(ពោធិ៍សាត់)៖ លោក ខូយ រីដា សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ប្រធានគណៈកម្មាធិការធិការគណបក្សខេត្ត និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានក្រុងពោធិ៍សាត់ នាថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៤នេះ បានអញ្ជើញជួបសំណេះសំណាល ជាមួយសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា សង្កាត់ព្រៃញី និងសម្ពោធដាក់ឱ្យប្រើប្រាស់ អគារទីស្នាក់ការគណបក្សប្រជាជនកម្ពុជា សង្កាត់ព្រៃញី ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ដែលមានតម្លៃជិត៣ម៉ឺនដុល្លារ។
បន្ទាប់ពីលោក លឹម ចន្ទថៃ អនុប្រធានគណបក្សសង្កាត់ព្រៃញី បានធ្វើរបាយការណ៍សាងសង់ និងកែលម្អសោភ័ណភាព លើសមិទ្ធផលចាស់ នៃស្នាក់ការសង្កាត់ព្រៃញីនោះរួចមក, លោក ខូយ រីដា បានលើកឡើងថា អគារទីស្នាក់ការគណបក្សប្រជាជនកម្ពុជា សង្កាត់ព្រៃញី ដែលសម្ពោធដាក់ឱ្យប្រើប្រាស់នាពេលនេះ បានបង្ហាញឱ្យឃើញពីភាពរីកចម្រើន ច្បាស់លាស់ និងភាពរឹងមាំ របស់គណបក្សប្រជាជនកម្ពុជា ក្នុងការបម្រើប្រជាពលរដ្ឋ ដោយភាពស្មោះត្រង់។
លោកបន្តថា អស់រយៈពេលជាង ៤៥ឆ្នាំកន្លងទៅ បន្ទាប់ពីថ្ងៃជ័យជម្នះ ៧ មករា ជាប្រវត្តិសាស្ត្រ លើរបបប្រល័យពូជសាសន៍ គណបក្សប្រជាជនកម្ពុជា បានរួមសុខរួមទុក្ខជាមួយប្រជាជន និងបានប្រែក្លាយកម្ពុជា ពីរបបវាលពិឃាត ទៅជាទឹកដីដ៏ស្រស់បំព្រង ដែលប្រជាជនបានរស់នៅយ៉ាងសុខដុមរមនា ក្នុងសន្តិភាពក្រោមដំបូលរដ្ឋធម្មនុញ្ញតែមួយ បន្តយកអស់កម្លាំងកាយ កម្លាំងចិត្ត និងបញ្ញា ស្មារតី ដើម្បីកសាង និងការពារ មាតុភូមិរបស់ខ្លួន។
លោក ខូយ រីដា បន្តថា នៅក្នុងនីតិកាលទី៧ នៃរដ្ឋសភា រាជរដ្ឋាភិបាល ដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ដែលមាន សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្ស ,សម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី បានការពារយ៉ាងរឹងមាំនូវសន្តិភាព ដោយសម្រេចបានសមិទ្ធផលថ្មីៗ ទាំងនៅទីក្រុង និងជនបទជាច្រើន រួមមាន៖ ផ្លូវ ស្ពាន ប្រព័ន្ធធារាសាស្ត្រ បណ្ដាញទឹកស្អាត អណ្ដូងទឹក ភ្លើង អគ្គិសនី ប្រព័ន្ធព័ត៌មាន រោងចក្រ កសិដ្ឋាន សំណង់តូចធំ មណ្ឌលពាណិជ្ជកម្ម សាលារៀន មន្ទីរ ពេទ្យ វត្តអារាម។ល។
លោកបន្ថែមថា សន្តិភាព និងសមិទ្ធផលទាំងនេះ បានមកពីការយកអាយុជីវិតធ្វើជាដើមទុន និងពលិកម្មដ៏ធំធេងរបស់ សមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជា ហេតុនេះយើងចងចាំជានិច្ចនូវគុណូបការៈដ៏ថ្លៃថ្លានេះ និងប្តេជ្ញាថែរក្សា រាល់ សមិទ្ធផល ទាំងនេះឱ្យបានគង់វង្សជារៀងដរាប ព្រមទាំងបន្តកសាងប្រទេសជាតិ ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត។
លោកសូមស្នើដល់សមាជិក សមាជិកាទាំងអស់ ត្រៀមរៀបចំការវាយគង ជួង រគាំង ទូងស្គរ ទះប៉ោត និងគោះត្រដោក ដើម្បីអបអរសាទរ ពិធីបើកការដ្ឋាន ព្រែកជីកហ្វូណនតេជោ ដែលនឹងប្រព្រឹត្តទៅ នាថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៤ ឱ្យបានព្រមៗគ្នា។
ក្នុងឱកាសនោះ លោក ខូយ រីដា ក៏បានប្រគល់ប័ណ្ណសរសើរ និងលិខិតថ្លែងអំណរគុណ ចំពោះក្រុមការងារ និងសប្បុរសជន ព្រមទាំងចែកជូនវត្ថុកំដរដៃ ជូនតំណាងសមាជិកបក្ស និងបន្តទស្សនារូបភាពសមិទ្ធិផលនានា ព្រមទាំងដាំដើមឈើ ជានិម្មិតរូបផងដែរ៕