Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អ្នកជំនាញនយោបាយ ក្រើនរំលឹកយុវជនកុំឱ្យផុងខ្លួនតាមការបញ្ជោររបស់អ្នកនយោបាយ តែត្រូវធ្វើសកម្មភាពដោយចំណេះដឹង និងកុំធ្វើតាមអារម្មណ៍ឱ្យសោះ

20-07-2024 15:47

(ភ្នំពេញ)៖ លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការ នៃរាជបណ្ឌិត្យសភាកម្ពុជា បានថ្លែងថា បានក្រើនរំលឹកដល់យុជនទាំងអស់ សូមកុំឱ្យផុងខ្លួនបម្រើសកម្មភាពនយោបាយ តាមការបញ្ជោររបស់អ្នកនយោបាយ តែត្រូវធ្វើសកម្មភាពដោយមានចំណេះដឹង និងសូមកុំចូលរួមធ្វើសកម្មភាពនយោបាយតាមអារម្មណ៍មួយឆាវឱ្យសោះ។

លោកបណ្ឌិត យង់ ពៅ បានថ្លែងថា យុវជនដែលចង់ចូលរួមធ្វើនយោបាយ ត្រូវតែទទួលបានការអប់រំរឹងលើទិដ្ឋភាពសង្គម ច្បាប់ បរិយាកាសជុំវិញខ្លួន និងផ្នែកនយោបាយឱ្យបានច្បាស់លាស់។ «សូមរស់ដើម្បីជាតិ មិនមែនស្លាប់ដើម្បីជាតិ» រស់ដោយថាមពល រស់ចំណេញដល់សង្គម និងចូលរួមកសាងជាតិជាមួយគ្នា។

នៅក្នុងឱកាសចូលរួមបើកបវេសនកាលវគ្គសិក្សាថ្មី ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ជំនាន់ទី១២ វគ្គ១-២ និងថ្នាក់បណ្ឌិត ជំនាន់ទី៩ វគ្គ១-២ នៅព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៤នេះ, លោកបណ្ឌិត យង់ ពៅ បានលើកឡើងថា៖ «យើងរឹងមាំទាំងចំណេះដឹង ច្បាប់ និងមនសិកាជាតិច្បាស់លាស់ កុំតាមអារម្មណ៍ ចូលរួមសង្គមធ្វើនយោបាយ គ្មានចំណេះដឹង និងត្រឹមតែធ្វើបាបខ្លួនឯងទេ តែគ្រួសារ និងសង្គម ប៉ះពាល់សង្គម គឺប៉ះពាល់ទាំងអស់គ្នា។ បើយើងនឹកឃើញតាមការបញ្ជើចបញ្ជើរ ពីអ្នកនយោបាយ, អ្នកនយោបាយនៅពេលដែលយើងមិនចេះនយោបាយ គាត់បញ្ជើចបញ្ជើរយើងឱ្យបម្រើគាត់»

លោកបណ្ឌិត យង់ ពៅ បានស្នើឱ្យយុវជនដែលចង់ចូលរួមសកម្មភាពនយោបាយទាំងអស់ ត្រូវសិក្សាឱ្យបានច្បាស់លាស់ និងត្រូវមានមូលដ្ឋានរឹងមាំផ្នែកនយោបាយជាមុនសិន ដើម្បីកុំឱ្យមានបញ្ហាដល់ខ្លួន គ្រួសារ ជាពិសេសកុំឱ្យធ្លាក់ក្នុងល្បែងនយោបាយ ដកខ្លួនចេញមិនរួចជាដើម។

លោកបណ្ឌិតបានបន្តថា យុវជនបន្តវេន ត្រូវមានមនសិកាស្នេហាជាតិពិតប្រាកដ ទើបអាចក្លាយជាអ្នកបន្តវេនដ៏ត្រឹមត្រូវ ដើម្បីក្លាយជាចង្កូតដឹកនាំកម្ពុជា នៅក្នុងពេលអនាគត៕