(ភ្នំពេញ)៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា បានផ្ញើសារលិខិតមួយចូលរួមរំលែកទុក្ខជូន អ្នកឧកញ៉ា ឈុន លាង បណ្ណាធិការនៃធនាគារវឌ្ឍនៈ និងអ្នកឧកញ៉ា សំ អាង ប្រធានក្រុមប្រឹក្សាភិបាល នៃធនាគារវឌ្ឍនៈ ព្រមទាំងក្រុមគ្រួសារ ចំពោះមរណភាពរបស់ មហាសទ្ធាភិរ័ក្ខញាណ ហ៉ី ឡាយ អគ្គមហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍ ដែលត្រូវជាឪពុកបង្កើតអ្នកឧកញ៉ា ឈុន លាង។
សម្តេចរដ្ឋសភាធិបតី មានសេចក្តីក្រៀមក្រំក្នុងចិត្តយ៉ាងក្រៃលែង និងសោកស្តាយជាទីបំផុត ក្រោយទទួលដំណឹងមរណភាពរបស់ មហាសទ្ធាភិរ័ក្ខញាណ ហ៉ី ឡាយ អគ្គមហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍ កាលពីថ្ងៃសៅរ៍ ១៥ កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៤ វេលាម៉ោង ៦:១២នាទីព្រឹក ក្នុងជន្មាយុ ៩៧វស្សា ដោយជរាពាធ។
មរណភាពរបស់ មហាសទ្ធាភិរ័ក្ខញាណ ហ៉ី ឡាយ គឺជាការបាត់បង់នូវ បិតា បង្កើត បិតាក្មេក ជីតា ជីតាក្មេក និងជីតាទួត ជាទីគោរពស្រលាញ់ដ៏ជ្រាលជ្រៅ ប្រកបដោយគុណធម៌ ព្រហ្មវិហារធម៌ និងសង្គហធម៌ ដែលកន្លងមកបានចិញ្ចឹមបីបាច់ថែរក្សា និងអប់រំផ្តល់ដំបូន្មានល្អៗដល់ កូន ចៅ សាច់ញាតិ និងក្រុមគ្រួសារជាទីស្រឡាញ់ ឱ្យក្លាយជាធនធានដ៏មានតម្លៃក្នុងសង្គមជាតិ ព្រមទាំងជាការបាត់បង់នូវពុទ្ធសាសនិកដ៏ឆ្នើមមួយរូប ដែលបានលះបង់អស់កម្លាំង កាយចិត្ត ប្រាជ្ញាស្មារតី និងធនធានជាច្រើន ក្នុងការរួមចំណែកឧបត្ថម្ភគាំទ្រក្នុងសកម្មភាពនៃការអភិវឌ្ឍជាតិមាតុភូមិ លើកស្ទួយ វិស័យព្រះពុទ្ធសាសនា មនុស្សធម៌ និងសុខដុមរមនាសង្គម ឱ្យបានរីកចម្រើនរហូតមក។
ក្នុងវេលាប្រកបដោយក្ដីក្ដុកក្ដួលរំជួលចិត្ត សោកសង្រេងស្ទើររកទីបំផុតគ្មាននេះ សម្តេចសូមចូលរួមរំលែកនូវមរណទុក្ខដោយក្តីស្រណោះ និងអាឡោះអាល័យជាមួយ អ្នកឧកញ៉ា បណ្ណាធិការនៃធនាគារវឌ្ឍនៈ និងអ្នកឧកញ៉ា ប្រធានក្រុមប្រឹក្សាភិបាល នៃធនាគារវឌ្ឍនៈ ព្រមទាំងក្រុមគ្រួសារ និងញាតិមិត្តជិតឆ្ងាយទាំងអស់នៃសពដោយសេចក្តីសង្វេគជាទីបំផុត និងសូមឧទ្ទិសបួងសួង ដល់ដួងវិញ្ញាណក្ខន្ធ មហាសទ្ធាភិរ័ក្ខញាណ ហ៉ី ឡាយ សូមបានចាប់បដិសន្ធិក្នុងសុគតិភព គ្រប់ៗជាតិ កុំបីឃ្លៀងឃ្លាតឡើយ៕