(បាត់ដំបង)៖ រសៀលថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤ ក្រោមការគាំទ្រពីស្ថានទូតចិនប្រចាំកម្ពុជា និងសាកលវិទ្យាល័យជាតិបាត់ដំបង សមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន បានរៀបចំកម្មវិធីបាឋកថា ស្តីពីគំនិតផ្តួចផ្តើមអរិយធម៌សកល ជាសរសរស្តម្ភកិច្ចកសាងសហគមន៍ជោគវាសនារួមនៃមនុស្សជាតិ។

ថ្លែងទៅកាន់អង្គពិធីដែលមានមន្ត្រីរាជការ សិស្ស-និស្សិត អ្នកចូលរួមសរុបមានចំនួន៣៧០រូប ឯកឧត្តម សុខ ឃន សាកលវិទ្យាធិការនៃសាកលវិទ្យាល័យជាតិបាត់ដំបង បានសម្តែងការអបអរសាទរដោយស្មោះត្រង់ ចំពោះអង្គពិធីទាំងមូលដែលបានយកចិត្តទុកដាក់ខ្ពស់ លើការយល់ដឹងកាន់តែស៊ីជម្រៅគំនិតផ្តួចផ្តើមអរិយធម៌សកល ដែលជាគំនិតផ្តួចផ្តើមរបស់លោក Xi Jinping ប្រធានរដ្ឋចិន ដើម្បីលើកកម្ពស់ការផ្លាស់ប្តូរ និងការរៀនសូត្រទៅវិញទៅមក ក្នុងចំណោមអរិយធម៌ពិភពលោក និងលើកកម្ពស់ការកសាងសហគមន៍ជោគវាសនារួមនៃមនុស្សជាតិ។

ក្នុងនាមជាអ្នកជិតខាងល្អ និងជាមិត្តដ៏ស្មោះស្ម័គ្រដ៏គួរឱ្យទុកចិត្ត ប្រទេសចិនគាំទ្រយ៉ាងមុតមាំដល់ប្រជាជនកម្ពុជា ក្នុងការជ្រើសរើសផ្លូវអភិវឌ្ឍន៍ដោយឯករាជ្យ ដែលសមស្របនឹងលក្ខខណ្ឌជាតិរបស់ខ្លួន ហើយប្រទេសចិនមានឆន្ទៈ ក្នុងការធ្វើការជាមួយកម្ពុជា ដើម្បីកសាងក្របខ័ណ្ឌ កិច្ចសហប្រតិបត្តិការ «ត្បូងពេជ្រឆកោណ» និងធ្វើការរួមគ្នាដើម្បីអនុវត្ត លទ្ធិពហុភាគីនិយម ប្រឆាំងដាច់ខាតនូវគ្រប់ទម្រង់ នៃអនុត្តរភាពនិងនយោបាយអំណាច រួមគ្នារក្សាសន្តិភាព និងស្ថិរភាពក្នុងតំបន់ និងយុត្តិធម៌អន្តរជាតិ ហើយចូលរួមចំណែកកាន់តែច្រើន ក្នុងការជំរុញកិច្ចកសាងសហគមន៍ជោគវាសនារួមនៃមនុស្សជាតិ និងបង្កើតឱ្យកាន់តែប្រសើរឡើង នូវអនាគតកាន់តែបវរសម្រាប់មនុស្សជាតិ។

