទេស A និងអាណាព្យាបាលរបស់សិស្សថា សន្តិភាព គឺជាកត្តាសំខាន់បំផុតមុននឹងឈាន ទៅដល់ការអភិវឌ្ឍផ្សេងៗ រួមទាំងការអប់រំផងដែរ។
សម្តេចតេជោ ហ៊ុន សែន ក៏បានរំលឹកពីការធ្វើដំណើរតាម រថយន្តរបស់សម្តេចទៅតាមបណ្តាខេត្ត ដែលបណ្តាខេត្តបានធ្វើដំណើរ ទៅដល់នោះ ភាគច្រើន ជាតំបន់មានសង្រ្គាមកាលពីអតីតកាល តែពេលបច្ចុប្បន្នតំបន់បណ្តាខេត្តទាំងអស់នោះ កំពុងទទួលបានការអភិវឌ្ឍ និងរីកចម្រើនគួរឲ្យគាត់សម្គាល់ទាំងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ និងវិស័យអប់រំ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងបញ្ជាក់ដូច្នេះ «កាលពីសម័យដើមយើងជួបការលំបាកណាស់ ម្ខាងសង្រ្គាម ម្ខាងគ្មានហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រាន់ទេ អ៊ីចឹងដំបូងឡើយមុនិយាយអ្វីទាំងអស់ គឺត្រូវនិយាយពីសន្តិភាព។ អរគុណចំពោះប្រជាពលរដ្ឋ អរគុណគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដែលព្រមទទួលយកនូវនយោបាយឈ្នះ!ឈ្នះ! ដើម្បីបង្កើនឡើងនូវសន្តិភាព ដ៏ពេញលេញមួយនេះ»។
ប្រទេសកម្ពុជា ត្រូវបានគេដឹងថា ត្រូវបានយាយីយ៉ាងខ្លាំងដោយសារភ្លើងសង្រ្គាមក្រោយថ្ងៃរដ្ឋប្រហារទម្លាក់សម្តេច នរោត្តម សីហនុ ចេញពីអំណាចនៅថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ ពីលោកសេនាប្រមុខ លន់ នល់ និងព្រះអង្គម្ចាស់ ស៊ីសុវត្ថិ សិរីមតៈ ដែលមានសហរដ្ឋអាមេរិកជាបង្អែក។ ភ្លើងសង្រ្គាមនេះ បានអូសបន្លាយរហូតដល់ឆ្នាំ១៩៩៨ ទើបអាចបញ្ចប់សង្រ្គាម និងក្រុមឧទ្ទាមចោរព្រៃ បានទាំងស្រុងតាមរយៈរូបមន្តនយោបាយឈ្នះ!ឈ្នះ! របស់សម្តេចតេជោ ហ៊ុន សែន។ តាមរយៈនយោបាយឈ្នះឈ្នះនេះ ក៏បានធ្វើសមហរណកម្មយកកងទ័ពខ្មែរ ក្រហមមកជ្រកក្រោម ដំបូលជាតិកម្ពុជាតែមួយ។
សម្តេចតេជោ ហ៊ុន សែន បានរំលឹកថា នៅពេលមានសង្រ្គាមក្នុងរបប នល់ នល់ ចន្លោះឆ្នាំ៧០ ដល់៧៥ សូម្បីតែសាលារៀនក៏មានលេនដ្ឋានដែរ ដើម្បីការពារខ្លួនពីគ្រាប់បែក ដែលទម្លាក់ដោយ សហរដ្ឋអាមេរិកផងដែរ។ ចំណុចនេះ សម្តេចតេជោ បញ្ជាក់ថា បើកគ្មានសន្តិភាពទេ ការអប់រំ ក៏គ្មាននោះដែរ។
«ដូច្នេះនយោបាយឈ្នះឈ្នះ បង្កើតឱកាសឲ្យយើងទាំងអស់គ្នា ដែលខ្ញុំអរគុណណាស់ជាមួយសហការីទាំងអស់ ជាមួយប្រជាជនកម្ពុជាទទួលយកនយោបាយនេះ ហើយដោយសារនយោបាយនេះហើយ ដែលធ្វើឲ្យខ្មែរពីប្រទេសមួយ តំបន់ត្រួតត្រាច្រើន ក្លាយទៅជាប្រទេសមួយតំបន់ត្រួតត្រាមួយ រដ្ឋធម្មនុញ្ញមួយ ព្រះមហាក្សត្រតែមួយ រាជរដ្ឋាភិបាលតែមួយ និងកងកម្លាំងប្រដាប់អាវុធតែមួយ»។ សម្តេចតេជោ បានបញ្ជាក់ទៅកាន់សិស្សានុសិស្ស និងអាណាព្យាបាលរបស់សិស្ស ក៏ដូចជាប្រជាពលរដ្ឋតាមរយៈការផ្សាយផ្ទាល់លើទំព័រ Facebook របស់សម្តេច និងអង្គភាព Fresh News នាព្រឹកមិញនេះ។
សម្តេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរទាំងអស់រួមគ្នាថែរក្សានូវសន្តិភាពមួយនេះ ដើម្បីផ្តល់ឱកាសឲ្យកម្ពុជាអភិវឌ្ឍន៍កាន់តែរីកចម្រើនទៅមុខបន្ថែមទៀត៕