(ក្រចេះ)៖ ក្នុងពិធីសំណេះសណាល់អំឡុងពេលនៃការនាំយកនូវទៀនព្រះវស្សា រួមជាមួយគ្រឿង ឧបភោគបរិភោគ និងបច្ច័យទៅវេរប្រគេនដល់ព្រះសង្ឃគង់ចាំព្រះនៅតាមវត្តអារាមនានាក្នុងស្រុកចិត្របុរី ខេត្តក្រចេះ នាថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៤, លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រី ក្រសួងព័ត៌មាននិងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះបានថ្លែងថាសុខសន្តិភាពពេញ លេញដែលសម្រេចបានដោយការអនុវត្តនយោបាយឈ្នះ-ឈ្នះ ដាក់ចុះដោយសម្តេចតេជោ ហ៊ុន សែន ជាមូលដ្ឋានគ្រឹះដ៏ចម្បងសម្រាប់ការកសាងនិងអភិវឌ្ឍជាតិឱ្យរីកចម្រើនដូចសព្វថ្ងៃនេះ, ទាញប្រទេសកម្ពុជាពីប្រទេសក្រីក្រតោកយ៉ាកមកជាប្រទេសដែលមានចំណូលមធ្យមកម្រិតទាបនៅឆ្នាំ២០១៥ នឹងធ្វើឱ្យកម្ពុជាក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងក្លាយជាប្រទេសមានចំណូលខ្ពស់នៅ ឆ្នាំ២០៥០ ខាងមុខ។
រដ្ឋមន្ត្រី នេត្រ ភក្ត្រា បានថ្លែងថា សន្តិភាពដែលកើតឡើងដោយលំបាកបំផុតនេះ គឺបានដោយសារការតស៊ូលះបង់សាច់ស្រស់ឈាមស្រស់របស់ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា រហូតតែមានថ្ងៃជ័យជម្នះ ៧ មករា ដែលអាចបង្កើតបានឡើវិញនូវព្រះវិហារ ហើយព្រះសង្ឃអាចបួសសិក្សារៀនសូត្រព្រះធម៍ប្រជាពលរដ្ឋមានសិទ្ធិសេរីភាពពេញលេញក្នុងការប្រតិបត្តិជំនឿសាសនារបស់ខ្លួនបានដោយក្តីស្រឡាញ់ពេញចិត្ត។
លោកបានមានប្រសាសន៍ថាការចូលរួមរបស់បងប្អូនប្រជាពលរដ្ឋក្នុងការថែរក្សាសន្តិភាពជាភាពចាំបាច់ដើម្បីកម្ពុជាមានស្ថេរភាព និងមានឱកាសនិងធនធានគ្រប់គ្រាន់ដើម្បីអភិវឌ្ឍជាតិ។ ការចូលរួមរបស់បងប្អូនប្រជាពលរដ្ឋគឺតាមរយៈការបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជាគ្រប់ការបោះឆ្នោត និងអនុវត្តតាមនូវគោលនយោបាយ យុទ្ធសាស្ត្រដែលដាក់ចុះដោយរាជរដ្ឋាភិបាលដើម្បីផលប្រយោជន៍របស់បងប្អូន។
គួរបញ្ជាក់ថាពិធីប្រគេនទៀនវស្សានេះបានធ្វើឡើងនៅព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៤ នាសាលាឆាន់វត្ត «អលមការាម» ហៅវត្តកន្ទួត ស្ថិតក្នុងភូមិ កន្ទួត ឃុំកន្ទួត ស្រុកចិត្របុរី ខេត្តក្រចេះ ដោយមានការអញ្ជើញចូលរួមពីលោក ហឿ សុីយ៉ែម ប្រធានក្រុមប្រឹក្សាខេត្តក្រចេះ និងលោកស្រី, លោក សុខ ចាន់ភក្តី រដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកចិត្របុរី ខេត្តក្រចេះ និងលោកស្រី។
រដ្ឋមន្ត្រី នេត្រ ភក្ត្រា មានប្រសាសន៍ថា ដោយសារតែកត្តាសុខសន្តិភាព យើងមានឱកាសធ្វើអ្វីៗបានទាំងអស់ហើយវិស័យព្រះពុទ្ធសាសនា និងសាសនាដ៏ទៃទៀតដែលមាននៅលើទឹកដីនៃប្រទេសកម្ពុជា មានការរីកចម្រើនយ៉ាងខ្លាំង ក្រោមដំបូលនៃសុខសន្តិភាព ដែលជាផលកើតចេញពីការខិតខំប្រឹងប្រែងរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី បច្ចុប្បន្នជាប្រធានព្រឹទ្ធសភា បានដឹកនាំនាវាកម្ពុជាពីគ្មានសាសនា មកមានសាសនា និងបង្កើតឱ្យមានវត្តអារាមជាង ៥ ពាន់វត្ត ត្រូវបានកសាងឡើងវិញ បន្ទាប់ពីការបំផ្លិចបំផ្លាញស្ទើរតែទាំងស្រុងរបស់ពួកខ្មែរក្រហម។ តាមរយៈសន្តិភាព និងសមិទ្ធិផលដែលសម្រេចកសាងបានទាំងផ្នែកពុទ្ធិចក្រ និងអាណាចក្រ នាពេលកន្លងមកយ៉ាងច្រើននៅកម្ពុជា ហើយរាជរដ្ឋាភិបាល នីតិកាល ទី៧ ដែលមាន សម្តេចធិបតី ហ៊ុន ម៉ាណែត ជាប្រមុខដឹកនាំបាននឹងកំពុងបន្តនូវបេសកកម្មដ៏ជ្រះថ្លាក្នុងការថែរក្សា និងការពារអោយបានគង់វង្សយូរអង្វែងជារៀងរហូត៕