(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤ បានបើកវគ្គបណ្តុះបណ្តាលជំនាញទន់ស្តីអំពី «ការទំនាក់ទំនង ការដោះស្រាយបញ្ហា និងការបំពេញការងារជាក្រុម» ដល់មន្រ្តីក្រុមការងារឆ្លើយតប និងផ្តល់ព័ត៌មានពាក់ព័ន្ធនឹងសេវាសាធារណៈ (Call Centre) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

ការបណ្តុះបណ្តាលនេះធ្វើឡើងនៅសាលប្រជុំជាន់ទី១៣ នៃអគារទីស្នាក់ការ ប.ស.ស. នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤ (ក្រុមទី១) និងនៅថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ២០២៤ (ក្រុមទី២) ពីម៉ោង៨:០0នាទី ដល់ម៉ោង ៥:00 រសៀល ក្រោមអធិបតីភាព លោក កត្តា អ៊ន រដ្ឋលេខាធិការ និងជា​ប្រធានក្រុមការងារ ឆ្លើយតប និងផ្តល់ព័ត៌មានពាក់ព័ន្ធនឹងសេវាសាធារណៈនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ​ និងលោកបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. និងជាអនុប្រធានក្រុមការងារឆ្លើយតប និងផ្តល់ព័ត៌មានពាក់ព័ន្ធនឹងសេវាសាធារណៈ។​ 

លោក កត្តា អ៊ន បានលើកឡើងថា ការរៀបចំវគ្គបណ្តុះបណ្តាលជំនាញទន់ដល់ ក្រុមការងារឆ្លើយតប និងផ្តល់ព័ត៌មានពាក់ព័ន្ធនឹងសេវាសាធារណៈ(Call Center) ក្នុងគោលបំណងដើម្បីបង្កើនសមត្ថភាពដល់មន្រ្ដី Call Center ក្នុងការផ្តល់សេវាសាធារណៈជូនសាធារណជន។

លោករដ្ឋលេខាបន្តថា ក្រុមការងារឆ្លើយតប និងផ្តល់ព័ត៌មានពាក់ព័ន្ធនឹងសេវាសាធារណៈនៃក្រសួងការងារត្រូវធ្វើការឱ្យបានសកម្ម និងមានប្រសិទ្ធភាពក្នុងការឆ្លើយតបមតិយោបល់ សំណួរ និងបញ្ហារបស់សាធារណជនបានទាន់ពេលវេលា និងឆាប់រហ័ស។ លើសពីនេះផងដែរក្រុមការងារត្រូវអនុវត្តភារកិច្ចប្រកបដោយក្រមសីលធម៌ វិជ្ជាជីវៈ និងមានកិច្ចសហការយ៉ាងល្អ ជាមួយអង្គភាពពាក់ព័ន្ធដើម្បីឆ្លើយតបបញ្ហា សំណូមពរ និងសំណួររបស់បងប្អូនប្រជាពលរដ្ឋប្រកបដោយប្រសិទ្ធភាព​។

លោករដ្ឋលេខាធិការបញ្ជាក់សារឡើងវិញថា ក្រុមការងាររង់ចាំទទួលការហៅទូរស័ព្ទចូលរបស់សាធារណជន ២៤ម៉ោងលើ២៤ម៉ោង និង ៧ថ្ងៃក្នុងមួយសប្តាហ៍ តាមរយៈប្រព័ន្ធទូរស័ព្ទ Hotline ទាំងពីរខ្សែគឺ ១២៨៦ និង១២៩៧ ដែលរួមមាន លើសេវាបញ្ជិកា និងភាគទានបេឡាជាតិសន្តិសុខសង្គម(ប.ស.ស), សេវាពាក់ព័ន្ធវិស័យការងារ, កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស(TVET 1.5M), វិវាទការងារ, មុខរបរ និងការងារ(NEA), តាវកាលិក ប.ស.ស, សេវាមូលដ្ឋានសុខាភិបាលដៃគូ ប.ស.ស, ប្រាក់ឧត្ថម្ភរាជរដ្ឋាភិបាល រួមនិងសេវាផ្សេងៗទៀតរបស់ក្រសួង។

ទន្ទឹមនឹងនេះ លោក កត្តា អ៊ន ក៏បានអំពាវនាវដល់សាធារណជន ក្នុងករណីមានចម្ងល់ ឬតម្រូវការអ្វីមួយ សូមធ្វើការទាក់ទងមកកាន់ក្រុមការងារ ដែលនេះ​ជាកិច្ចសហការរវាងក្រុមការងារ និងសាធារណជន ក្នុងកិច្ចការបម្រើសេវាសាធារណៈ។ លើសពីនេះទៀត លោកក៏លើកទឹកចិត្តដល់មន្ត្រី បុគ្គលិកនៃក្រុមការងារ បន្តអនុវត្តតួនាទីភារកិច្ចរបស់ខ្លួនធ្វើយ៉ាងណាបម្រើសេវាសាធារណៈជូនដល់ប្រជាពលរដ្ឋឱ្យបាន រហ័ស ច្បាស់លាស់ និងពេញចិត្ត៕