(សៀមរាប)៖ វគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាពគ្រូបង្គោលរបស់លេខាធិការដ្ឋាន គ.វ.អ. លើកទី៣ ដើម្បីបង្កើនប្រសិទ្ធភាពក្នុងការអនុវត្តវិធានការគន្លឹះ ក្នុងវិស័យអប់រំរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ត្រូវបានរៀបចំឡើងរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៤ នៅទឹកដីអង្គរ នៃខេត្តសៀមរាប។
វគ្គបណ្តុះបណ្ដាលនេះបានប្រារព្ធពិធីបើកជាផ្លូវការក្រោមអធិបតីភាពលោក ពេជ សោភ័ន ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានលេខាធិការដ្ឋាន គ.វ.អ. ដោយមានការអញ្ជើញចូលរួមជាកិត្តិយសនិងសក្ខីភាពពីសំណាក់ លោក ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប ព្រមទាំងតំណាងក្រសួង ស្ថាប័ន អង្គភាព មន្ទីរពាក់ព័ន្ធ និងលោកគ្រូ អ្នកគ្រូ សរុបប្រមាណជាង ៣០០នាក់។
វគ្គបណ្តុះបណ្ដាលនេះជាផ្នែកមួយ នៃការពង្រឹងសមត្ថភាពរបស់គ្រូបង្គោល នៃផ្នែកគាំទ្រសាលារៀនបន្ទាប់ពីបានអនុវត្តសកម្មភាពតាមសាលាគោលដៅមួយរយៈពេលកន្លងមក ហើយបានពិនិត្យឃើញនូវចំណុចខ្វះខាត និងមានតម្រូវការបណ្តុះបណ្ដាលបន្ថែម ដើម្បីឆ្លើយតបទៅនឹងស្ថានភាពនៃការអនុវត្តការងារនៅនឹងកន្លែង ដោយនឹងប្រមូលផ្តុំខ្លឹមសារមេរៀនជាទ្រឹស្តីផង និងការពិនិត្យដកស្រង់ពិសោធជាក់ស្តែងផង ដោយបានជ្រើសរើសយកសាលាបឋមសិក្សាវត្តរាជបូណ៌ ជាទីកន្លែងបណ្តុះបណ្ដាលដែលអនុញ្ញាតឲ្យសិក្ខាកាម អាចឆ្លៀតឱកាសពិនិត្យសង្កេត ចំពោះការប្រតិបត្តិល្អៗ នៅក្នុងសាលាដោយផ្ទាល់ ព្រមទាំងទស្សនកិច្ចទៅពិនិត្យមើលនៅសាលាបឋមសិក្សាទៀបាញ់គំរូ ដែលជាសាលាមួយ ក្នុងចំណោមសាលាគោលដៅទាំង៥ នៅក្នុងខេត្តសៀមរាប។
ថ្លែងក្នុងពិធីបើកវគ្គបណ្ដុះបណ្តាលនេះ លោក ពេជ សោភ័ន បានគូសបញ្ជាក់ថា «លទ្ធផលវិជ្ជមាន និងចំណុចខ្វះខាតរបស់សាលារៀននីមួយៗ គឺអាស្រ័យលើការជួយជ្រោមជ្រែងគាំទ្ររបស់គ្រូបង្គោលប្រចាំការ នៅតាមខេត្តគោលដៅ។ ដូច្នេះការបណ្តុះបណ្ដាលបង្កើនសមត្ថភាពដឹកនាំ និងការទទួលខុសត្រូវរបស់គ្រូបង្គោលគឺជាកត្តាសំខាន់មិនអាចខ្វះបាន»។
