(កំពង់ធំ)៖ លោក នួន ផារ័ត្ន ប្រធានគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំ ថ្លែងថាគណបក្សប្រជាជនកម្ពុជា គឺជាគណបក្សដែលតែងតែគិតគូរនូវផលប្រយោជន៍របស់ប្រជាជន បម្រើផលប្រយោជន៍របស់ប្រជាជន ហើយក៏បើកបេះដូងស្វាគមន៍ទទួលពុកម៉ែបងប្អូនមករួមរស់ជាមួយគ្នា ក្នុងនាមជាគ្រួសារខ្មែរដោយក្ដីរីករាយ មិនប្រកាន់ពណ៌សម្បុរ ចាត់ទុកជាសាច់ញាតិ ជាបងប្អូនជាមួយគ្នា។
ប្រសាសន៍នេះត្រូវបានថ្លែងនៅក្នុងពិធីសំណេះសំណាល និងប្រកាសបញ្ចូលសមាជិកគណបក្សប្រជាជនកម្ពុជាចំនួន ២០១រូប ដែលសុទ្ធសឹងតែជាអតីតថ្នាក់ដឹកនាំសំខាន់ៗ នៃគណបក្សប្រឆាំង រួមមានគណបក្សភ្លើងទៀន គណបក្សកម្លាំងជាតិ និង គណបក្សឆន្ទៈខ្មែរ ដែលបានសម្រេចចិត្តវិលត្រឡប់មកចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា នារសៀលថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៤ នៅស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំ។
លោក នួន ផារ័ត្ន បន្ថែមទៀតថា ចក្ខុវិស័យ និងការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ជានិច្ចជាកាលតែងតែឈរនៅខាងប្រជាជន គិតគូរដល់ផលប្រយោជន៍របស់ប្រជា គ្រប់និន្នាការនយោបាយទាំងអស់ ហើយក៏ជាគណបក្សតែមួយគត់ដែលមានកម្លាំងសរុបច្រើន ឈរជើងយ៉ាងរឹងមាំ មានភាពចាស់ទុំខាងផ្នែកនយោបាយ សម្បូរធនធានមនុស្ស ធនធានថវិកា ធានាបាននូវសន្តិភាព និងស្ថិរភាព ។
លោកបន្តទៀតថា បន្ទាប់ពីពុកម៉ែបងប្អូនបានក្លាយជាសកម្មជនគណបក្ស សូមជួយផ្សព្វផ្សាយអំពីចំណុចខ្លាំង និងគោលនយោបាយរបស់បក្ស ព្រមទាំងសមិទ្ធផលនានារបស់គណបក្សឲ្យបានទូលំទូលាយ។
គួរបញ្ជាក់ថា សមាជិក សមាជិកាចំនួន ២០១នាក់ មកពីគណបក្សកម្លាំងជាតិគណបក្សភ្លើងទៀន និងគណបក្សបក្សឆន្ទៈខ្មែរ៕