(បាត់ដំបង)៖ លោក សុខ លូ អភិបាលខេត្តបាត់ដំបង នៅព្រឹកថ្ងៃអាទិត្យទី២១ ខែកក្កដា ឆ្នាំ២០២៤ បានដឹកនាំក្រុមការងារចុះពិនិត្យស្ថានភាពទឹក និងផលបះពាល់នៅភូមិសសស្រ្តស្រុករតនមណ្ឌល និងស្រុកសំឡូត។
ដំណើរការក្នុងការចុះពិនិត្យនេះ លោក សុខ លូ បានពិនិត្យមើលស្ថានភាពទូទៅ ជាក់ស្តែងមាន៣ចំណុចគោលដៅ ក្នុងនោះមានចំណុចទំនប់ទឹកពហុបំណងសេកសក ស្ថិតនៅក្នុងភូមិសេកសក ដែលជាអាងស្តុកទឹក មានទ្វារទឹកសម្រាប់បញ្ចៀសទឹកជំនន់ និងសម្រាប់ស្រោចស្រពដីស្រែពលរដ្ឋនៅឃុំផ្លូវមាស ស្រុករតនមណ្ឌល ដោយមានមន្រ្តីជំនាញមន្ទីរធនធានទឹក និងឧតុនិយមខេត្ត បានរាយការណ៍ថា នាប៉ុន្មានថ្ងៃកន្លងទៅនេះ ក្នុងភូមិសាស្រ្តស្រុកសំឡូត មានភ្លៀងច្រើនបានហក់ឡើងពេញផ្ទៃស្ទឹងសង្កែ ហើយបានក៏ដក់ទឹកតាមដងផ្លូវមួយចំនួនតូចប៉ុណ្ណោះ។
លោកបានបន្តថា ទឹកភ្លៀងធ្លាក់រាល់ថ្ងៃជាប់ៗគ្នា ដែលបានហក់ឡើង តែមិនទាន់បានពេញស្ទឹងផង លុះដល់ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៤ ទឹកស្ទឹងក៏បានស្រកទៅវិញជាបណ្តើរៗ មិនមានអ្វីគួរឲ្យព្រួយបារម្មណ៍ឡើយ។ ទោះជាទឹកស្ទឹងបានស្រកហើយក៏ដោយ តែដើម្បីចុះពិនិត្យដល់មូលដ្ឋានជាក់ស្តែងផង លោក សុខ លូ ក៏បានបន្តចុះពិនិត្យទីតាំង២កន្លែងបន្តទៀតមាន៖
១៖ ស្ពានដាច់១កន្លែង ដោយសារទឹកភ្លៀងនៅចំណុចអូរ៥៨ ស្ថិតក្នុងភូមិភ្នំរៃ ឃុំតាតោក ស្រុកសំឡូត ដែលទីតាំងស្ពានតូចក្នុងភូមិនេះ ពេលរដូវទឹកភ្លៀវឡើងហូរកាត់ តែងតែដាច់រៀងរាល់ឆ្នាំ ក្រោយដាច់ផ្លូវនេះប្រជាពលរដ្ឋ តែងតែមានឈើសន្លឹកក្រាស់ ២ដុំបម្រុងទុក សម្រាប់កល់ធ្វើជាស្ពាន ជូនពលរដ្ឋដើរឆ្លងកាត់បណ្តោះអាសន្ន ទំរាំផុតរដូវទឹកឡើងទើបធ្វើស្ពានថ្មី សម្រាប់ប្រើប្រាស់វិញ)។
២៖ ចុះពិនិត្យទឹកស្ទឹងនៅចំណុចស្ពានយោល ស្ថិតក្នុងភូមិតតោក ឃុំតតោក ស្រុកសំឡូត ដោយពិនិត្យឃើញមិនមានអ្វីប៉ះពាល់ឡើយ។
លោកក៏បានអំពានាវដល់ពលរដ្ឋ ត្រូវប្រុងប្រយ័ត្ននារដូវភ្លៀងនេះ និងផ្តាំផ្ញើថាបើមានគ្រោះថ្នាក់ធម្មជាតិអ្វីកើតឡើងជាយថា ហេតុណាមួយ ត្រូវរាយការណ៍ជូនអាជ្ញាធរមូលដ្ឋានឲ្យបានទាន់ពេលវេលា ដើម្បីងាយស្រួលដល់ក្រុមការងារមូលដ្ឋាមចុះជួយបានទាន់ពេលផងដែរ។
ឆ្លៀតក្នុងឱកាសនោះដែរ លោកបានជម្រាបជូនទៀតថា ក្នុងរដូវភ្លៀងនេះផងដែរ សូមបងប្អូនមេត្តា រក្សាថែទាំសុខភាពខ្លួន និងកូនចៅ ការពារកុំមានជម្ងឺគ្រុញចាញ់ និងគ្រុនឈាម និងជម្ងឺផ្សេងៗទៀតនារដូវវស្សានេះ៕