(ភ្នំពេញ)៖ ជនដែលយកជើងបើកឡាន ត្រូវនគរបាលចរាចរណ៍ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ហៅមកសួរនាំ និងចាត់ការតាមនីតិវិធី នៅរសៀលថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៤នេះ។
ចំណាត់ការភ្លាមៗ បានធ្វើឡើងក្រោយវីដេអូរបស់ជននេះ ដែលបានយកជើងកាច់ចង្កូតរថយន្ត ត្រូវបានគេចែកចាយពេញបណ្តាញសង្គមនៅនេះ ហើយបងប្អូនប្រជាពលរដ្ឋ បានធ្វើការរិះគន់យ៉ាងចាស់ដៃ ចំពោះភាពព្រហើនបើករថយន្តបែបនេះ ដែលអាចបង្កគ្រោះថ្នាក់ចរាចរណ៍ និងប្រមាថជីវិតអ្នកដទៃ។
ក្រោយទទួលបានវីដេអូនេះភ្លាម, ស្នងការនគរបាលរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានបញ្ជាឲ្យអធិការនគរបាលខណ្ឌទាំង១៤ ធ្វើការស្រាវជ្រាវជាបន្ទាន់ បើសិនបុគ្គលរូបនេះនៅភ្នំពេញ ត្រូវហៅមកសួរនាំ និងចាត់ការតាមនីតិវិធី។
ក្រោយធ្វើការស្រាវជ្រាវរួចមក, កម្លាំងនគរបាលបានរកឃើញជនទាំង២នាក់នេះ នៅខណ្ឌពោធិ៍សែនជ័យ បានឲ្យជំនាញការិយាល័យចរាចរណ៍ហៅមកសួរនាំនៅកន្លែង និងចាត់ការបន្តទៀត៕