(ក្រចេះ)៖ លោក ង៉ូវ ប៊ុនរិទ្ធ រដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាលចុះមូលដ្ឋានស្រុកសំបូរ ក្រុមការងារ ថ្នាក់ដឹកនាំ សមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជាក្នុងស្រុកសំបូរ បានរួមគ្នាប្រគេនទៀនព្រះវស្សា និងទេយ្យទានដល់វត្តចំនួន២៧ នៅទូទាំងស្រុកសំបូរ ខេត្តក្រចេះ។
ការប្រគេទៀនព្រះវស្សា ជាប្រពៃណី និងជាទំនៀមទម្លាប់មួយរបស់ប្រជាពុទ្ធបរិស័ទខ្មែរ តែងតែធ្វើឡើងនៅមុនការចូលមកដល់នៃបុណ្យចូលព្រះវស្សា។ បុណ្យចូលព្រះវស្សាឆ្នាំនេះ នឹងចាប់ផ្តើមនៅថ្ងៃអាទិត្យ ១រោច ខែទុតិយាសាឍ ឆ្នាំរោង ឆស័ក ព.ស២៥៦៨ ត្រូវនឹងថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៤។ បុណ្យចូលព្រះវស្សាដែលមានរយៈពេលប្រមាណជា៣ខែនេះ ជាពេលវេលាដែលព្រះសង្ឃពិបាកនិមន្តបិណ្ឌបាត្រព្រោះជារដូវភ្លៀង។ អាស្រ័យហេតុនេះហើយ ទើបប្រជាពុទ្ធបរិស័ទខ្មែរ តែងមានការរៀបចំពិធីប្រគេនទៀនព្រះវស្សាសម្រាប់អុជបំភ្លឺក្នុងទីអារាម ព្រមទាំងមានការប្រគេននូវទេយ្យទានផ្សេងៗសម្រាប់ជាចង្ហាន់ព្រះសង្ឃក្នុងកំលុងរដូវវស្សា ដែលពិបាកនិមន្តបិណ្ឌបាត្រនេះ។
ពិធីប្រគេនទៀនព្រះវស្សា និងទេយ្យទាន កើតចេញពីសទ្ធាជ្រះថ្លារបស់លោក ង៉ូវ ប៊ុនរិទ្ធ ព្រមទាំងក្រុមការងារ ថ្នាក់ដឹកនាំ សមាជិក សមាជិកាបក្សប្រជាជនកម្ពុជាក្រុងស្រុកសំបូរ ត្រូវបានធ្វើឡើងនាព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៤នេះ នៅវត្តព្រះវិហារធំសសរមួយរយ ស្រុកសំបូរ ខេត្តក្រចេះ។ ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាព លោក ស៉ី ចន្ទ័តារា តំណាងលោក ង៉ូវ ប៊ុនរិទ្ធ និងលោក ឌួង ពៅ ប្រធានក្រុមការងារថ្នាក់ខេត្តចុះជួយស្រុកសំបូរ ព្រមទាំងថ្នាក់ដឹកនាំ សមាជិក សមាជិកាបក្សប្រជាជនកម្ពុជា ក្នុងស្រុកសំបូរ និងក្រុមការងារមួយចំនួនទៀត។
ទេយ្យទានដែលបានប្រគេនដល់វត្តទាំង២៧ ក្នុងមួយវត្តទទួលបាន ទៀនមួយគូ, អង្ករមួយបេ,ទឹកស៉ីអៀវ ១យូរ, ទឹកត្រី ១យូរ, ទឹកសុទ្ធ ២កេស, ភេសជ្ជៈ ១កេស, ត្រីខ ១យួរ, មី ១ កេស, ប្រេងម៉ាហ្សូត ១កាន និងបច្ច័យ១៥០,០០០រៀល៕