(ព្រៃវែង)៖ ចរន្តផ្តាច់ខ្លួនពីបក្សប្រឆាំងកំពុងពុះកញ្ជ្រោលយ៉ាងខ្លាំង ព្រោះតែអស់សង្ឃឹមនឹងជោគវាសនាបក្សប្រឆាំងដែលចេះតែបែកបាក់គ្នា និង គ្មានគោលនយោបាយច្បាស់លាស់លើសកម្មភាពនយោបាយ ជាពិសេសការធ្វើនយោបាយខ្វះការពិចារណា។
នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៤នេះ សមាជិកបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ នៅឃុំថ្មពូន ស្រុកកញ្ច្រៀច ខេត្តព្រៃវែង សរុប៣រូប បានប្រកាស ផ្តាច់ខ្លួនពីបក្សដែលធ្លាប់រួមរស់ និងធ្វើសកម្មភាពនយោបាយបម្រើអស់ជាច្រើនឆ្នាំមកហើយ។
សមាជិកទាំង៣រូបនោះមានឈ្មោះ៖ សេន ខុម ភេទប្រុស, ឈ្មោះ សុត ឆៃលាង ភេទស្រី និងឈ្មោះ ខុម ម៉ាឡូត ភេទស្រី នៅភូមិព្រងើយទី១ នៅឃុំថ្មពូន ស្រុកកញ្ច្រៀច ខេត្តព្រៃវែង។
ពេលនេះ ពួកគាត់បានមើលឃើញច្បាស់ ដោយឥតសង្ស័យថា គណបក្សប្រជាជនកម្ពុជា គឺជាបក្សនយោបាយតែមួយគត់ ដែលមានគុណបំណាច់ដ៏ធំធេងសម្រាប់ជាតិ និងប្រជាជនកម្ពុជា ជាពិសេសសម្តេចតេជោ ហ៊ុន សែន ជាមេដឹកនាំដ៏ខ្លាំងពូកែ ដែលបានប្រឹងប្រែងរំដោះអាយុជីវិតជាតិ និងប្រជាជនពីរបបប្រល័យពូជសាសន៍នាថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩។ បន្ថែមពីលើនោះសម្តេចតេជោ បានប្រឹងប្រែងបញ្ចប់សង្គ្រាម បង្រួបបង្រួមជាតិ និងកសាងជាតិឱ្យរីកចម្រើនដូចពេលបច្ចុប្បន្ន។
គណបក្សប្រជាជនកម្ពុជា ជាគណបក្សមានគោល នយោបាយច្បាស់លាស់ក្នុងការដឹកនាំជាតិ និងកសាងជាតិ ឆ្ពោះទៅរកភាពរុងរឿង ជាពិសេសបក្ស ប្រជា ជន កម្ពុជាជាបង្អែក និងជាទីទុកចិត្ត របស់ ប្រជា ពលរដ្ឋក្នុងការធានារក្សាបានសុខសន្តិភាព និងស្ថិរភាពសង្គម ដែលជាលក្ខខណ្ឌ ដ៏ចាំបាច់សម្រាប់ធានានូវការរស់នៅ ប្រកបដោយភាពរីករាយរបស់ប្រជាពលរដ្ឋ។
ពួកគាត់ក៏បានអំពាវនាវដល់អ្នកបម្រើបក្សប្រឆាំងទាំងអស់ឱ្យភ្ញាក់រលឹក និងឈប់ចាញ់បោកបក្សប្រឆាំងបន្តទៅទៀត ហើយចូលរួមសកម្មភាពនយោបាយជាមួយបក្សប្រជាជនកម្ពុជា ដើម្បីកសាងជាតិមាតុភូមិឱ្យរុងរឿង៕