(ភ្នំពេញ)៖ លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការរៀបចំការប្រឡងប្រជែង តែងតែមានវត្តមានក្នុងពិធីកាត់វិញ្ញាសានិមិន្តរូបជាប់ជាប្រចាំក្នុងការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀននៅបឋមសិក្សា ជូនបេក្ខជនប្រឡង ទោះបីជាលោកមានការមមាញឹកលើការងារយ៉ាងណាក៏ដោយ។
ពិធីកាត់វិញ្ញាសាជានិមិត្តរូបនេះ ប្រព្រឹត្តឡើងនៅមណ្ឌលប្រឡងសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច នាវេលាថ្ងៃត្រង់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៤។
ក្នុងនោះក៏មានការចូលរួមពីតំណាងក្រសួងអប់រំ យុវជន និងកីឡា តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងអង្គភាពប្រឆាំងអំពើពុករលួយ តំណាងអ្នកសង្កេតការណ៍មកពីសាកលវិទ្យាល័យនានា មហាជនដែលបានចុះឈ្មោះជាអ្នកសង្កេតការណ៍ និងតំណាងសហភាពសហព័ន្ធយុវជនកម្ពុជា(ស.ស.យ.ក.)។
វិញ្ញាសាដែលឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី កាត់នាពេលនេះ សម្រាប់បេក្ខជនវេនទី៧ ចាប់ផ្តើមនៅម៉ោង១២៖០០នាទី ដល់ម៉ោង១៤៖០០នាទី ដែលមានបេក្ខជន ៣,៩៤៥នាក់ (ស្រី ២,៩៤១នាក់) មកពីខេត្តកំពត, ខេត្តកែប, ខេត្តព្រះសីហនុ និងខេត្តតាកែវ ដែលគណៈកម្មការរៀបចំការប្រឡងប្រើប្រាស់បន្ទប់ប្រឡងចំនួន៩៧បន្ទប់ សម្រាប់ការប្រឡងប្រជែងវេននេះ។
ថ្លែងទៅកាន់បេក្ខជនទាំងអស់ អំឡុងពេលកាត់ក្បាលវិញ្ញាសានារសៀលនេះ ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានលើកទឹកចិត្តថា «ទោះបីជាលទ្ធផលយ៉ាងណាក៏ដោយ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងមុខងារសាធារណៈ តែងតែផ្តល់ឱកាសឲ្យបេក្ខជនទាំងអស់ បានចូលរួមប្រឡងប្រជែងបន្តបន្ទាប់ ដើម្បីក្លាយខ្លួនជាមន្ត្រីរាជការ ដោយពឹងផ្អែកទៅលើសមត្ថភាព»។
លោក ហ៊ុន ម៉ានី បានគូសបញ្ជាក់ថា នៅពេលដែលលោក បានជួបសំណេះសំណាលជាមួយអាណាព្យាបាល មានបេក្ខជនមួយចំនួន បានដាក់ពាក្យប្រឡងគ្រូអនុវិទ្យាល័យផង គ្រូបឋមសិក្សាផង និងបានដាក់ពាក្យរួចរាល់សម្រាប់ការប្រឡងមត្តេយ្យសិក្សាដែរ។
ទាំងនេះបង្ហាញយ៉ាងច្បាស់អំពីការផ្តល់ឱកាសជាបន្តបន្ទាប់ជូនដល់បេក្ខជន ដើម្បីចូលរួមប្រឡងប្រជែង និងអាចសម្រេចក្តីស្រមៃរបស់ខ្លួននៅថ្ងៃអនាគតបាន៕