(កពង់ធំ)៖ ស្រីបណ្ឌិត ជា សិរី សមាជិកគណៈអចិន្ត្រៃយ៍គណៈ កម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូល ដ្ឋានស្រុកសន្ទុកក្នុងឱកាស បានអញ្ជើញចូលរួមក្នុងពិធីសម្ពោធ ដាក់ឲ្យប្រើប្រាស់អគារស្នាក់ការឲគណបក្សប្រជាជនកម្ពុជា ក្នុងឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ។
ពិធីសម្ពោធ និងកាត់ខ្សែបូរដាក់ឲ្យប្រើប្រាស់ជាផ្លូវការអគារទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ឃុំក្រយា ស្ថិតក្នុងស្រុកសន្ទុក ខេត្តកំពង់ធំ នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៤។
ក្នុងនោះផងដែរលោកស្រីបណ្ឌិត ជា សិរី បានថ្លែងថា ជំរុញឲ្យមន្ត្រីគណបក្សទាំងអស់ត្រូវបន្តស្មារតីសាមគ្គី និងខិតខំអនុវត្តនូវបណ្តាភារកិច្ចចំពោះមុខឲ្យបានសកម្ម ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ថែមទៀតដើម្បីពង្រឹងកម្លាំង និងប្រជាប្រិយភាព និងការជឿទុកចិត្តមកលើការដឹកនាំរបស់គណបក្សដែលកំពុងដឹកនាំរដ្ឋាភិបាល។
ការដណ្តើមប្រៀបឈ្នះរបស់បក្ស ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ ឆ្នាំ២០២៣ កន្លងមកនេះជាជោគជ័យធំធេង។
លោកស្រីបណ្ឌិត បានថ្លែងអំណរគុណ និងកោតសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែង បំពេញភារកិច្ចប្រកបដោយ ការទទួលខុសត្រូវខ្ពស់ របស់សមាជិកសមាជិកាគណបក្សទូទាំងឃុំ ដែលកន្លងមកបានខិតខំប្រឹងប្រែង បំពេញការងារ ដោយភាពស្មោះត្រង់ជូនគណបក្ស និងប្រជាជន ជាពិសេសក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ក។
លោកស្រីបណ្ឌិត ជា សិរី អំពាវនាវឲ្យសមាជិកបក្សបន្តថែរក្សាប្រពៃណីដ៏ល្អរបស់ខ្លួន ដោយត្រូវធ្វើអ្វីៗគ្រប់យ៉ាងទាំងកម្លាំងកាយ និងកម្លាំងចិត្តដើម្បីបំរើការពារផលប្រយោជន៍ប្រជាជន សង្គមជាតិ និងគណបក្សប្រជាជនបន្តទៀត។
លោកស្រីបណ្ឌិតបានថ្លែងថា «ជោគជ័យនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ឆ្នាំ២០២៣កន្លងមកនេះមានតម្លៃធំធេងណាស់ នៅក្នុងការថែរក្សាការពារសន្តិភាព និងការអភិវឌ្ឍជាតិដូចនេះសមាជិក-សមាជិកាគណបក្សប្រជាជនកម្ពុជាទាំងអស់ ត្រូវបន្តការគាំទ្រឲ្យពេញទំហឹង ចំពោះគោលនយោបាយគណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្ស និងត្រូវចូលរួមអនុវត្តន៍ឲ្យសកម្មថែមទៀតជាមួយរាជរដ្ឋាភិបាលកម្ពុជាដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី ដើម្បីរួមចំណែកអភិវឌ្ឍប្រទេសជាតិ ឱ្យទទួលបានការរីកចម្រើន និងសម្បូររុងរឿងក្រោមដំបូលសុខសន្តិភាព»។
សូមបញ្ជាក់ថា តាមរបាយការណ៍ស្របស់ លោក ឡង គីសឹង ប្រធានគណៈកម្មាធិការគណបក្សស្រុកសន្ទុកបានឲ្យដឹង អគារស្នាក់ការគណបក្ស ស្ថិតក្នុងឃុំក្រយា ដែលសម្ភោធដាក់ឱ្យប្រើប្រាស់នៅពេលនេះ មានទទឹង ៧,២០ ម៉ែត្រ បណ្ដោយ ១២ ម៉ែត្រ, ក្នុងនោះក៏មានរបង២៥ម៉ែត្រ និងមានខ្លោងទ្វារ៤ម៉ែត្រ បន្ទប់ទឹកចំនួន១ខ្នង ២បន្ទប់ផងដែរ។
សំណង់នេះបានចាប់ផ្ដើមសាងសង់នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២២ បញ្ចប់ការសាងសង់នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣ ចំណាយថវិកាចំនួនសរុប២៦,០០០ដុល្លារ ជាអំណោយរបស់លោកបណ្ឌិត ជា ចាន់តូ និងលោកស្រី ខៀវ ស៊ីណា ដើម្បីជាចំណងដៃប្រវត្តិសាស្ត្រ ជូនមន្ត្រីជូនសមាជិកគណបក្ស និងប្រជាពលរដ្ឋ ក្នុងឃុំសម្រាប់ប្រើប្រាស់។
លោកស្រីបណ្ឌិត ជា សិរី ក៏បានអញ្ជើញទៅ កាត់ខ្សែបូរដាក់ឲ្យប្រើប្រាស់ជាផ្លូវការបន្ទប់កុំព្យូទ័រ និងប្រគល់កុំព្យូទ័រដល់វិទ្យាល័យតាំងក្រសាំងចំនួន៣០គ្រឿង និងវិទ្យាល័យហ៊ុនសែនសន្ទុកចំនួន២០
គ្រឿងដែលជាអំណោយផ្ទាល់របស់លោកស្រីបណ្ឌិត ដើម្បីជួយសម្រួលដល់ការសិក្សារបស់សិស្សានុសិស្ស ក្នុងវិទ្យាល័យទាំង២ផងដែរ។
លោកស្រីបណ្ឌិត ជា សិរី បានបញ្ជាក់ទៅកាន់ក្មួយៗសិស្សានុសិស្សថា ការទទួលបានបន្ទប់កុំព្យូទរ័ សម្រាប់សិក្សាមុខជំនាញកុំព្យូទ័រ របស់វិទ្យាល័យទាំង២នាពេលនេះជាមោទនភាព និងជាសមិទ្ធផលថ្មីមួយទៀតដែលមិនធ្លាប់មាន សម្រាប់សាលាទាំង២។
ជាមួយនេះលោកស្រីបណ្ឌិត បានបញ្ជាក់ថា ក្នុងសម័យប្រឡងឆ្នាំនេះបើសិស្សណាប្រឡងបាននិទ្ទេស A នោះនឹងទទួលបានអាហារូបករណ៍១០០% សិក្សានៅមណ្ឌលសិក្សាបច្ចេកទេសធនាគារ រួមទាំងកន្លែងស្នាក់នៅ និងមានប្រាក់ឧបត្ថម្ភមួយចំនួនទៀតផងដែរ៕