(កំពង់ធំ)៖ លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម អមដំណើរដោយថ្នាក់ដឹកនាំ មន្ត្រីបច្ចេកទេសក្រសួង និងមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ធំ នាថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៤នេះ បានដឹកនាំគណៈប្រតិភូធនាគារអភិវឌ្ឍន៍អាស៊ី (ADB) មកពីស្នាក់ការកណ្តាលក្នុងទីក្រុងម៉ានីល ប្រទេសហ្វីលីពីន ដឹកនាំដោយលោកស្រី Chantale Wong នាយកប្រតិបត្តិ ចុះពិនិត្យវឌ្ឍនភាពការងារដែលសម្រេចបាននាពេលកន្លងមកនៅតាមបណ្តាប្រព័ន្ធធារាសាស្ត្រនានា ស្ថិតក្នុងភូមិសាស្ត្រខេត្តកំពង់ធំ។
ក្នុងឱកាសនោះ លោករដ្ឋមន្ត្រី និងគណៈប្រតិភូក្រុមបេសកកម្មធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានចុះពិនិត្យវឌ្ឍនភាពសម្រេចបាននៃប្រព័ន្ធធារាសាស្ត្រស្ទឹងជីនិត និងប្រព័ន្ធធារាសាស្ត្រតាំងក្រសាំង ក្រោមហិរញ្ញប្បទានពីធនាគារអភិវឌ្ឍន៍អាស៊ី ស្ថិតក្នុងស្រុកសន្ទុក ខេត្តកំពង់ធំ។
សូមជម្រាបថា ក្រោមហិរញ្ញប្បទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ប្រព័ន្ធធារាសាស្ត្រស្ទឹងជីនិត និងប្រព័ន្ធធារាសាស្ត្រតាំងក្រសាំង បានក្លាយជាប្រព័ន្ធធារាសាស្ត្រមួយ ដែលមានលក្ខណៈគ្រប់ជ្រុងជ្រោយ មានប្រភពទឹកខួបប្រាំងខួបវស្សា សម្រាប់បម្រើឱ្យគ្រប់វិស័យប្រកបដោយនិរន្តរភាព ជាពិសេសមានសក្តានុពលខ្ពស់ជាអតិបរមាក្នុងការស្រោចស្រពផ្ទៃដីបង្កបង្កើនផលបាន៣ដងក្នុង១ឆ្នាំ មានប្រព័ន្ធប្រឡាយខ្វាត់ខ្វែងបង្កលក្ខណ:ងាយស្រួលដល់ការចែកចាយទឹកប្រកបដោយសមធម៌។ ខណៈខ្នងប្រឡាយបានក្លាយជាផ្លូវគមនាគមន៍ធ្វើដំណើរពីភូមិមួយទៅភូមិមួយទៀត និងជាតំបន់អេកូទេសចរណ៍ដ៏ទាក់ទាញក្នុងតំបន់ផងដែរ។
គណៈប្រតិភូក្រុមបេសកកម្មធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានថ្លែងនូវការកោតសរសើរ និងបានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពការងារដែលសម្រេចបានជោគជ័យដ៏ត្រចះត្រចង់នាពេលកន្លងមក ព្រមទាំងបានបញ្ជាក់ពីជំហរច្បាស់លាស់ក្នុងការបន្តកិច្ចសហប្រតិបត្តិការយូរអង្វែងជាមួយក្រសួងធនធានទឹក និងឧតុនិយម ដើម្បីបន្តកិច្ចអភិវឌ្ឍន៍លើវិស័យធនធានទឹក និងធានាបាននូវសន្តិសុខសុវត្ថិភាពទឹកជាបន្តបន្ទាប់។
សូមបញ្ជាក់ថា បន្ទាប់ពីការជួសជុលស្តារឡើងវិញសំណង់បង្ហៀរទឹកប្រវែង ៧២០ម៉ែត្រ អាងទឹកស្ទឹងជីនិតមានសក្តានុពលអាចស្ដុកទឹកបានប្រមាណ ៤៥លានម៉ែត្រគូបដែលជាប្រភពទឹករស់ និងមានលទ្ធភាពផ្ដល់ទឹកស្រោចស្រពដល់ផ្ទៃដីបង្កបង្កើនផលប្រមាណ ១៦០០០ហិកតានៅក្នុងស្រុកចំនួន៣ នៃខេត្តកំពង់ធំ។ ដោយឡែក អាងទឹកតាំងក្រសាំងនៃប្រព័ន្ធធារាសាស្ត្រតាំងក្រសាំងដែលមានប្រឡាយតភ្ជាប់គ្នាបំពេញឱ្យគ្នាទៅវិញទៅមកជាមួយអាងទឹកស្ទឹងជីនិត មានលទ្ធភាពផ្គត់ផ្គង់ទឹកសម្រាប់ស្រោចស្រពលើផ្ទៃដីបង្កបង្កើនផលកសិកម្មប្រមាណ ១២០០០ហិកតា ក្នុងឃុំចំនួន៥ នៃស្រុកសន្ទុក៕