(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា នៅថ្ងៃពុធនេះបានប្រកាសយ៉ាងច្បាស់ថា ចាប់ពីពេលនេះតទៅ ការជ្រើសរើសគ្រូបង្រៀនទាំងអស់នៅក្នុងប្រទេសកម្ពុជា ត្រូវឆ្លងកាត់ការប្រឡងជាមុនសិន ដោយមិនអនុញ្ញាតឱ្យជាប់ក្របខណ្ឌគ្រូដោយស្វ័យប្រវត្តិដូចមុនឡើយ ទោះបីជាសិស្សមាននិទ្ទេសអ្វីក៏ដោយ។
ការប្រកាសរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងនៅក្នុងពិធីជួបសំណេះសំណាលជាមួយសិស្សនិទ្ទេស A ទូទាំងប្រទេសសម្រាប់ឆ្នាំ២០១៦ ទាំង៤០៥នាក់ នៅវិមានសនិ្តភាព នាព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៦នេះ បន្ទាប់ពីមានសិស្សមួយភាគធំ ក្នុងចំណោមសិស្សទាំងនោះបានលើកដៃគាំទ្រឱ្យមានការប្រឡងគ្រូនេះ។
សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ការសម្រេចលើការជ្រើសរើសគ្រូបង្រៀនត្រូវឆ្លងកាត់ការប្រឡងទាំងអស់គ្នានេះ គឺដើម្បីបង្កើតស្តង់ដារមួយ និងផ្តល់ភាពយុត្តិធម៌ដល់សិស្សដែលទទួលបាននិទ្ទេស D និង E ។ សម្តេចហាក់បានប្រៀបសិស្សដែលទទួលបាននិទ្ទេស A ជាអ្នកខ្លាំងពិតប្រាកដដែលមិនគួរខ្លាចនៅក្នុងការប្រឡងនោះឡើយ។
សូមបញ្ជាក់ថា កាលពីឆ្នាំមុនៗ ខណៈដែលកម្ពុជាធ្វើកំណែទម្រង់ប្រព័ន្ធអប់រំ, ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសឱ្យសិស្សដែលប្រឡងជាប់និទ្ទេស A, B និង C ជាប់នៅក្នុងក្របខណ្ឌគ្រូដោយស្វ័យប្រវត្តិ ដោយមិនចាំបាច់ប្រឡងទេ នាគ្រាដែលសិស្សជាប់និទ្ទេសល្អ ក្រោយកំណែទម្រង់នៅ២ឆ្នាំកន្លងទៅនេះ មានចំនួនតិចតួចនៅឡើយ។
ប៉ុន្តែទោះជាយ៉ាងណា សម្រាប់ឆ្នាំ២០១៦នេះ ទោះបីជារឹតបន្តឹងយ៉ាងណាក្តី ក៏សិស្សនិទ្ទេសល្អ A, B និង C មានចំនួនច្រើនឡើងផងដែរ។ សិស្សជាប់និទ្ទេស A ឆ្នាំនេះមានរហូតដល់ចំនួន ៤០៥នាក់ ខណៈដែលសិស្សនិទ្ទេស B មានចំនួន ២,៨០១នាក់ និងនិទ្ទេស C មានចំនួន ៥,៥៩៥នាក់ ប៉ុន្តែតម្រូវការគ្រូបង្រៀនក្នុង ១ឆ្នាំៗមានត្រឹមតែប្រហែល ៣ពាន់នាក់ប៉ុណ្ណោះ៕