(ម៉ានីល)៖ ក្រសួងការបរទេសហ្វីលីពីន (DFA) បានប្រកាសនៅថ្ងៃអាទិត្យ ទី២១ ខែកក្កដាថា ហ្វីលីពីន និងចិនបាន «ឈានដល់ការយោគយល់គ្នាលើការរៀបចំបណ្ដោះអាសន្ន» សម្រាប់បេសកកម្មផ្គត់ផ្គង់សម្ភារៈឡើងវិញទៅកាន់ខ្មោចនាវាចម្បាំងហ្វីលីពីន ដែលបានចតទុកចោលនៅសមុទ្រចិនខាងត្បូង។ នេះបើតាម ការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
នេះគឺជាការវិវត្តដ៏សំខាន់មួយ បន្ទាប់ពីមានភាពតានតឹងរវាងប្រទេសទាំងពីរ ជុំវិញបញ្ហានេះ។
ក្រសួងការបរទេសហ្វីលីពីនមិនបានផ្ដល់ព័ត៌មានលម្អិត អំពីការរៀបចំសម្រាប់បេសកកម្មផ្គត់ផ្គង់សម្ភារៈនេះ ទៅកាន់ខ្មោចនាវាចម្បាំង Sierra Madre ដែលបានចតទុកចោលនៅ តំបន់ថ្មប៉ប្រះទឹក Second Thomas Shoal នោះទេ។ ទោះជាយ៉ាងណាក៏ដោយ ក្រសួងបានលើកឡើងថា ការយោគយល់គ្នានេះគឺជាលទ្ធផលនៃ «ការពិភាក្សាដោយស្មោះត្រង់ និងស្ថាបនា» រវាងភាគីទាំងពីរ នៅក្នុងយន្តការពិគ្រោះយោបល់ទ្វេភាគី កាលពីដើមខែនេះ។
ភាគីទាំងពីរបានបញ្ជាក់ជាថ្មី អំពីតម្រូវការក្នុងការបន្ធូរបន្ថយភាពតានតឹងនៅសមុទ្រចិនខាងត្បូង និងគ្រប់គ្រងភាពខ្វែងគំនិតគ្នាតាមរយៈការសន្ទនា និងការពិគ្រោះយោបល់។ ពួកគេក៏បានឯកភាពថា កិច្ចព្រមព្រៀងនេះនឹងមិនប៉ះពាល់ដល់ជំហររបស់គ្នាទៅវិញទៅមក នៅសមុទ្រចិនខាងត្បូងនោះទេ។
គួរបញ្ជាក់ថា កងទ័ពជើងទឹកហ្វីលីពីន មានចេតនាចតទុកខ្មោចនាវាចម្បាំង Sierra Madre មួយគ្រឿង សល់ពីសម័យសង្រ្គាមលោកលើកទី២ ក្នុងតំបន់ថ្មប៉ប្រះទឹក Second Thomas Shoal ក្នុងឆ្នាំ១៩៩៩ ដើម្បីពង្រឹងការទាមទាររបស់ខ្លួនលើដែនទឹកដែលមានជម្លោះនៅជុំវិញតំបន់នេះ។
ចាប់តាំងពីពេលនោះមក ហ្វីលីពីនបានរក្សាកងទ័ពជើងទឹកតូចមួយនៅលើនាវានេះ។ ការផ្គត់ផ្គង់សម្ភារៈឡើងវិញទៅកាន់នាវាចម្បាំងនេះ គឺជាបញ្ហាដ៏សំខាន់មួយ ដែលបានបង្កឱ្យមានភាពតានតឹងរវាងហ្វីលីពីន និងចិន។ ការសម្រេចរបស់ប្រទេសទាំងពីរក្នុងការអនុញ្ញាតឱ្យមានការផ្គត់ផ្គង់សម្ភារៈឡើងវិញនេះ អាចចាត់ទុកថាជាជំហានវិជ្ជមានមួយ ក្នុងការកាត់បន្ថយភាពតានតឹង និងរក្សាសន្តិភាព និងស្ថិរភាពនៅក្នុងតំបន់៕