(សៀមរាប)៖ អ្នកឧកញ៉ាបណ្ឌិត ជា រតនា ទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាអនុប្រធានក្រុមការងារចុះមូលដ្ឋានក្រុងសៀមរាប នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៤នេះ បាននាំយកទៀនចំណាំព្រះវស្សា ទេយ្យវត្ថុ និងបច្ច័យ ដើម្បីវេរប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សាដល់វត្តចំនួន ៤៦ នៅក្រុងសៀមរាប។
ពិធីនេះក៏មានការចូលរួមពី លោកស្រី ខៀវ បុប្ផាផល ឥត សារ៉ាត់ តំណាងលោក ឧត្តមសេនីយ៍ ឥត សារ៉ាត់ រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្ត និងជាប្រធានក្រុមប្រធានក្រុមការងារចុះមូលដ្ឋានក្រុងសៀមរាប និងលោក តោ គឹមស៊ាន សមាជិកក្រុមប្រឹក្សាខេត្ត, លោក លី សារី អភិបាលរងខេត្ត រួមទាំងលោក លោកស្រី ជាសមាជិកក្រុមការងាររាជរដ្ឋាភិបាល សមាជិកក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត និងលោក លោកស្រីជាថ្នាក់ដឹកនាំមន្ទីរ អង្គភាព និងមន្ត្រីរាជការជុំវិញខេត្ត ពុទ្ធបរិស័ទ និងប្រជាពលរដ្ឋ ដែលរៀបចំឡើងនៅវត្តរាជបូណ៌ សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប។
សម្តេចព្រះព្រហ្មរតនមុនី ពិន សែម សិរីសុវណ្ណោ គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា បានសំដែងឲ្យដឹងថា អំពីទំនៀមទម្លាប់ប្រពៃណីព្រះពុទ្ធសាសនា ពិធីបុណ្យចូលព្រះវស្សានេះ មានរយៈពេល៣ខែ ដោយចាប់ផ្ដើមពីថ្ងៃ១រោច ខែអាសាឍ ហើយបញ្ចប់ទៅវិញនៅថ្ងៃ១៥កើត ខែអស្សុជ តាមព្រះវិន័យព្រះពុទ្ធសាសនា ដែលបានកំណត់ថា ព្រះសង្ឃមិនអាចនិមន្តចេញទៅបិណ្ឌបាត្រនៅខាងក្រៅឆ្ងាយៗវត្តបានឡើយ ដោយគង់នៅចាំព្រះវស្សា ក្នុងទីវត្តអារាម រហូតពេញមួយត្រីមាស។
អ្នកឧកញ៉ាបណ្ឌិត ជា រតនា បានពាំនាំនប្រសាសន៍ផ្តាំផ្ញើនូវការសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធិសភា និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ធមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចពិជ័យសេនា ទៀ បាញ់ ព្រមទាំងនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារ ជាតិ ជូនចំពោះព្រះសង្ឃ និងបងប្អូនប្រជាពុទ្ធបរិស័ទក្នុងក្រុងសៀមរាប។
អ្នកឧកញ៉ាបណ្ឌិត បានលើកឡើងថា ព្រះពុទ្ធសាសនា គឺជាសាសនារបស់រដ្ឋ ដែលយើងទាំងអស់គ្នាមានជំនឿ និងគោរពប្រតិបត្តិព្រះពុទ្ធសាសនា បានផ្តល់ការអប់រំផ្លូវចិត្ត ឲ្យប្រព្រឹត្តនូវអំពើល្អ និងចេះជួយយកអាសាគ្នា សាមគ្គីភាពរស់នៅក្នុងសង្គមមួយដោយសុខដុមរមនា។ អ្នកឧកញ៉ាបណ្ឌិត បន្តថា នៅរៀងរាល់ឆ្នាំ ពុទ្ធបរិស័ទ្ធ និងសប្បុរសជន ក៏ដូចរដ្ឋបាលខេត្ត ក៏តែងតែនាំយកនូវទៀនចំណាំព្រះវស្សា មកវេរប្រគេន ដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សា នៅតាមទីវត្តអារាមនានាទូក្នុងខេត្តសៀមរាប ហើយក៏ជាការបង្ហាញនូវការយកចិត្តទុកដាក់គាំទ្រ ផ្នែកវិស័យពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ។
អ្នកឧកញ៉ាបណ្ឌិត ជា រតនា បានបន្តថា ទីវត្តអារាម ជាមូលដ្ឋានគ្រឹះនៃអក្សរសាស្ត្រខ្មែរ ដែលជាជង្រុកនៃសម្បត្តិវប្បធម៌ជាតិ និងជាថ្នាលបណ្តុះបណ្តាលនូវធនធានមនុស្សទាំងវិស័យអាណាចក្រ និងពុទ្ធចក្រទៀតផង។ អ្នកឧកញ៉ាបណ្ឌិត ក៏បានអំពាវនាវដល់អាជ្ញាធរ ព្រះសង្ឃ ពុទ្ធបរិស័ទគ្រប់ទីវត្តអារាម នៅថ្ងៃទី០៥ សីហាខាងមុខនេះ នៅវេលាម៉ោង៩ព្រឹក ត្រូវធ្វើការទូងស្គរ វាយជួង អាគាំង ត្រដោក ដើមី្បអបអរសាទរនូវយុទ្ធសាស្ត្រជាប្រវត្តិសាស្ត្រ បើកការដ្ឋានព្រែកជីក ហូណនតេជោ ដើមី្បលើកកម្ពស់នូវសេដ្ឋកិច្ចជាតិ។
ពិធីប្រគេនទៀនព្រះវស្សានេះ បានប្រព្រឹត្តទៅតាមទំនៀមទម្លាប់ព្រះពុទ្ធសាសនា ដោយបានធ្វើកិច្ចនមស្សការ ថ្វាយ បង្គំព្រះរតនត្រ័យ សមាទានសីល រួចវេរប្រគេនទៀនវស្សា និងគ្រឿងបរិក្ខារ ដល់ព្រះសង្ឃ សម្រាប់ប្រើប្រាស់នៅរដូវចាំព្រះវស្សានេះតាមតម្រូវការនូវសម្ភារៈបរិក្ខា ដែលបានប្រគេនព្រះសង្ឃ នូវទៀនវស្សា ០១គូ អង្ករ ១៥០គក្រ ,ទឹកសុទ្ធ ២កេស, ទឹកក្រូច ១កេស, មី ២កេស, ទឹកត្រី ២យូរ, ទឹកស៊ីអ៊ីវ ២យូរ,ត្រីខ ២យូរ, នំធុង១, ស្លាដក១ និងបច្ច័យ ១លានរៀលសម្រាប់ប្រើប្រាស់ក្នុងវត្ត។
ក្នុងនោះដែរ ប្រគេនដល់សម្តេចព្រះព្រហ្មរតនមុនី ពិន សែម នូវបច្ច័យ ៤លានរៀល និងព្រះមេគណខេត្តទាំងពីរគណៈ មួយអង្គ ១លានរៀល និងព្រះសង្ឃទាំង៤៦អង្គមកពីវត្តទាំង៤៦ ក្នុងមួយអង្គប្រគេន ២០ម៉ឺនរៀល។ ក្នុងនោះដែរ លោកស្រី ខៀវ បុប្ផាផល ក៏បានជូននូវបច្ច័យដល់សីលវ័ន្ត សីលវន្តី ម្នាក់ៗនូវបច្ច័យ ២ម៉ឺនរៀល ព្រមទាំងបានឧបត្ថម្ភដល់ក្រុមការងារ និងកងកម្លាំងផងដែរ៕