(មណ្ឌលគិរី-ត្បូងឃ្មុំ)៖ មួយថ្ងៃពេញចាប់ពីម៉ោងជាង ៧ព្រឹក រហូតដល់ម៉ោង ៧យប់ ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៤នេះ លោកសាស្ដ្រាចារ្យ ឈាង រ៉ា រដ្ឋមន្ដ្រីក្រសួងសុខាភិបាល បានដឹកនាំប្រតិភូសុខាភិបាលចុះពិនិត្យស្ថានភាព និងវឌ្ឍនភាពមូលដ្ឋានសុខាភិបាល ក្នុងការបម្រើសេវាជូនប្រជាពលរដ្ឋ នៅក្នុងខេត្ដចំនួន ២។
ក្នុងដំណើរស្វែងយល់ជាក់ស្តែងក្នុងខេត្ដមណ្ឌលគិរី លោករដ្ឋមន្ត្រីសុខាភិបាល បានចុះនៅមណ្ឌលសុខភាពសែនមនោរម្យ មណ្ឌលសុខភាពអូរអាម និងសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្ដ្រីសុខាភិបាលនៃរដ្ឋបាលខេត្ដមណ្ឌលគិរី។ សម្រាប់នៅខេត្ដត្បូងឃ្មុំ បានអញ្ជើចុះពិនិត្យមណ្ឌលសុខភាពស្លារ មន្ទីរពេទ្យបង្អែកស្រុកមេមត់ មន្ទីរពេទ្យមិត្ដភាពកម្ពុជា-ចិន ត្បូងឃ្មុំ និងបន្ដសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្ដ្រីសុខាភិបាលនៃរដ្ឋបាលខេត្ដត្បូងឃ្មុំ។
ដំណើរទស្សនៈស្វែងយល់ពីស្ថានភាពជាក់ស្ដែងក្នុងការបម្រើសេវាសុខាភិបាល ជូនប្រជាពលរដ្ឋនៅតាមមណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែកតាមបណ្ដាខេត្ដចំនួន២ខាងលើនេះ ក៏មានការអញ្ជើញចូលរួម ពីលោកអភិបាលខេត្ដចំនួនពីរខាងលើផងដែរ។
ក្នុងឱកាសចុះពិនិត្យមើលការងាររបស់មន្ត្រីក្រោមឳវាទបម្រើសេវាសុខាភិបាលជូនប្រជាពលរដ្ឋ លោកសាស្ត្រាចារ្យរដ្ឋមន្ត្រី ក៏បានសំណេះសំណាលសួរសុខទុក្ខអ្នកជំងឺ និងណែនាំពីបញ្ហាសុខភាពក្នុងរដូវធ្លាក់ភ្លៀងនេះ ពិសេសពីការពារជំងឺគ្រុនឈាម រួមទាំងពិនិត្យអាការៈរបស់អ្នកជំងឺដោយផ្ទាល់ផងដែរ។
បន្ទាប់់ពីចុះពិនិត្យមើលការងារតាមមូលដ្ឋានសុខាភិបាលក្នុងខេត្ដទាំង២នេះ លោកសាស្ដ្រាចារ្យរដ្ឋមន្ដ្រី ក៏បានផ្ដល់អនុសាសន៍គន្លឹះដល់មន្ដ្រីក្រោមឱវាទ ចំនួន ១០ចំណុច ដើម្បីការបំពេញកាតព្វកិច្ចការងារឱ្យកាន់តែមានភាពល្អប្រសើរ និងសុវត្ថិភាពខ្ពស់ដល់អ្នកជំងឺ និងប្រជាពលរដ្ឋ ដែលមកទទួលសេវាសុខភាពីមូលដ្ឋានរបស់ខ្លូន៖
១៖ យកចិត្តទុកដាក់លើការងារអនាម័យ និងសោភណ្ឌភាពក្នុងទីតាំងផ្តល់សេវាថែទាំព្យាបាល ដែលជាផ្នែកមួយដ៏សំខាន់មិនអាចខ្វះបាន ក្នុងការបង្កើនប្រសិទ្ធភាពការងារ និងទំនុកចិត្ដដល់ពីប្រជាពលរដ្ឋ
២៖ រាល់ឧបករណ៍សម្ភារៈបរិក្ខារដែលមានស្រាប់ ត្រូវឱ្យមានដំណើរការ ស្អាតបំពេញតម្រូវការ ទាំងបរិមាណ និងពិសេសគុណភាព ជាបន្តបន្ទាប់ លើសម្ភារៈបរិក្ខា ឱសថ។
