(កែប)៖ នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៤ អតីតបេក្ខជនឈរឈ្មោះក្រុមប្រឹក្សាគណបក្សភ្លើងទៀន និង ភ្នាក់ងារសង្កេតការណ៍ សង្កាត់កែប ក្រុងកែប ចំនួន៣រូប បានប្រកាសផ្តាច់ខ្លួនពីបក្សប្រឆាំង និងជនក្បត់ជាតិ សម រង្ស៉ី ដែលធ្លាប់រួមរស់ និងធ្វើសកម្មភាពនយោបាយបម្រើអស់ជាច្រើនឆ្នាំមកហើយ។
បេក្ខជនដែលបានប្រកាសផ្ដាច់ខ្លួនពីគណបក្សភ្លើងទៀន មកចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ដែលមានសម្ដេចតេជោ ហ៊ុន សែន ជាប្រធានគណបក្ស រួមមាន៖
១៖ លោកស្រី សួន ណាគ្រី
២៖ លោកស្រី តន់ សុខា
៣៖ លោក ទឹម វណ្ណចាន្នី។ ពួកគាត់ទាំង៣នាក់ បានប្រកាសគាំទ្រយ៉ាងពេញទំហឹងនូវព្រែកជីកហ្វូណនតេជោ និងប្រកាសថ្កោលទោស ទណ្ឌិត សម រង្ស៊ី ដែលជានិច្ចកាលតែងតែប្រឆាំងដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។
ទន្ទឹមនឹងការប្រកាសផ្តាច់ខ្លួនចេញពីក្រុមទណ្ឌិតក្បត់ប្រយោជន៍ជាតិហើយនោះ ពួកគេក៏បានសុំការអនុគ្រោះពីសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដើម្បីបានឱកាសរួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា បន្តសកម្មភាពនយោបាយទៅមុខបន្តទៀត។
ពេលនេះ ពួកគាត់បានមើលឃើញច្បាស់ដោយឥតសង្ស័យថា គណបក្សប្រជាជនកម្ពុជា គឺជាបក្សនយោបាយតែមួយគត់ ដែលមានគុណបំណាច់ដ៏ធំធេងសម្រាប់ជាតិ និងប្រជាជនកម្ពុជា ជាពិសេសសម្តេចតេជោ ហ៊ុន សែន ជាមេដឹកនាំដ៏ខ្លាំងពូកែដែលបានប្រឹងប្រែងរំដោះអាយុជីវិតជាតិ និងប្រជាជនពីរបបប្រល័យពូជសាសន៍នាថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩។ បន្ថែមពីលើនោះសម្តេចតេជោ បានប្រឹងប្រែងបញ្ចប់សង្គ្រាម បង្រួបបង្រួមជាតិ និងកសាងជាតិឱ្យរីកចម្រើនដូចពេលបច្ចុប្បន្ន។
អ្នកស្ម័គ្រស្មោះព្រោះចាញ់កលលួងលោមក្រុមប្រឆាំងជ្រុលនិយមបន្តថា គណបក្សប្រជាជនកម្ពុជាជាគណបក្សមានគោលនយោបាយច្បាស់លាស់ក្នុងការដឹកនាំជាតិ និងកសាងជាតិឆ្ពោះទៅរកភាពរុងរឿង ជាពិសេសបក្សប្រជាជនកម្ពុជាជាបង្អែក និងជាទីទុកចិត្តរបស់ប្រជាពលរដ្ឋក្នុងការធានារក្សាបានសុខសន្តិភាព និងស្ថិរភាពសង្គមដែលជាលក្ខខណ្ឌដ៏ចាំបាច់សម្រាប់ធានានូវការរស់នៅប្រកបដោយភាពរីករាយរបស់ប្រជាពលរដ្ឋ។
អតីតអ្នកស្មោះស្ម័គ្របក្សប្រឆាំងខាងលើនេះបានប្រកាសបម្រើ ការពារ ស្ម័គ្រស្មោះជាមួយបក្សប្រជាជន ដោយមិនឆោតល្ងង់ជឿតាមការអូសទាញរបស់ក្រុមប្រឆាំង ជាពិសេសមិនចាញ់បោកការអូសទាញរបស់ក្រុមប្រឆាំង ក៏ដូចជាបុគ្គល សម រង្ស៉ី ទៀតនោះឡើយ។
ពួកគាត់ក៏បានអំពាវនាវដល់អ្នកបម្រើបក្សប្រឆាំងទាំងអស់ឱ្យភ្ញាក់រលឹក និងឈប់ចាញ់បោកបក្សប្រឆាំងបន្តទៅទៀត ហើយចូលរួមសកម្មភាពនយោបាយជាមួយបក្សប្រជាជនកម្ពុជា ដើម្បីកសាងជាតិមាតុភូមិឱ្យរុងរឿង៕