(ពោធិ៍សាត់)៖ ស្ថានភាពទឹកស្ទឹងពោធិ៍សាត់ គិតត្រឹមព្រឹកនេះ កម្ពស់ទឹកស្ទឹងពោធិ៍សាត់ មានកម្ពស់៤,៨២ម៉ែត្រ (ស្រកចុះ០,០៤ម៉ែត្រ) ខណៈកម្ពស់ប្រកាសអាសន្ន០៥ម៉ែត្រ, ស្ទឹងក្រវាញ មានកម្ពស់២,៧៩ម៉ែត្រ (កើនឡើង០,២៧ម៉ែត្រ) ខណៈកម្ពស់ប្រកាសអាសន្ន០៦ម៉ែត្រ, ស្ទឹងវាលវែង មានកម្ពស់២,១០ម៉ែត្រ (ស្រកចុះ១,១០ម៉ែត្រ) ខណៈកម្ពស់ប្រកាសអាសន្ន០៩ម៉ែត្រ និងទន្លេកំពង់លួង មានកម្ពស់១.៧៩ម៉ែត្រ (កើនឡើង០,២ម៉ែត្រ)។
នេះបើតាមរបាយការណ៍ របស់មន្ទីរធនធានទឹក ខេត្តពោធិ៍សាត់ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននាព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៤នេះ។
ក្នុងរបាយការណ៍នោះបានបន្តថា សីតុណ្ហភាព មានចន្លោះពី ២៥ °c - ៣៣ °c កម្ពស់ទឹកភ្លៀង២៤ម៉ោង មាន៣/៧ក្រុងស្រុក ក្នុងនោះក្រុងពោធិ៍សាត់ ១៥,៣មីលីម៉ែត្រ, ស្រុកវាលវែង ៣,៤មីលីម៉ែត្រ និងស្រុកក្រគរ ១៦,៣មីលីម៉ែត្រ។
ប្រសិនបេីភ្លៀងនៅតែបន្តធ្លាក់នៅប៉ែកខាងលេី នៃស្រុកវាលវែង ស្ថានភាពកម្ពស់ ស្ទឹងពោធិ៍សាត់ នឹងមានការកេីនឡេីងខ្ពស់ អាចឈានដល់កម្រិតមួយ ត្រូវប្រកាសអាសន្ន។
ដូច្នេះហើយ មន្ទីរធនធានទឹក នៅតែអំពាវនាវដល់ប្រជាពលរដ្ឋ ដែលរស់នៅតាមមាត់ស្ទឹង សូមបង្កើនការប្រុងប្រយ័ត្ន ខ្ពស់ ជាពិសេសកូនតូចៗ។
គួរជម្រាបជូនថា នាព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៤ ក្រសួងធនធានទឹក បានជម្រាបជូនអំពីស្ថានភាពធាតុអាកាស នៅព្រះរាជាណាចក្រកម្ពុជា ដោយទទួលរងនូវប្រព័ន្ធសម្ពាធទាប ជាមួយនឹងព្យុះមួយឈ្មោះ ហ្គូរាមី (Gaemi) គ្របដណ្តប់លើសមុទ្រចិន ខាងត្បូងមានឥទ្ធិពលលើសមុទ្រ Andaman ភាគកណ្តាលនិងខាងកើតឈូងសមុទ្រថៃ និងភាគកណ្តាលនៃអាងទន្លេមេគង្គ បណ្តាលឱ្យរបបខ្យល់មូសុង និរតីមានឥទ្ធិពលមកលើប្រទេសកម្ពុជា។
ស្ថានភាពបែបនេះនឹងធ្វើឱ្យ ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤ តំបន់វាលទំនាប ក្នុងនោះមានខេត្តពោធិ៍សាត់ អាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្តប់ លើផ្ទៃដី២៥% និងតំបន់ជួរភ្នំក្រវាញ អាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្តប់លើផ្ទៃដី៤៥%៕