(ភ្នំពេញ)៖ ព្រះសង្ឃអាចបួសបាន អាចសិក្សារៀនសូត្រព្រះធម៌ ហើយប្រជាពលរដ្ឋមានសិទ្ធិសេរីភាពពេញលេញក្នុងការប្រតិបត្តិជំនឿសាសនារបស់ខ្លួន ដោយសារតែកត្តាសុខសន្តិភាពពេញលេញ ដែលកម្ពុជាសម្រេចបានដោយការអនុវត្តនយោបាយឈ្នះ-ឈ្នះដាក់ចុះដោយសម្តេចតេជោ ហ៊ុន សែន។
នេះគឺជាការថ្លែងរបស់លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ ក្នុងឱកាសនាំយកនូវទៀន ព្រះវស្សា រួមជាមួយគ្រឿងឧបភោគបរិភោគ និងបច្ច័យទៅវេរប្រគេនដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សាចំនួន១២វត្ត ស្ថិតក្នុងក្រុងក្រចេះ ខេត្តក្រចេះ។
ពិធីប្រគេនទៀនព្រះវស្សារបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ បានធ្វើឡើងនៅវត្តសិរីសន្ធរវង្ស ក្រុងក្រចេះ នារសៀលថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៤ ដោយមានការចូលរួមពីលោក វ៉ា ថន អភិបាលខេត្តក្រចេះ លោក ហឿ ស៉ីយ៉ែម ប្រធានក្រុមប្រឹក្សាខេត្តក្រចេះ រួមទាំងថ្នាក់ដឹកនាំក្រសួងព័ត៌មាន អាជ្ញាធរដែនដី មន្ត្រីរាជការ ប្រជាពលរដ្ឋជាពុទ្ធបរិស័ទចំណុះជើងវត្តជិតឆ្ងាយយ៉ាងច្រើនកុះករ។
លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានថ្លែងថាដោយសារតែកត្តាសុខសន្តិភាព យើងមានឱកាសធ្វើអ្វីៗបានទាំងអស់។ វិស័យព្រះពុទ្ធសាសនា និងសាសនាដទៃទៀតដែលនៅកម្ពុជា មានការរីកចម្រើនយ៉ាងខ្លាំង ក្រោមដំបូលសុខសន្តិភាព ដែលជាផលកើតចេញពីការខិតខំប្រឹងប្រែងរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ដែលបានដឹកនាំនាវាកម្ពុជាពីគ្មានសាសនាមកមានសាសនាយ៉ាងច្រើននៅកម្ពុជា ហើយរាជរដ្ឋាភិបាលនីតិកាលទី៧ ដែលមានសម្តេចធិបតី ហ៊ុន ម៉ាណែត ជាប្រមុខបាននិងកំពុងបន្តនូវបេសកកម្មដ៏ជ្រះថ្លានេះ។
កម្ពុជានឹងបន្តប្រកាន់យកនូវគុណតម្លៃ គុណធម៌ និងទស្សនវិជ្ជារបស់ព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ ក៏ដូចជាបន្តប្តេជ្ញាថែរក្សាសុខដុមនីយកម្ម សាសនា ដែលមានវត្តមាននៅកម្ពុជា ហើយប្រជាជនកម្ពុជាទាំងអស់នឹងបន្តទទួលបាននូវសេរីភាពខាងសាសនាដូចមានចែងក្នុងរដ្ឋធម្មនុញ្ញ៕