(ភ្នំពេញ)៖ បន្ទាប់ពីបើកសវនាការអស់រយៈពេល ជាង២ម៉ោង នៅព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៦ តុលាការកំពូល បានសម្រេចបដិសេធនូវ បណ្ដឹងរបស់ លោក អ៊ុំ សំអាន តំណាងរាស្ដ្រគណបក្សសង្គ្រោះជាតិ ដែលសុំមោឃភាពនីតិវិធី របស់តុលាការក្រុងភ្នំពេញ។

លោក អ៊ុំ សំអាន ដែលជាប់ចោទករណី ក្លែងផែនទីសន្ធិសញ្ញាព្រំដែនកម្ពុជា-វៀតណាម ត្រូវបានអនុរក្សពន្ធនាគារបញ្ជូនទៅ ដល់តុលាការកំពូល ដើម្បីជំនុំជម្រះម្តងទៀត នៅព្រឹកមិញនេះ បន្ទាប់ពីបណ្តឹងបែបនេះ ត្រូវបានច្រានចោលដោយ សាលាឧទ្ធរណ៍ម្តងរួចហើយ កាលពីពេលកន្លងទៅ។

កាលពីព្រឹកថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៦ កន្លងទៅ សាលាដំបូងរាជធានីភ្នំពេញ បានបើកសវនាការរឿងអង្គសេចក្តីសំណុំរឿងនេះម្តងរួចដែរ ហើយសាលក្រមនេះ គ្រោងប្រកាសនៅថ្ងៃទី១០ ខែតុលា ខាងមុខ។

សូមបញ្ជាក់ថា លោក អ៊ុំ សំអាន ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ ចោទប្រកាន់ពីបទ ញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ និង បទញុះញង់ឲ្យមានការរើសអើង ពាក់ព័ន្ធសន្ធិសញ្ញាព្រំដែន កម្ពុជាវៀតណាម ដែលលោកបានបង្ហោះលើទំព័រ Facebook កាលពីអំឡុងឆ្នាំ២០១៥ រហូតដល់ថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៦៕