លោក Lu Qizhi (លូ ឈីជឺ) អគ្គកុងស៊ុលចិនប្រចាំខេត្តសៀមរាបបានថ្លែងថា ក្នុងរយៈពេលមួយឆ្នាំកន្លងមកនេះ ចាប់តាំងពីការចាប់ផ្តើម គំនិតផ្តួចផ្តើមអរិយធម៌សកលបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការបង្កើតស្ថានភាពថ្មី សម្រាប់ការផ្លាស់ប្តូរអរិយធម៌ សមាហរណកម្មវប្បធម៌ និងចំណងមិត្តភាពរវាងប្រជាជននិងប្រជាជន ក្នុងចំណោមប្រទេសជុំវិញពិភពលោក ហើយសម្រេចបានលទ្ធផលជាផ្លែផ្កា។ ប្រទេសចិន និងកម្ពុជា គឺជាប្រទេស ដែលមានអរិយធម៌ដ៏ចំណាស់ ដែលមានប្រវត្តិសាស្ត្រ និងវប្បធម៌ដ៏រុងរឿង អរិយធម៌ចិន និងអរិយធម៌ខ្មែរ បានលាយបញ្ចូលគ្នា និងរៀនសូត្រពីគ្នាទៅវិញទៅមកក្នុងរយៈពេលជិតពីរពាន់ឆ្នាំនៃការផ្លាស់ប្តូរ និងអន្តរកម្ម។ ការលើកកម្ពស់ការផ្លាស់ប្តូរ និងការរៀនសូត្រទៅវិញទៅមករវាងអរិយធម៌ មិនត្រឹមតែជាបំណងប្រាថ្នា និងសេចក្តីប្រាថ្នារបស់ប្រជាជនចិន និងកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែក៏ជាតម្រូវការ និងអត្ថន័យពិតប្រាកដនៃការធ្វើការរួមគ្នា ដើម្បីកសាងសហគមន៍មួយដែលមានអនាគតរួមគ្នាសម្រាប់ប្រទេសចិន និងកម្ពុជា។

តាមរយៈសៀវភៅជាខេមរភាសាស្តីពី «យល់ដឹងកាន់តែស៊ីជម្រៅពីគំនិតផ្តួចផ្តើមអរិយធម៌សកល» ដែលត្រូវបានផ្សព្វផ្សាយ ជាសាធារណៈកាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤ លោកបណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន ក្នុងនាមជាវាគ្មិនបានរំលេចពីគុណតម្លៃ នៃគំនិតផ្តួចផ្តើមអរិយធម៌សកល ដែលត្រូវបានមហាសន្និបាតអង្គការសហប្រជាជាតិ លើកទី៧៨ បានពិគ្រោះពិភាក្សានិងអនុម័តជាឯកច្ឆន្ទលើ សេចក្តីសម្រេចចិត្តស្តីពីការបង្កើតទិវាអន្តរជាតិ សម្រាប់កិច្ចសន្ទនារវាងអរិយធម៌ ដែលលើកឡើងដោយប្រទេសចិន ហើយសម្រេចចិត្តសន្មតយកថ្ងៃទី១០ ខែមិថុនា ជាទិវាអន្តរជាតិសម្រាប់កិច្ចសន្ទនារវាងអរិយធម៌។ ក្នុងនាមសិស្ស-និស្សិត សាស្ត្រាចារ្យ មន្ត្រីរាជការដែលបានចូលរួមក្នុងអង្គបាឋកថានេះ កញ្ញា អ៊ឹម សុភា និស្សិតឆ្នាំទី៣ ជំនាញអក្សរសាស្រ្តចិន នៅសាកលវិទ្យាល័យជាតិបាត់ដំបងបានថ្លែង គំនិតផ្តួចផ្តើមអរិយធម៌សកល ដែលជាសសរស្តម្ភដ៏រឹងមាំ នៃកិច្ចកសាងសហគមន៍ជោគវាសនារួមនៃមនុស្សជាតិ ហើយកញ្ញាក៏ដូចជាមិត្តភក្តិដទៃទៀត នឹងបន្តផ្សព្វផ្សាយចែករំលែកពី ខ្លឹមសារសំខាន់ៗ នៃគំនិតផ្តួចផ្តើមអរិយធម៌សកល ដើម្បីចូលរួមចំណែកបន្តពន្លាតស្មារតីសន្តិភាព និងបង្កើនវិបុលភាពដល់មនុស្សជាតិ៕

វិទ្យុមិត្តភាពកម្ពុជាចិន