(ពោធិ៍សាត់)៖ ទេសរដ្ឋមន្ដ្រី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានបញ្ជាក់ពីប្រតិបត្តិការរុករកឧទ្ធម្ភាគចក្រ១គ្រឿង រួមជាមួយមនុស្ស២នាក់ ដែលបានបាត់ដាននៅតំបន់ជួរភ្នំក្រវាញភូមិសាស្រ្តខេត្តពោធិ៍សាត់ និងខេត្តកោះកុង ដែលមានការលំបាកខ្លាំង ដោយសារបញ្ហាអាកាសធាតុ។
ថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៤នេះ ទេសរដ្ឋមន្ត្រី គន់ គីម បានឱ្យដឹងថា៖ «ក្នុងរយៈប្រតិបត្តិការរុករករយៈពេល៧ថ្ងៃ គឺមានការលំបាកប្រចាំថ្ងៃ ដោយសារតែបញ្ហាធាតុអាកាសភ្លៀងធ្លាក់ជាប់ ចុះអ័ព្ទ តាមផ្លូវអាកាសមិនអាចធ្វើសកម្មភាពបាន ធ្វើដំណើរក៏មិនបាន គឺការរុករបស់បងប្អូនគ្រប់ទីកន្លែង នៅតែមិនទាន់បានលទ្ធផលនៅឡើយទេ បងប្អូនកងទ័ពខិតខំណាស់»។
លោកទេសរដ្ឋមន្ត្រី គន់ គីម ដែលបានចូលផ្ទាល់សម្រាប់ប្រតិបត្តិការនេះ ក្នុងនាមគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ សូមកោតសសើរយ៉ាងខ្លាំង ចំពោះការខិតខំប្រឹងប្រែងរបស់កងទ័ព រួមជាមួយអាជ្ញាធរពាក់ព័ន្ធ បើទោះបីជាមានភ្លៀងធ្លាក់ ឬយយប់ ថ្ងៃ យ៉ាងណាក៏ដោយនៅតែខិតជម្នះតស៊ូ បំពេញភារកិច្ចរបស់ខ្លួនបន្ថែមទៀត ដើម្បីស្វែងរកឧទ្ធម្ភាគចក្រ រួមជាមួយអ្នកបាត់ខ្លួន។
បន្ថែមលើសនេះ ទេសរដ្ឋមន្ត្រី គន់ គីម បានគូសបញ្ជាក់ថា ក្នុងនាមជាគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានចាត់តាំងអគ្គលេខធិការ ដឹកនាំកម្លាំងដើម្បីសហការសម្របសម្រួលជាមួយកម្លាំងរុករកទាំងអស់។ ក្រុមការងារបានខិតខំដឹក ស្បៀងតាមផ្លូវអាកាសបញ្ជូនដល់កងទ័ពដែលកំពុងបំពេញប្រតិបត្តិការ។
លោកថា ដោយសារបញ្ហាភូមិសាស្ត្រ និងអាកាសធាតុទើបធ្វើឱ្យដំណើរការុករកជួបប្រទះការលំបាក តែទោះជាយ៉ាងណាកងទ័ព ព្រមទាំងកម្លាំងចូលរួមទាំងអស់មិនរុញរាជាដាច់ខាត ដើម្បីស្វែងរកឧទ្ធម្ភាគចក្រ និងមនុស្សដែលបានបាត់ខ្លួន តាមការងារជាក់ស្តែង។
សូមបញ្ជាក់ថា ដោយមានបទបញ្ជារបស់សម្តេចនាយករដ្ឋមន្ត្រី ការចង្អុលបង្ហាញរបស់ក្រសួងការពារជាតិ អគ្គបញ្ជាការ បញ្ជាការដ្ឋានកងទ័ពជើងគោក ចាប់ពីថ្ងៃទី១៣ រហូតដល់ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៤ ប្រតិបត្តិការរុករកឧទ្ធម្ភាគចក្រ ដែលបានបាត់ការទាក់ទង នៅតំបន់ព្រៃក្នុងស្រុកវាលវែង ខេត្តពោធិ៍សាត់។
ប្រតិបត្តិការនេះក្រោមការដឹកនាំបញ្ជាផ្ទាល់ពីសំណាក់ថ្នាក់ដឹកនាំសំខាន់ៗ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ, នាយឧត្តមសេនីយ៍ ខឹមជា សាខឿន រដ្ឋលេខាធិការក្រសួងការពារជាតិ, នាយឧត្តមសេនីយ៍ សឹង សំណាង អគ្គមេបញ្ជាការរង មេបញ្ជាការកងទ័ពអាកាស, ឧត្តមសេនីយ៍ឯក ហួត ឈាង មេបញ្ជាការរង នាយសេនាធិការ កងទ័ពជើងគោក, ឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជការរង នាយសេនាធិការ យោធភូមិភាគទី៥,ឧត្តមសេនីយ៍ទោ ស៊ុំ សំណាង មេបញ្ជាការ បញ្ជាការដ្ឋានទ័ពពិសេស បន្តដឹកនាំកម្លាំងជាង១០០០នាក់ រុករក ឧទ្ធម្ភាគចក្រ ដែលបានបាត់ការទាក់ទង និងសង្ស័យថាធ្លាក់ ក្នុងភូមិសាស្រ្តសុ្រកវាលវែង ខេត្តពោធិ៍សាត់។
បេសកកម្មប្រតិបត្តិការរុករកនេះ បានប្រើប្រាស់គ្រប់មធ្យោបាយរួមមាន៖ កងកម្លាំងរុករកពីខាងលើ តំបន់ព្រៃដោយប្រើប្រាស់ឧទ្ធម្ភាគចក្រ យន្តហោះដ្រូន និងកម្លាំងថ្មើរជើងចូលទៅកាន់តំបន់ព្រៃក្រាស់ ជ្រោះជ្រលងភ្នំ បើទោះបីជួបការលំបាក ដោយអាកាសធាតុ មានភ្លៀងធ្លាក់ច្រើនយ៉ាងណាក្តី កងកម្លាំងរុករក នៅតែបន្តប្រតិបត្តិការ ប្រកបដោយភាពទទួលខុសត្រូវ តាមបទបញ្ជា។
កាលពីរសៀល ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤ មានករណីឧទ្ធម្ភាគចក្រយោធាមួយគ្រឿង បានបាត់ការទាក់ទង នៅតំបន់ជួរភ្នំក្រវាញ ខណៈពេលកំពុងហ្វឹកហ្វឺនការហោះហើរ។ នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា បានបញ្ជាក់ថា ក្នុងឧទ្ធម្ភាគចក្រ ១គ្រឿងនោះ មានមនុស្សតែ២នាក់ប៉ុណ្ណោះ គឺប្រធានក្រុម និងអ្នកបើក៕