(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិក បានរិះគន់ភាពទូលំទូលាយនៃមតិយោបល់របស់តុលាការយុត្តិធម៌អន្តរជាតិ ICJ ដែលថាការកាន់កាប់របស់អ៉ីស្រាអែលលើ ទឹកដែនដីប៉ាឡេស្ទីន គឺជារឿងខុសច្បាប់ ហើយមានតែបន្ថែមភាពស្មុគស្មាញដល់កិច្ចប្រឹងប្រែងដោះស្រាយជម្លោះតែប៉ុណ្ណោះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters។
អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក នៅក្នុងសារអេឡិចត្រូនិក ឬ email កាលពីថ្ងៃទី២០ ខែកក្កដា បានលើកឡើងដូច្នេះថា «យើងទទួលស្គាល់ថាគម្រោងរបស់ រដ្ឋាភិបាលអ៉ីស្រាអែលគំាទ្រដល់ការតាំងទីលំនៅ គឺមិនអនុលោមតាមច្បាប់អន្តរជាតិ និងបង្កឧបសគ្គដល់បុព្វហេតុសន្តិភាព។ តែទោះជាបែបនេះក្ដី យើងមាន ការព្រួយបារម្ភថាភាពទូលំទូលាយនៃមតិយោបល់របស់តុលាការ (ICJ) នឹងបន្ថែមភាពស្មុគស្មាញដល់កិច្ចខិតខំប្រឹងប្រែងដោះស្រាយជម្លោះ»។
គួរបញ្ជាក់ថា តុលាការ ICJ កាលពីថ្ងៃសុក្រកន្លងទៅនេះ បាននិយាយថា ការត្រួតត្រាអស់រយៈពេលរាប់ទសវត្សរ៍មកហើយរបស់អ៉ីស្រាអែល លើដែនដីប៉ាឡេស្ទីន គឺជាទង្វើខុសច្បាប់អន្តរជាតិ ហើយចាំបាច់ត្រូវតែបញ្ឈប់ឱ្យបានឆាប់រហ័ស។ អ៉ីស្រាអែលបានកាន់កាប់តំបន់ West Bank, Gaza Strip និង East Jerusalem ដែលជាដែនដីប៉ាឡេស្ទីនចង់បង្កើតជារដ្ឋឯករាជ្យមួយ អំឡុងសង្រ្គាមមជ្ឈិមបូព៌ាឆ្នាំ១៩៦៧ ហើយចាប់តាំងពីពេលនោះមក អ៉ីស្រាអែលបានសង់ទីលំនៅ ជនជាតិជ្វីហ្វ ក្នុងតំបន់ West Bank ហើយបានពង្រីកការសាងសង់ជាលំដាប់។
បណ្តាមេដឹកនាំអ៉ីស្រាអែល បានប្រកែកថា ដែនដីទាំងនោះមិនមែនស្ថិតក្រោមការត្រួតត្រាឡើយ បើនិយាយតាមផ្លូវច្បាប់ ដ្បិតពួកវាជាដីដែលមានបញ្ហាវិវាទ។ យ៉ាងណាក៏ដោយ អង្គការសហប្រជាជាតិ និងប្រទេសភាគច្រើនក្នុងសហគមន៍អន្តរជាតិ ចាត់ទុកថា ដែនដីទាំងនោះ គឺជាដែនដីរបស់ប៉ាឡេស្ទីន ដែលស្ថិតក្រោមការត្រួតត្រារបស់អ៉ីស្រាអែល៕