(ភ្នំពេញ)៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រី ក្រសួងព័ត៌មានបានលើកទឹកចិត្តឱ្យក្រុមហ៊ុន វ័នរ៉ូដគ្រុប របស់ប្រទេសចិន បន្តប្រកាន់ខ្ជាប់នូវគោលគំនិតនៃការបង្កើតថ្មី និងការអភិវឌ្ឍប្រកបដោយនិរន្តរភាព និងរួមចំណែកបន្ថែមទៀតដល់ឧស្សាហកម្មបៃតងរបស់ប្រទេសកម្ពុជា។
លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា លើកឡើងនេះក្នុងឱកាសអញ្ជើញជាអធិបតីសម្ពោធមជ្ឈមណ្ឌលតាំងបង្ហាញរថយន្ត ZEEKR (ហ្ស៉ីកខឺរ) របស់ក្រុមហ៊ុនវ័នរ៉ូដគ្រុប ស្ថិតតាមបណ្តោយផ្លូវព្រះមុនីវង្ស រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៤។
លោក នេត្រ ភក្រ្តា បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជាបាននិងកំពុងអនុវត្ត «យុទ្ធសាស្រ្តអភិវឌ្ឍន៍រយៈពេលវែងប្រកបដោយអព្យាក្រឹត្យកាបូន» ដើម្បីការកាត់បន្កយការបញ្ចេញឧស្ម័នពីវិស័យថាមពល ការដឹកជញ្ជូន ការលើកកម្ពស់ប្រសិទ្ធភាពថាមពល និងចូលរួមបង្កើនការងារបន្ថែមប្រមាណ ៤៤៩,០០០កន្លែង នៅឆ្នាំ២០៥០។
លោករដ្ឋមន្ត្រីថ្លែងនូវការអបអរសាទរយ៉ាងកក់ក្តៅចំពោះក្រុមហ៊ុន វ័នរ៉ូដគ្រុប ដែលបានបោះជំហានដ៏សំខាន់មួយទៀតនៅក្នុងទីផ្សាររថយន្តនៅក្នុងប្រទេសកម្ពុជា។ ជាមួយនឹងការរីកចម្រើនឥតឈប់ឈរនៃបច្ចេកវិទ្យាសកល ឧស្សាហកម្មរថយន្តក៏កំពុងមានការផ្លាស់ប្តូរជាបន្តបន្ទាប់ ជាពិសេស រថយន្តដែលប្រើបច្ចេកវិទ្យាឆ្លាតវៃ និងប្រើប្រាស់ថាមពលថ្មី ដែលកំពុងទទួលបានការចាប់អារម្មណ៍ពីសំណាក់អ្នកប្រើប្រាស់ជាទូទៅជុំវិញពិភពលោក ក្នុងនោះក៏មានរថយន្ត ZEEKR នេះផងដែរ។
លោករដ្ឋមន្រ្តីចាត់ទុករថយន្តនេះ មិនត្រឹមតែអាចកាត់បន្ថយការប្រើប្រាស់លើឥន្ធនៈហ្វូស៊ីល និងកាត់បន្ថយការបំភាយឧស្ម័នកាបូនប៉ុណ្ណោះទេ ប៉ុន្តែសំខាន់ជាងនេះទៅទៀត វាក៏រួមចំណែកនៅក្នុងការពង្រីកមធ្យោបាយធ្វើដំណើរបៃតងនៅកម្ពុជា និងពិភពលោកផងដែរ។ លោករដ្ឋមន្រ្តីជឿជាក់ថា នាពេលអនាគត ប្រជាជនកម្ពុជាកាន់តែច្រើនឡើងៗនឹងពិចារណាប្តូរ មកប្រើប្រាស់រថយន្តអគ្គិសនី និងចូលរួមថែរក្សាបរិស្ថានដូចជារថយន្ត ZEEKR នេះ។
តាមរយៈការសម្ពោធមជ្ឈមណ្ឌលតាំងបង្ហាញ របស់ ZEEKR នៅកម្ពុជានាពេលនេះ លោករដ្ឋមន្ត្រីបានបន្ថែមថា ការមកដល់របស់ ZEEKR នឹងធ្វើឱ្យទីផ្សាររថយន្តថ្មីនៅកម្ពុជាកាន់តែមានភាពសម្បូរបែប និងចូលរួមជំរុញការអភិវឌ្ឍវិស័យរថយន្តថាមពលថ្មីឱ្យកាន់តែរីកចម្រើនខ្លាំងឡើង រួមទាំងផ្តល់ឱ្យប្រជាជនកម្ពុជានូវជម្រើសថ្មីៗ និងប្រកបដោយភាពទំនើបក្នុងការធ្វើដំណើរ។
បើតាមការបញ្ជាក់របស់ លោក Kevin Luo នាយកប្រតិបត្តិ និងជាស្ថានិកក្រុមហ៊ុន Oneroad Group (Cambodia) Co., Ltd. បានឱ្យដឹងថា ZEEKR គឺជាម៉ាកយីហោថ្មីមួយ ការរចនាបទរបស់ ZEEKR គឺជាការប្រើបច្ចេកវិទ្យាថ្មីចុងក្រោយគេបង្អស់ប្រកបដោយភាពឆ្នៃប្រឌិត ដើម្បីបង្កើតបទពិសោធន៍ជីវិតក្នុងការធ្វើដំណើរ និងបំពេញតម្រូវការរបស់អ្នកប្រើប្រាស់ក្នុងយុគសម័យថ្មីសម្រាប់ការធ្វើដំណើរដ៏ប្រណិត។ លោកបន្តថា ចាប់តាំងពីការបង្កើតម៉ាកនេះក្នុងឆ្នាំ២០២១ ក្រុមហ៊ុនបានបើកដំណើរការចំនួន៥ម៉ូឌែល ហើយមកដល់ពេលនេះ បរិមាណចែកចាយទូទាំងពិភពលោករបស់ក្រុមហ៊ុនមានជាង២៨ម៉ឺនគ្រឿង ដែលបង្កើតកំណត់ត្រាសម្រាប់ការចែកចាយលឿនបំផុតនៃម៉ាករថយន្តអគ្គិសនីរបស់ប្រទេសចិន។
សូមជម្រាបជូនថា នៅសប្តាហ៍មុន ZEEKR ត្រូវបានចាប់ផ្តើមលក់ចែកចាយជាផ្លូវការនៅក្នុងប្រទេសថៃ។ អស់រយៈពេលពាក់កណ្តាលឆ្នាំនេះ បានចូលទីផ្សារប្រទេសឡាវ មីយ៉ាន់ម៉ា និងហ្វីលីពីន ហើយពាក់កណ្តាលឆ្នាំនេះ ត្រូវបានដាក់លក់នៅក្នុងប្រទេសកម្ពុជា សិង្ហបុរី ម៉ាឡេស៉ី ឥណ្ឌូណេស៉ី និងវៀតណាម៕