(ភ្នំពេញ)៖ លោកសាស្ដ្រាចារ្យ ឈាង រ៉ា រដ្ឋមន្ដ្រីក្រសួងសុខាភិបាល បានថ្លែងអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវប្រុងប្រយ័ត្នខ្ពស់ពីបញ្ហាសុខភាព ជាពិសេសករណីជំងឺគ្រុនឈាម ក្នុងរដូវធ្លាក់ភ្លៀងនេះ។

ការថ្លែងដូច្នេះរបស់លោកសាស្ដ្រាចារ្យរដ្ឋមន្ដ្រី ក្នុងឱកាសអញ្ជើញចុះសួរសុខទុក្ខអ្នកជំងឺនៅតាមមូលដ្ឋានសុខាភិបាលជាច្រើន ដែលមានក្នុងខេត្ដចំនួន ៥ រួមមានខេត្ដក្រចេះ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី និងខេត្ដត្បូងឃ្មុំ ដែលជាបេសកកម្មរយៈពេល៣ថ្ងៃទី១៨-២០ ខែកក្កដា​ ឆ្នាំ២០២៤ ក្នុងឱកាសលោករដ្ឋមន្ដ្រី អញ្ជើញចុះពិនិត្យស្ថានភាព និងវឌ្ឍនភាពការងាររបស់មន្ដ្រីរបស់ខ្លួន ក្នុងបម្រើសេវាសុខាភិបាលជូនប្រជាពលរដ្ឋ។

លោកសាស្ដ្រាចារ្យរដ្ឋមន្ដ្រីបានថ្លែងថា «ជំងឺគ្រុនឈាម គឺកើតមានទាំងលើកុមារ និងមនុស្សចាស់ ដូច្នេះសូមប្រជាពលរដ្ឋយើង ត្រូវតែប្រុងប្រយ័ត្នចំពោះជំងឺនេះ ដែលវាធ្វើប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាព បើមកកាន់មន្ទីរពេទ្យយឺតពេល»។

លោកសាស្ដ្រាចារ្យរដ្ឋមន្ដ្រី ក៏បានណែនាំដល់អ្នកជំងឺផ្សេងទៀត រួមទាំងគ្រួសារអ្នកជំងឺ ដែលមកកំដរ សូមធ្វើការប្រុងប្រយ័ត្ន ព្រោះបើមូសខ្លាខាំពីអ្នកជំងឺគ្រុនឈាម វានឹងអាចចម្លងជំងឺនេះទៅកាន់មនុស្សម្នាក់ទៀត ដែលនៅក្បែរបរិវេណជុំវិញនោះ។

បើគិតត្រឹមរយៈពេល៦ខែដើមឆ្នាំ២០២៤នេះ ករណីជំងឺគ្រុនឈាមទូទាំងប្រទេសសរុបចំនួន ៦,៧៤២ករណី ស្លាប់២៣នាក់ ស្មើនឹង០.៣% បើប្រៀបធៀបនឹងឆ្នាំ២០២៣ ចំនួននេះ ប្រហាក់ប្រហែលគ្នាមានចំនួនសរុប ៦,៦៨៨ករណី ស្លាប់ចំនួន ២៣នាក់ដូចគ្នា។

តាមរយៈការតាមដានជំងឺគ្រុនឈាមបែបវិទ្យាសាស្ដ្រ ដែលបានគ្រោងទុក គឺបានឱ្យដឹងថា ជំងឺគ្រុនឈាមតែងតែមានវដ្ដផ្ទុះរបស់វា ៣ឆ្នាំ ទៅ៥ឆ្នាំម្ដង ដូច្នេះឆ្នាំនេះអាចមានការកើនឡើង ដូចកាលពីឆ្នាំ២០១៩ ដែលជាវដ្ដនៃការផ្ទុះជំងឺគ្រុនឈាម ដែលមានករណីច្រើនកើតច្រើន និងស្លាប់ច្រើន។

នៅឆ្នាំ២០២៤នេះ គឺចូលដល់វដ្ដ៥ឆ្នាំ ដែលគិតថាវាគួរជាឆ្នាំដែលមានចំនួនកើនឡើងច្រើនដូចគ្នានឹងឆ្នាំ២០១៩ ប៉ុន្ដែជាក់ស្ដែងក្រោមការយកចិត្ដទុកដាក់ខ្ពស់ និងចង្អុលបង្ហាញពីលោកសាស្ដ្រាចារ្យរដ្ឋមន្ដ្រី ឈាង រ៉ា គឺទូទាំងប្រទេស យើងបានធ្វើសកម្មភាពយ៉ាង ស្វាហាប់ និងគ្រប់ជ្រុងជ្រោយ ទាំងការអប់រំសុខភាព ការផ្សព្វផ្សាយផ្សេងៗ ការដាក់ថ្នាំអាបែត ដើរបាញ់ថ្នាំមូស ចូលរួមបំផុសឱ្យមានចលនាចូលរួមពីគ្រប់ស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរទាំងអស់ ចឹងយើងឃើញថា ចំនួនគ្រុនឈាមមកដល់ ៦ខែដើមឆ្នាំនេះ បានធ្លាក់ចុះច្រើនមែនទែន ដោយយើងមើលទៅស្ថានភាពនៅក្នុងឆ្នាំនេះ គឺធ្លាក់មកនៅកម្រិតស្ថានភាពមួយ ដែលហៅថាស្ថានភាពជំងឺគ្រុនឈាមជាប្រចាំធម្មតា ហើយខេត្ដដែលមានដង់ស៊ីតេប្រជាជនរស់នៅច្រើន អត្រាកើតជំងឺគ្រុនឈាម ក៏មានច្រើនដែរ។
នេះបើតាមការបញ្ជាក់របស់ប្រធានមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្ត្រ និងបាណកសាស្ត្រនៃក្រសួងសុខាភិបាល ប្រាប់បណ្ដាញព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី២១ ខែកក្កដា​ ឆ្នាំ២០២៤នេះ។