លេខាធិការដ្ឋាន គ.វ.អ. បានទទួលនូវភារកិច្ចដ៏សំខាន់ពីរាជរដ្ឋាភិបាល និងបានដាក់ចេញនូវផែនការសកម្មភាពប្រទាក់ក្រឡាគ្នា ដែលត្រូវតែធ្វើដំណើរឲ្យទាន់សភាពការណ៍ និងត្រៀមខ្លួនជាប់ជានិច្ច ក្នុងការឆ្លើយតបចំពោះការជួយសម្របសម្រួល និងគាំទ្រកិច្ចការនៅតាមសាលាគោលដៅ។ ជាក់ស្តែងចាប់តាំងពីខែមីនាកន្លងមក ក្រុមការងារបានចុះជ្រើសរើសសាលាដែលស្ម័គ្រចិត្ត ចូលរួមអនុវត្តវិធានការគន្លឹះសរុបចំនួន៤២សាលា នៅតាមរាជធានីខេត្តគោលដៅចំនួន៩រួមមាន៖ រាជធានីភ្នំពេញ (២សាលា), ខេត្តកណ្តាល (៥សាលា), កំពង់ស្ពឺ (៥សាលា), កំពង់ឆ្នាំង (៥សាលា), ព្រៃវែង (៤សាលា), កំពង់ចាម (៥សាលា), តាកែវ (៧សាលា), កោះកុង (៤សាលា), និងខេត្តសៀមរាប (៥សលា)។
ចាប់ពីខែឧសភា បានដាក់ឲ្យអនុវត្តនូវវិធានការគន្លឹះនៅតាមសាលាគោលដៅទាំងអស់ តាមរយៈការគាំទ្រដោយផ្ទាល់ពីគ្រូបង្គោលប្រចាំខេត្តគោលដៅនីមួយៗ។ បន្ថែមលើនេះ សកម្មភាពក្រៅម៉ោងសិក្សាតាមរយៈការបន្ថែម២ម៉ោងក្នុងមួយថ្ងៃ ក៏ត្រូវបានដាក់ឲ្យអនុវត្តចាប់ពីដើមខែមិថុនា ជាបន្តបន្ទាប់។ យើងសង្កេតឃើញថា គ្រូ សិស្ស និងអាណាព្យាបាល បានចូលរួមគាំទ្រយ៉ាងខ្លាំងក្លា ក្នុងសកម្មភាពក្រៅម៉ោង និងការបន្ថែមម៉ោង ដោយចាប់ពីខែមិថុនា វត្តមានសិស្សចូលរៀនក្នុងថ្នាក់បន្ថែមម៉ោងបានកើនឡើងជាបន្តបន្ទាប់ ពីចំនួនប្រមាណ១៥,០០០នាក់ក្នុង១ថ្ងៃ ដល់ចំនួនជិត១៨,០០០នាក់ នៅក្នុងអំឡុងដើមខែកក្កដានេះ។ និន្ននាការនេះបង្ហាញពីផលវិជ្ជមានដែលកើតឡើងពីការខិតខំប្រឹងប្រែងរួមគ្នា របស់សមាជិកគ្រប់ផ្នែកទាំងអស់ នៃលេខាធិការដ្ឋាន គ.វ.អ.។
លោក ពេជ សោភ័ន ប្រធានលេខាធិការដ្ឋាន បានបញ្ជាក់បន្ថែមថា «យើងនឹងបង្កើតនូវចលនាប្រឡងប្រណាំងទាំងកម្រិតគ្រូបង្គោល និងកម្រិតសាលារៀនគោលដៅ ដោយធ្វើការវាយតម្លៃលើសមត្ថភាពដឹកនាំរបស់គ្រូ និងការអនុវត្តសកម្មភាពការងាររបស់សាលាក្នុងគោលបំណងអភិវឌ្ឍគុណភាពអប់រំ លើកកម្ពស់ចំណេះដឹង វិន័យ សីលធម៌ និងឥរិយាបថរបស់សិស្ស»។
វិធានការគន្លឹះក្នុងវិស័យអប់រំ ត្រូវបានដាក់ចេញដើម្បីឆ្លើយតបទៅនឹងតម្រូវការ និងការជួយដោះស្រាយចំឫសគល់នៃបញ្ហានៅក្នុងវិស័យអប់រំដោយផ្តោតលើ៖ អភិបាលកិច្ចសាលារៀន (ការពង្រឹងភាពជាអ្នកដឹកនាំរបស់បុគ្គលិកអប់រំ, គណៈគ្រប់គ្រងសាលារៀន និងគ្រូបង្រៀន), ការពិនិត្យកែលម្អកម្មវិធីសិក្សា និងរៀបចំកម្មវិធីសិក្សា និងសកម្មភាពបន្ថែមម៉ោងសិក្សា សំដៅពង្រឹងចំណេះដឹង វិន័យ សីលធម៌, ការជំរុញ និងលើកទឹកចិត្តការចូលរួមរបស់មាតាបិតា អាណាព្យាបាល និងសហគមន៍ក្នុងភាពជាដៃគូរដ្ឋ និងសហគមន៍ដើម្បីអប់រំ។
