(ពោធិ៍សាត់)៖ ស្ថានភាពទឹកស្ទឹងពោធិ៍សាត់ គិតត្រឹមរសៀលនេះ កម្ពស់ទឹកស្ទឹងពោធិ៍សាត់ មានកម្ពស់៤.៨៦ម៉ែត្រ (កម្ពស់ប្រកាសអាសន្ន០៥ម៉ែត្រ), ស្ទឹងក្រវាញ មានកម្ពស់២.៥២ម៉ែត្រ (កម្ពស់ប្រកាសអាសន្ន០៦ម) និងស្ទឹងវាលវែង មានកម្ពស់៣.២ម៉ែត្រ (កម្ពស់ប្រកាសអាសន្ន០៩ម៉ែត្រ), មន្ទីរធនធានទឹក បានប្រកាសដល់ប្រជាពលរដ្ឋ ដែលរស់នៅតាមមាត់ស្ទឹង សូមបង្កើនការប្រុងប្រយ័ត្ន។
បើតាមរបាយការណ៍ របស់មន្ទីរធនធានទឹក ខេត្តពោធិ៍សាត់ បានឱ្យដឹងនារសៀលនេះថា ស្ថានភាពធាតុអាកាសខេត្តពោធិ៍សាត់ បានទទួលឥទ្ធិពលពីប្រព័ន្ធសម្ពាធទាប ភ្ជាប់ជាមួយវិសម្ពាធដែលស្ថិតក្នុងសមុទ្រចិនខាងត្បូង ស្ថានភាពបែបនេះ នឹងធ្វើឱ្យ សីតុណ្ហភាព មានចន្លោះពី ២៥ °c - ៣២ °c។
ប្រភពបន្តថា បច្ចុប្បន្នកម្ពស់ទឹកភ្លៀង២៤ម៉ោង មាន២/៧ក្រុងស្រុក ក្នុងនោះស្រុកវាលវែង ១៨.១មីលីម៉ែត្រ និងស្រុកភ្នំក្រវាញ ១.០មីលីម៉ែត្រ។ កម្ពស់ទឹកស្ទឹងពោធិ៍សាត់ មានកម្ពស់៤.៨៦ម៉ែត្រ +០.៥ម៉ែត្រ (កម្ពស់ប្រកាសអាសន្ន០៥ម៉ែត្រ), ស្ទឹងក្រវាញ មានកម្ពស់២.៥២ម៉ែត្រ -០.២៨ម៉ែត្រ (កម្ពស់ប្រកាសអាសន្ន០៦ម), ស្ទឹងវាលវែង មានកម្ពស់៣.២ម៉ែត្រ -២,៨ម៉ែត្រ (កម្ពស់ប្រកាសអាសន្ន០៩ម៉ែត្រ) និងទន្លេកំពង់លួង មានកម្ពស់១.៥៩ម៉ែត្រ។
ប្រសិនបើភ្លៀងនៅតែបន្តធ្លាក់នៅប៉ែកខាងលើ នៃស្រុកវាលវែង ស្ថានភាពកម្ពស់ ស្ទឹងពោធិ៍សាត់ នឹងមានការកើនឡើងខ្ពស់ អាចឈានដល់កម្រិតមួយ ត្រូវប្រកាសអាសន្ន។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមបង ប្អូន ប្រជាពលរដ្ឋ ដែលរស់នៅតាមបណ្តោយស្ទឹង ដែលងាយរងគ្រោះ សូមបង្កើនការប្រុងប្រយ័ត្នខ្ពស់ ជាពិសេសកូនតូចៗ៕