(ស្ទឹងត្រែង)៖ នាព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៤នេះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានចាត់ឲ្យក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ (TYDA) ចុះពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋនៅស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង សរុបចំនួន ៤,៤៤៦ ករណី។
ករណីទាំង៤,៤៤៦នេះ រួមមាន៖ ជំងឺទូទៅ, ជំងឺមាត់ធ្មេញ,ជំងឺត្រចៀក ច្រមុះ បំពងក, ជំងឺភ្នែក,ជំងឺរោគស្រ្តី, ពិនិត្យអេកូសាស្រ្ត, វះកាត់តូច, ជំងឺបេះដូង, ជំងឺសើរស្បែក,ជំងឺឫសដូងបាត, ជំងឺសន្លាក់, ពិនិត្យឈាម, ថតកាំរស្មីX , និងផ្នែករោគកុមារ ក្នុងនោះករណីជំងឺធ្ងន់ធ្ងរត្រូវបញ្ជូនទៅព្យាបាលបន្តមានចំនួន ១៣ ករណី។
ពិធីនេះប្រព្រឹត្តទៅនៅក្នុងបរិវេណ វិទ្យាល័យ ព្រះគោ ភូមិថាឡាបរិវ៉ាត់ ឃុំថាឡាបរិវ៉ាត់ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង ដោយមានការចូលរួមពីសំណាក់អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់, យុវជន អ.ម.ត, យុវជន ស.ស.យ.ក, យុវជនកាកបាទក្រហមកម្ពុជា, យុវជនកាយរិទ្ធជាតិកម្ពុជា ព្រមទាំងក្រុមការងារពាក់ព័ន្ធជាច្រើនរូបទៀត។
ប្រជាពលរដ្ឋដែលអញ្ជើញមកទទួលសេវាពិនិត្យ និងព្យាបាលសុខភាពទាំងអស់ បានសម្តែងក្តីសប្បាយរីករាយ និងថ្លែងអំណរគុណជាអនេក ចំពោះសម្តេចធិបតី និងលោកជំទាវបណ្ឌិត ដែលតែងតែយកចិត្តទុកដាក់ ចំពោះសុខទុក្ខប្រជាពលរដ្ឋ ដោយបានចាត់ក្រុមគ្រូពេទ្យជំនាញ ចុះមកពិនិត្យ និងព្យាបាលជូនពួកគាត់។
រាល់ការចំណាយទាំងអស់ក្នុងសកម្មភាពនេះ គឺឧបត្ថម្ភគាំទ្រដោយសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន រួមជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែតផ្ទាល់៕