(ភ្នំពេញ)៖ ក្រោយពីការចុះទៅហាមឃាត់ និងធ្វើកិច្ចសន្យា ឲ្យម្ចាស់សំណង់មួយកន្លែង ដែលកំពុងសង់រំលោភលើចំណីផ្លូវជាតិលេខ៣ ភូមិព្រៃព្រីងខាត្បូង២ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រុះរើចេញដោយខ្លួនឯង តែមិនព្រមរុះរើ ហើយគំរាមប្រើដុំថ្មគប់ទៅលើកម្លាំងអាជ្ញាធរទៀតនោះ ទើបនៅវេលារសៀលថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៤ លោក សក់ ច័ន្ទកាញ្ញារិទ្ធ អភិបាលខណ្ឌពោធិ៍សែនជ័យ បានដាក់កម្លាំងចុះទៅធ្វើការរុះរើសំណង់ខាងលើនោះតែម្ដង។
នៅក្នុងពេលចុះទៅអនុវត្តន៍ការរុះរើនោះ ពុំមានការប៉ះទង្គិចគ្នារវាងកងកម្លាំង និងម្ចាស់ផ្ទះដូចជាការគម្រាមនោះទេ ដោយកម្លាំងអាជ្ញាធររុះរើបានសម្រេចដោយរលូន។
មិនតែប៉ុណ្ណោះដើម្បីស្មើភាពគ្នា ពលរដ្ឋបានលើកឡើងផងដែរថា អាជ្ញាធរត្រូវតែទប់ស្កាត់កុំឲ្យមានសំណង់រំលោភលើចំណីផ្លូវកើតឡើងថ្មី ហើយត្រូវតែបន្តរុះរើសំណង់ដែលបានសង់រួចកាលពីមុនឆ្នាំ២០២៤ផង។
សូមជម្រាបជូនថា អាជ្ញាធរខណ្ឌពោធិ៍សែនជ័យបានប្រាប់ថា ម្ចាស់សំណង់ខាងលើឈ្មោះ ហ៊ុល ភា គាត់បានសាងសង់សំណង់រំលោភលើចំណីផ្លូវជាតិលេខ៣ ហើយនៅវេលាព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤ មានប្រជាពលរដ្ឋច្រើននាក់ បានប្ដឹងសុំឲ្យអាជ្ញាធរខណ្ឌចេញអន្តរាគមន៍ឃាត់ជាបន្ទាន់ ចៀសវាងពេលដែលសំណង់នោះសង់រួចរាល់ ពិបាកដោះស្រាយ។ ក្រោយមកនៅវេលារសៀលថ្ងៃដដែល លោក សក់ ច័ន្ទកាញ្ញារិទ្ធ អភិបាលខណ្ឌពោធិ៍សែនជ័យ បានបញ្ជាឲ្យលោកឈួន ឆាយ៉ារិទ្ធ នាយករដ្ឋបាលខណ្ឌដឹកនាំកម្លាំងចុះទៅហាមឃាត់ និងឲ្យម្ចាស់រុះរើ។
អាជ្ញាធរបានប្រាប់ទៀតថា ពេលទៅដល់កម្លាំងបានធ្វើការវាស់វែងឃើញថា សំណង់ខាងលើសង់រំលោភចំណីផ្លូវ ៥,៥០ម៉ែត្រ ទើបលោក ឈួន ឆាយ៉ារិទ្ធ ប្រាប់ឲ្យជាងផ្អាកការសាងសង់ និងសុំជួបម្ចាស់ទីតាំង។ ខណៈនោះស្រាប់តែម្ចាស់ទីតាំង មានប្រុស មានស្រី ចេញមកស្រែកឡូឡាឡាំប៉ា ជេរអាជ្ញាធររយៈពេល១ម៉ោងទើបឈប់ ហើយអាជ្ញាធរមិនបានតបតនោះឡើយ។ ក្រោយមកអាជ្ញាធរបានធ្វើការពន្យល់ឲ្យគាត់បានយល់ពីច្បាប់សាងសង់ និងធ្វើកិច្ចសន្យាបញ្ឈប់ការសាងសង់ និងរុះរើសំណង់ចេញវិញ។
អាជ្ញាធរបានឲ្យគាត់រុះរើចេញវិញនៅថ្ងៃទី២០ ខែកក្កដា ពេលនោះគាត់បានយល់ព្រមផ្ដិតមេដៃបញ្ឈប់ការសាងសង់ ប៉ុន្តែមិនយល់ព្រមផ្ដិតមេដៃធ្វើការរុះរើនោះទេ ហើយបានគំរាមថា បើអាជ្ញាធរហ៊ានធ្វើការរុះរើនោះគាត់ និងយកដុំថ្មគប់ទៅលើជាងដែលមកធ្វើការរុះនោះតែម្ដង។ រហូតមកដល់ថ្ងៃទី២០ ខែកក្កដា គាត់អត់ព្រមរុះចេញមែន ទើបលោកអភិបាលខណ្ឌដាក់កម្លាំងចុះទៅធ្វើការរុះរើតែម្ដង។
លោក សក់ ច័ន្ទកាញ្ញារិទ្ធ បានថ្លែងថា ក្នុងឆ្នាំ២០២៤ ឈប់ឲ្យមានការសាងសង់សំណង់រំលោភចំណីផ្លូវកើតឡើងថ្មីទៀតហើយ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យមានវិធានការរក្សាចាស់ មិនឲ្យបង្កើតថ្មីនោះទេ ដើម្បីងាយស្រួលចាត់វិធានការរុះរើ សំណង់ចាស់ ដែលសង់រំលោភចំណីផ្លូវរួចកន្លងមក ធ្វើយ៉ាងណាសម្អាតឲ្យស្អាតចេញពីដំណីផ្លូវ ឲ្យផ្លូវមានសោភ័ណភាព លុបបំបាត់ភាពអនាធិបតេយ្យ៕