៣៖ ពិនិត្យស្វែងយល់ពីសមត្ថភាពបុគ្គលិករបស់ខ្លួន អំពីចំនុចខ្លាំង និងចំនុចដែលត្រូវបំពេញ និងនាំមានការបណ្តុះបណ្តាលជាប់ជាប្រចាំ ទៀងទាត់ ទាំងក្នុងអង្គភាព ទាំងអន្តរអង្គភាព ទាំងក្នុងខេត្តខ្លួន និងអន្តរខេត្ត រហូតមកដល់ថ្នាក់ជាតិ។
៤៖ ខិតខំកត់ត្រាព័ត៌មានអ្នកជំងឺ ឱ្យបានគ្រប់ជ្រុងជ្រោយ និងថែរក្សា ឯកសារទាំងអស់ឱ្យបានល្អ គង់វង្ស។
៥៖ ត្រួតពិនិត្យ និងតាមដានជាប់ជាប្រចាំគ្រោះថ្នាក់នៃការឆ្លងរោគ ក្នុងទីតាំងថែទាំព្យាបាល តាមរយៈវិធានការបង្ការរោគ ដូចជាវិធានលាងសម្អាតដៃ ជាដើម។
៦៖ ត្រៀមបន្ទាន់ជាលក្ខណៈបច្ចេកទេស និងធនធានមនុស្ស ជួយប្រជាពលរដ្ឋពេលមានគ្រោះអាសន្នបន្ទាន់ ដូចជាគ្រោះថ្នាក់ចរាចរណ៍ លង់ទឹក ពស់ចឹក ជាដើម ។
៧៖ ត្រូវផ្តល់ឱកាស ឱ្យប្រជាពលរដ្ឋវាយតម្លៃ ទៅលើការផ្ដល់សេវាសុខាភិបាលរបស់យើង
៨៖ បង្កើនសមត្ថភាពថែទាំសម្ភារៈបរិក្ខារ និងអគារថែទាំព្យាបាល ឱ្យបានល្អ និងនៅរក្សាបានជាដំណើរការប្រកបដោយគុណភាព។
៩៖ ពង្រីកសេវាជាបន្តបន្ទាប់ ស្របតាមផែនទីបង្ហាញផ្លូវ ឆ្ពោះទៅរកការគ្របដណ្តប់សុខភាពជាសាកល។
១០៖ ការពង្រឹងអប់រំសុខភាព វិធីបង្ការ និងថែទាំសុខភាពទាំងក្នុងមូលដ្ឋានសុខាភិបាល ដល់ប្រជាពលរដ្ឋនៅក្នុងសហគមន៍។
ជាចុងក្រោយ លោកសាស្រ្តាចារ្យរដ្ឋមន្រ្តី ក៏បានថ្លែងនូវការអរគុណ និងវាយតម្លៃខ្ពស់ដល់មន្រ្តីសុខាភិបាលទាំងអស់ ដែលបានបានប្រឹងប្រែងកន្លងមក និងបន្ដធ្វើឱ្យបានកាន់តែល្អ ។ជាពិសេសលោកសាស្ដ្រាចារ្យរដ្ឋមន្ដ្រី ក៏បានណែនាំលើកទឹកចិត្ដ ដល់មន្រ្តីសុខាភិបាលគ្រប់លំដាប់ថ្នាក់ និងមន្រ្តីសុខាភិបាលទាំងអស់ត្រូវ មានស្មារតីរួបរួមគ្នា ចេះជួយគ្នា ចេះសម្របសម្រួល ចេះកែសម្រួលគ្នា សាមគ្គីភាព គោរពវិន័យការងារ ក្រមសីលធម៌វិជ្ជាជីវៈ ដែលជាផលប្រយោជន៍រួមធានា ការបម្រើសេវាប្រកបដោយគុណភាព សុវត្ថិភាព ប្រសិទ្ធភាព ស័ក្តិសិទ្ធភាព និងសមធម៌ ដើម្បីឈានទៅសម្រេចបាននូវការគ្របដណ្តប់សុខភាពជាសកល។
សូមជម្រាបថា បេសកកម្មចុះពិនិត្យស្ថានភាព និងវឌ្ឍនភាពការងារតាមមូលដ្ឋានសុខាភិបាល ដែលមានរយៈពេល៣ថ្ងៃ ក្នុងខេត្ដចំនួន៥ (ខេត្ដក្រចេះ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី និងខេត្ដត្បួងឃ្មុំ) ត្រូវបានបញ្ចប់ជាស្ថានពរ និងប្រកបដោយផ្លែផ្កា។ ហើយបើគិតត្រឹមម៉ោង១០៖០០នាទីយប់ ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៤នេះ គណៈប្រតិភូសុខាភិបាលខាងលើនេះ កំពុងធ្វើដំណើរទៅកាន់រាជធានីភ្នំពេញ៕