ជាលទ្ធផលនៃការអនុវត្តវិធានការគន្លឹះកន្លងមកបានបង្ហាញថា អភិបាលកិច្ចសាលារៀនបានប្រែក្លាយ គណៈគ្រប់គ្រងសាលារួមមាន នាយក នាយរង និងលោកគ្រូ អ្នកគ្រូមានការប្រែប្រួលជាវិជ្ជមាន តាមរយៈការគោរពវិន័យ ពេលវេលា ការខិតខំបង្រៀន និងការបង្កើនទំនុកចិត្តកាន់តែល្អប្រសើរចំពោះឪពុកម្តាយ និងសហគមន៍ទាំងមូល។ ចំណែកសិស្សានុសិស្សក៏បានកែប្រែឥរិយាបថ និងប្រកាន់ខ្ជាប់នូវសីលធម៌ល្អ តាមរយៈការខិតខំរៀនសូត្រ គោរពសំពះ មករៀនទៀងទាត់ទាន់ពេល និងសប្បាយរីករាយដោយបានរៀនបន្ថែមម៉ោងជារៀងរាល់ថ្ងៃ។
កន្លងមក រាជរដ្ឋាភិបាលបានបង្កើត គណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការគន្លឹះក្នុងវិស័យអប់រំរបស់រាជរដ្ឋាភិបាល (គ.វ.អ.) ដែលដឹកផ្ទាល់ដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។ លេខាធិការដ្ឋាន គ.វ.អ. ជាសេនាធិការក្នុងការដឹកនាំ សម្របសម្រួល និងជួយបំពេញបន្ថែមលើចំណុចខ្វះខាត ក្នុងវិស័យអប់រំកន្លងមក សំដៅឈានទៅសម្រេចតាមគោលដៅ នៃវិធានការគន្លឹះ ដែលត្រូវអនុវត្តនូវសកម្មភាពសំខាន់ៗមានជាអាទិ៍៖ ការជ្រើសរើសសាលារៀនគោលដៅកម្រិតបឋមសិក្សា, ការជ្រើសរើសគ្រូបង្គោល ដែលជាអតីតនាយកសាលាធ្លាប់មានស្នាដៃល្អ, ការចងក្រស្នាដៃនៃឧត្តមានុវត្តរបស់សាលាជោគជ័យ និងផ្តល់វគ្គបណ្តុះបណ្ដាលគ្រូបង្គោល, ការចុះអនុវត្តវគ្គគាំទ្រដល់សាលាគោលដៅផ្ទាល់, ព្រមទាំងការចុះតាមដាន ត្រួតពិនិត្យ និងវាយតម្លៃលទ្ធផល ជាដើម។
កន្លងមកលេខាធិការដ្ឋាន គ.វ.អ. បានជ្រើសរើសអតីតនាយកសាលាចូលនិវត្តន៍ដែលស្នាដៃដឹកនាំល្អចំនួន២២ រូបដើម្បីជួយផ្តល់វគ្គគាំទ្រ ចែករំលែកបទពិសោធ ចំណេះដឹង និងការអនុវត្តជាក់ស្តែងដល់សាលាគោលដៅចំនួន ៤២ សាលា ដែលត្រូវបានជ្រើសរើសពីក្នុងចំណោមរាជធានីខេត្តចំនួន ៩ ដើម្បីដាក់ឲ្យអនុវត្តនូវវិធានការគន្លឹះ ដោយឈរលើគោលការណ៍ស្ម័គ្រចិត្ត និងឆន្ទៈទទួលខុសត្រូវខ្ពស់៕