(ភ្នំពេញ)៖ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានផ្ញើសាររំលែកទុក្ខជូនអ្នកឧកញ៉ា ឈុន លាង និងអ្នកឧកញ៉ា សំ អាង ចំពោះមរណភាពរបស់មហាសទ្ធាភិរ័ក្ខញាណ ហ៉ី ឡាយ អគ្គមហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍ ដែលជាឪពុកបង្កើតរបស់អ្នកឧកញ៉ា ឈុន លាង និងជាឪពុកក្មេកអ្នកឧកញ៉ា សំ អាង ស្ថាបនិកក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី ។
មហាសទ្ធាភិរ័ក្ខញាណ ហ៉ី ឡាយ អគ្គមហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍ បានទទួលមរណភាព នៅថ្ងៃសៅរ៍១៥ កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៤ វេលាម៉ោង៦៖១២នាទីព្រឹក ដោយជរាពាធ ក្នុងជន្មាយុ៩៧វស្សា។
ការបាត់បង់មហាសទ្ធាភិរ័ក្ខញាណ ហ៉ី ឡាយ អគ្គមហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍ គឺជាការបាត់បង់នូវឪពុកបង្កើត ឪពុកក្មេក ជីតា ជីតាក្មេក និងជីតាទួត ជាទីគោរពស្រឡាញ់ និងប្រកបដោយព្រហ្មវិហារធម៌ នៃកូនចៅ និងចៅទួតទាំងអស់ ដែលលោកមានគុណយ៉ាងធំធេង និងប្រកបដោយព្រហ្មវិហារធម៌បំផុតរបស់ក្រុមគ្រួសារ។
មរណភាពរបស់មហាសទ្ធាភិរ័ក្ខញាណ ហ៉ី ឡាយ អគ្គមហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍ គឺជាការបាត់បង់ពុទ្ធសាសនិកមួយរូប ដែលមានសទ្ធាជ្រះថ្លាយ៉ាងក្រៃលែង ដែលបានបូជាកម្លំាងកាយចិត្ត និងធនធាន ពេលវេលា ដើម្បីរួមចំណែកក្នុងការងារមនុស្សធម៌ និងទ្រទ្រង់លើកស្ទួយវិស័យព្រះពុទ្ធសាសនានៅប្រទេសកម្ពុជា។
ក្នុងវេលាពោរពេញដោយសមានទុក្ខដ៏សង្វេគនេះ សូមចូលរួមរំលែកមរណទុក្ខដ៏សែនក្រៀមក្រំបំផុតជាមួយ អ្នកឧកញ៉ាទាំងពីរ ព្រមទាំងក្រុមគ្រួសារទាំងមូល និងសូមគោរពបួងសួងដល់ដួងវិញ្ញាណក្ខន្ធរបស់ មហាសទ្ធាភិរ័ក្ខញាណ ហ៉ី ឡាយ អគ្គមហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍ សូមបានយោនយោគក្នុងទីឋានបរមសុខកុំបីឃ្លៀងឃ្លាតឡើយ៕