(ភ្នំពេញ)៖ លោកបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានបញ្ជាក់ថា គ្មាននិស្សិតណាម្នាក់ ដែលសិក្សានៅរាជបណ្ឌិត្យសភា អាចគេចផុតពីការសរសេរសារណា និងនិក្ខេបបទបញ្ចប់ការសិក្សារបស់ខ្លួននោះទេ ពីព្រោះសារណា និងនិក្ខេបបទ គឺជាកញ្ចក់ឆ្លុះបញ្ចាំងទៅលើគំនិតរបស់បញ្ញវន្តម្នាក់ៗ។
ការបញ្ជាក់បែបនេះរបស់ លោកបណ្ឌិត សុខ ទូច បានធ្វើឡើងនៅក្នុងឱកាសដែលលោកបានអញ្ជើញជាអធិបតីភាព បើកបវេសនកាលវគ្គសិក្សាថ្មី ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ជំនាន់ទី១២ វគ្គ១-២ និងថ្នាក់បណ្ឌិត ជំនាន់ទី៩ វគ្គ១-២ នៅព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៤នេះ។
លោកបណ្ឌិត បានបញ្ជាក់ដូច្នេះថា៖ «មូលដ្ឋានគ្រឹះនៃចំណេះដឹង គឺចេញពីថ្នាក់មតេយ្យសិក្សា ចំណេះដឹងដែលខ្លាំង គឺត្រូវចេញពីក្រោមមក អីចឹងខ្ញុំ រួមជាមួយថ្នាក់ដឹកនាំរាជបណ្ឌិត្យសភាកម្ពុជា ត្រូវរៀបចំបង្កើតថ្នាក់បរិញ្ញាបត្រឡើងវិញ ដើម្បីឱ្យគាត់ (និស្សិត) សរសេរសារណា គ្មានបរិញ្ញាបត្រណាមួយបញ្ចប់ដោយគ្មានសរសេរសារណាទេ ហើយក៏គ្មានបរិញ្ញបត្រជាន់ខ្ពស់ណាមួយ មិនបញ្ចប់ដោយសរសេរសារណា ហើយក៏គ្មានបណ្ឌិតណាមួយ បញ្ចប់ដោយមិនសរសេរនិក្ខេបបទនោះទេ ដាច់ខាតរាជបណ្ឌិត្យសភា»។
ជាមួយគ្នានេះដែរ ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានគូសបញ្ជាក់ថា តាមរយៈការសម្លឹងមើលឃើញថា មាននិស្សិតជាច្រើនដែលបន្តមកសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ គឺមានចំណុចខ្វះខាតក្នុងការសរសេរសារណារបស់ខ្លួន។ ត្រង់ចំណុចនេះ គឺអាចបណ្តាមកពីនិស្សិតទាំងនោះពេលពួកគាត់ប្រឡងបញ្ចប់ថ្នាក់បរិញ្ញាបត្រ គឺមិនបានសរសេរសារណា។
លោកបណ្ឌិត សុខ ទូច បានបញ្ជាក់ថា ការចាប់ផ្តើមបង្កើតឱ្យមានថ្នាក់បរិញ្ញាបត្រ សម្រាប់និស្សិតសិក្សានៅរាជបណ្ឌិត្យសភាកម្ពុជា គឺដើម្បីធ្វើយ៉ាងណាឱ្យនិស្សិតដែលមកទទួលការសិក្សានៅរាជបណ្ឌិត្យសភាទាំងអស់ ចេះពីរបៀបសរសេរសារណា បញ្ចប់ការសិក្សារបស់ខ្លួន ដើម្បីឱ្យមានមូលដ្ឋានគ្រឹះកាន់តែរឹងមាំសម្រាប់សរសេរសារណាបញ្ចប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងសរសេរនិក្ខេបបទបញ្ចប់ថ្នាក់បណ្ឌិតជាដើម។
បន្ថែមពីនេះ លោកបណ្ឌិត បានគូសបញ្ជាក់ថា គុណភាពរបស់និស្សិត ជារឿងដ៏សំខាន់បំផុត ដើម្បីឆ្ពោះចូលរួមអភិវឌ្ឍន៍ប្រទេសជាតិ ហើយការសរសេរសារណា និងនិក្ខេបបទ គឺមានសារៈសំខាន់ខ្លាំងណាស់ សម្រាប់សង្គមជាតិនីមួយៗនៅលើពិភពលោក។
«សូមឱ្យសារណា ឬនិក្ខេបបទ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅពេលណាវាត្រូវនឹងទ្រឹះស្តីហ្នឹង សូមយកមកដាក់ បើអត់ត្រូវកុំយកមកដាក់ឱ្យសោះ ពីព្រោះសារណា និងនិក្ខេបបទ មិនសៀវភៅមេរៀនទេ គឺជាកញ្ចក់ឆ្លុះបញ្ចាំងទៅលើគំនិតរបស់បញ្ញវន្តម្នាក់ៗ ឬឆ្លុះបញ្ចាំងទៅលើឯកសារដែលយើងយកមកធ្វើជាអំណេះអំណាង នៅពេលដែលយើងសរសេរសារណា ឬនិក្ខេបបទ»។ នេះជាការលើកឡើងបន្ថែមរបស់លោកបណ្ឌិត សុខ ទូច។
លោកបណ្ឌិត សុខ ទូច បានលើកឡើងថា នៅរាជបណ្ឌិត្យសភាកម្ពុជា គឺមិនអនុញ្ញាតប្រគល់សញ្ញាបត្រមុន ការសរសេរសារណា និងនិក្ខេបបទនោះទេ ចំណុចនេះគឺមិនមានជាដាច់ខាត នៅក្នុងរាជបណ្ឌិត្យសភាកម្ពុជា ហើយក៏មិនអនុញ្ញាតឱ្យនិស្សិតសរសេរសារណាជាក្រុមនោះដែរ។ បើជ្រើសរើសយករាជបណ្ឌិត្យសភា សូមកុំស្តាយក្រោយឱ្យសោះ៕