(ហ្សាកាតា)៖ អ្នកនាំពាក្យទីភ្នាក់ងារគ្រោះមហន្តរាយធម្មជាតិបានឲ្យដឹងថា ការវាយលុកដោយគ្រោះ ទឹកជំនន់ និងការរអិលបាក់ដីនៅភាគខាងលិចប្រទេសឥណ្ឌូណេស៊ី បានបណ្តាលឲ្យចំនួនអ្នកស្លាប់ កើនដល់១៧នាក់ បាត់ខ្លួនចំនួន០៩នាក់ និង៣២នាក់ទៀតបានបាត់ខ្លួន។ នេះបើតាមការផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួរ នៅមុននេះបន្តិចនារសៀលថ្ងៃពុធ ទី២១ ខែកញ្ញា ឆ្នាំ២០១៦។
លោក Sutopo Purwo Nugroho ដែលជាអ្នកនាំពាក្យទីភ្នាក់ងារខាងលើបានឲ្យដឹងទៀតថា គ្រោះទឹកជំនន់ បានកើតឡើងនៅម៉ោងប្រហែល ១៖០០នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃពុធ (ម៉ោងក្នុងទីក្រុងហ្សាកាតា) នៅតាមទីតាំងមួយចំនួនក្នុងសង្កាត់ Garut បន្ទាប់ពីទន្លេចំនួនពីរ នៅក្បែរនោះត្រូវបានជន់លិចដោយសារទឹកភ្លៀង ហើយមនុស្សចំនួន១៤នាក់បានបាត់បង់ជីវិត ០៨នាក់កំពុងបន្តបាត់ខ្លួន និងជាង១០០០នាក់ផ្សេងត្រូវបានបង្ខំឲ្យចាញចេញពីលំនៅដ្ឋានរបស់ពួកគេ។
លោក Sutopo Purwo Nugroho ក៏បានបន្ថែមទៀតថា នៅម៉ោង២២៖០០យប់ថ្ងៃអង្គារ (ម៉ោងនៅទីក្រុងហ្សាកាតា) ការរអិលបាក់ដី បានវាយប្រហារចំលើផ្ទះប្រជាជនចំនួនពីរខ្នង នៅក្នុងសង្កាត់ Sumedang ដែលបណ្តាលឲ្យមនុស្សបីនាក់ស្លាប់ រីឯម្នាក់នាក់ទៀតកំពុងបន្តបាត់ខ្លួន។
ប្រតិបត្តិការស្វែងរកជនរងគ្រោះដែលបានបាត់ខ្លួននៅតែបន្ត ហើយក្រុមសង្រ្គោះបន្ទាន់ បាននិងកំពុងតែរួសរាន់ជួយអ្នកដែលរងគ្រោះ ខណៈប្រជាជនមួយពាន់នាក់ត្រូវបានជម្លៀសចេញ ទៅកាន់ទីសុវត្ថិភាពដែលត្រូវបាន រៀបចំដោយរដ្ឋាភិបាល។ គួរបញ្ជាក់ថា ប្រទេសឥណ្ឌូណេស៊ី តែងទទួលរងការវាយប្រហារដោយ គ្រោះទឹកជំនន់និងការរអិលបាក់ដី ធ្ងន់ធ្ងរនៅពេលដែលមានភ្លៀងធ្លាក់ខ្លាំង៕