(ស្វាយរៀង)៖ សមត្ថកិច្ចជំនាញនៃការិយាល័យប្រឆាំងគ្រឿងញៀន កងរាជអាវុធហត្ថខេត្តស្វាយរៀង បានបញ្ជូនជនសង្ស័យប្រុសស្រីចំនួន៥នាក់ ទៅតុលាការ ពាក់ព័ន្ធករណីរក្សាទុក ជួញដូរសារធាតុញៀន ដើម្បីផ្ដន្ទាទោសតាមច្បាប់។
សមត្ថកិច្ចកងរាជអាវុធហត្ថខេត្តស្វាយរៀងបានឲ្យដឹងថា នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៤ រហូតដល់ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៤ ដោយមានការចង្អុលបង្ហាញពីលោកវរសេនីយ៍ឯក ឡឹក ចំរើន មេបញ្ជាការស្ដីទីកងរាជអាវុធហត្ថខេត្តស្វាយរៀង និងដោយមានការដឹកនាំសម្របសម្រួលនីតិវិធីពីលោក ឈីវ អ៉ីគង់ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តស្វាយរៀង បានបញ្ជាឱ្យកម្លាំងមន្ទីរស្រាវជ្រាវ និងបង្រ្កាបបទល្មើស កងរាជអាវុធហត្ថខេត្ត សហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងបាវិត និងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកចន្រ្ទា ដឹកនាំដោយលោកវរសេនីយ៍ឯក ស្រី វុត្ថា មេបញ្ជាការងទទួលជំនាញ បានធ្វើការបង្រ្កាបករណីរក្សាទុកឬជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចបុរី CK ផ្ទះល្វែងលេខ F06 ស្ថិតនៅភូមិតាបឹប សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។
ប្រភពបានបន្តថា រហូតដល់ម៉ោង៨យប់ ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៤ នៅចំណុចផ្ទះសំណាក់ថៃអាង២ ជាន់ទី៤ បន្ទប់លេខ៨២ ស្ថិតនៅភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង បានឃាត់ខ្លួនជនសង្ស័យចំនួន៥នាក់ ស្រីចំនួន១នាក់ ប្រុសចំនួន៤នាក់។
សមត្ថកិច្ចកងរាជអាវុធហត្ថបានបញ្ជាក់ថា ក្នុងប្រតិបត្តិការបង្ក្រាបគ្រឿងញៀននេះសមត្ថកិច្ចបានដកហូតវត្ថុតាងសរុប រួមមាន ម្សៅកញ្ចប់ពណ៌ក្រហម (សញ្ញារូបសេះ) ចំនួន២៤៣ កញ្ចប់ មានទម្ងន់ ១,៨៣៥.៥ ក្រាម ប្រភេទ អិចស្រ្តាស៊ី ក្រាមពណ៌សចំនួន៨ កញ្ចប់ មានទម្ងន់៩២,៨០ ក្រាម ប្រភេទ អិចស្រ្តាស៊ី ក្រាមម៉ត់ពណ៌សថ្លាចំនួន៣កញ្ចប់ ថ្នាំគ្រាប់ពណ៌ក្រហមចំនួន៤កញ្ចប់ មានទម្ងន់១៥,៩ ក្រាម ប្រភេទ អិចស្រ្តាស៊ី ម្សៅម៉ត់ពណ៌សចំនួន៦កញ្ចប់ មានទម្ងន់៣៤,១០ក្រាម ប្រភេទមេតំហ្វេតតាមីន ទូរស័ព្ទចំនួន១១គ្រឿង ម៉ូតូ ចំនួន១គ្រឿងជញ្ចីងសម្រាប់ថ្លឹងគ្រឿងញៀនចំនួន៣គ្រឿងអត្តសញ្ញាណប័ណ្ណវៀតណាមចំនួន ២សន្លឹក សម្ភារៈប្រើប្រាស់ និងសម្ភារៈវេចខ្ចប់គ្រឿងមួយចំនួន។
បច្ចុប្បន្ន ជនសង្ស័យនិងវត្ថុតាងត្រូវបានកម្លាំងជំនាញ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តស្វាយរៀង កសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តស្វាយរៀង៕