ជំងឺគ្រុនឈាម ជាជំងឺមួយដែលមិនមានថ្នាំពេទ្យណាមួយសម្រាប់សម្លាប់មេរោគជំងឺគ្រុនឈាមនោះទេ ប៉ុន្ដែជំងឺគ្រុនឈាម ជាជំងឺមួយដែលអាចបង្ការបាន តាមរយៈការរស់នៅស្អាត មានអនាម័យបរិស្ថាន និងការអនុវត្ដវិធានបង្ការជំងឺគ្រុនឈាម ទៅតាមអ្វីដែលក្រសួងសុខាភិបាល តែងតែបានផ្សព្វផ្សាយជូន គឺប្រសិនបើមានករណីក្ដៅខ្លួន សូមរួសរាន់ទៅរកសេវាព្យាបាលនៅតាមមន្ទីរពេទ្យរដ្ឋ ឬមូលដ្ឋានសាធារណៈ មានដូចជាមណ្ឌលសុខភាព មន្ទីរពេទ្យបង្អែក មន្ទីរពេទ្យខេត្ដ ដែលនៅជិតផ្ទះរបស់លោកអ្នក។

សូមកុំទុកឱ្យលើសពី ៤៨ម៉ោង ព្រោះថាបើយឺតយ៉ាវក្ដៅខ្លួនហើយរហូតដល់ទៅ៤៨ម៉ោង ឬ៧២ម៉ោង ឬ២ថ្ងៃ ទៅ៣ថ្ងៃ ជំងឺគ្រុនឈាមដែលចូលមកក្នុងដំណាក់ធ្ងន់ធ្ងរ មិនអាចសង្គ្រោះបាននោះទេ ។ដូច្នេះអ្វីដែលត្រូវអនុវត្ដនៅក្នុងរដូវភ្លៀងនេះ បើមានអាការៈក្ដៅខ្លួន ត្រូវសង្ស័យជំងឺគ្រុនឈាមមុនគេ ហើយរួសរាន់កុំបង្អង់យូរ កុំសាកល្បងព្យាបាលដោយខ្លួនឯង ឬទៅសេវាឯកជនផ្សេងៗដែលមិនមានជំនាញជំងឺគ្រុនឈាមនេះ ដែលនឹងបណ្ដាលឱ្យជំងឺវិវឌ្ឍទៅជាជំងឺធ្ងន់ធ្ងរ គ្រោះថ្នាក់ដល់ជីវិត។

សម្រាប់វិធានការពារ ត្រូវអនុវត្ដវិធានការកំចាត់ដង្កូវទឹកនៅក្នុងផ្ទះរបស់លោកអ្នក គឺត្រូវមើលទាំងអស់គ្រប់កន្លែង ដែលអាចដក់ទឹកបាន និងសម្ភារៈកែវចាន សំបកស្នោរ ដែលបែកបាក់ឈប់ប្រើប្រាស់ ជាពិសេសសំបកកង់ម៉ូតូ ដែលសុទ្ធតែជាកន្លែងដែលអាចដក់ទឹកបាន កាលណាមានដង្កូវទឹក គឺយើងបង្កើតនូវជម្រកមូសខ្លា ដែលបង្កកំណើតជាកូនចៅ។ មូសខ្លាចូលចិត្ដនៅទីដែលងងឹត ដូច្នេះផ្ទះរបស់យើងត្រូវមានពន្លឺចេញចូលគ្រប់គ្រាន់ ហើយត្រូវសម្រាកនៅក្នុងមុង ជាពិសេសពេលថ្ងៃ បើផ្ទះមានមូសច្រើន ព្រោះមូសខ្លា ភាគច្រើនខាំពីព្រលឹមៗ រហូតដល់ថ្ងៃលិចទៅវិញ ហើយបើសម្រាប់ ក្មេងៗគួរប្រើសម្លៀកបំពាក់ដៃជើងវែង ដើម្បីបង្ការមួយផ្នែកផងដែរ៕