(កំពង់ឆ្នាំង)៖ លោកបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន បានធ្វើការកៀរគរពុទ្ធបរិស័ទ និងថ្នាក់ដឹកនាំ ដង្ហែទៀនវស្សា និងទេយ្យទានផ្សេងៗ រួមទាំងបច្ច័យបួន និងបច្ច័យសម្រាប់កសាងទីអារាមយកទៅវេរប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅតាមបណ្តាទីអារាមជាង៤០វត្ត ក្នុងមូលដ្ឋានខេត្តកំពង់ឆ្នាំង។
ជាក់ស្ដែងរយៈពេល២ថ្ងៃជាប់គ្នា នេះគឺនៅរសៀលថ្ងៃទី១៨ ខែកក្កដា លោកបណ្ឌិតសភាចារ្យ បានដឹកនាំអ្នកតំណាងរាស្ត្រមណ្ឌលកំពង់ឆ្នាំង ថ្នាក់ដឹកនាំខេត្ត មន្ត្រីរាជការនិងពុទ្ធបរិស័ទ ដង្ហែរទៀនវស្សា មានទេយ្យទាន និងបច្ច័យកសាង យកទៅវេរប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សាចំនួន១៤វត្ត នៅក្នុងស្រុករលាប្អៀរ។
ដោយឡែកនៅព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤ លោកបណ្ឌិតសភាចារ្យ អមដំណើរដោយលោកស្រី កែ ច័ន្ទមុនី អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ឆ្នាំង លោក ស៊ុន សុវណ្ណរិទ្ធ អភិបាលខេត្តកំពង់ឆ្នាំង និងថ្នាក់ដឹកនាំ រួមទាំងពុទ្ធបរិស័ទជាច្រើនរូបទៀត នាំយកទៀនចំណាំព្រះវស្សា និងទេយ្យទាន រួមទាំងបច្ច័យទៅវេរប្រគេនព្រះសង្ឃគង់ចាំព្រះវស្សាចំនួន២៩វត្ត នៅទូទាំងស្រុកកំពង់លែង ដើម្បីជួយទំនុកបម្រុងនូវចង្ហាន់ និងភេសជ្ជៈដើម្បីបង្កលក្ខណៈងាយស្រួលសម្រាប់ព្រះសង្ឃ ដែលកំពុងគង់ចាំព្រះវស្សារយៈពេល៣ខែ។
លោកបណ្ឌិតសភាចារ្យ បានថ្លែងទៅកាន់ពុទ្ធបរិស័ទដែលចូលរួមនៅក្នុងពិធីបុណ្យខាងលើនេះថា បុណ្យចូលព្រះវស្សា គឺជាកាលវេលាដ៏សំខាន់សម្រាប់ព្រះសង្ឃ និងសីលវ័ន្ត សីលវត្តី សិក្សារៀនសូត្រព្រះធម៌វិន័យ ថ្ងៃបុណ្យចូលព្រះវស្សាដោយចាប់ផ្ដើមនៅថ្ងៃអាទិត្យ ១រោជ ខែអាសាឍ ត្រូវនឹងថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៤។ បុណ្យចូលព្រះវស្សានេះដែរ គឺជាពិធីបុណ្យព្រះពុទ្ធសាសនាដ៏ធំមួយ ហើយអាចចាត់ទុកជាពិធីបុណ្យដ៏មានសារៈសំខាន់ក្នុងចំណោមបុណ្យផ្សេងៗ នៅក្នុងព្រះពុទ្ធសាសនា ដែលមានរយៈពេល៣ខែ ឬ១ត្រីមាសក្នុងវស្សាន្តរដូវ។
សម្រាប់ឆ្នាំ២០២៤នេះ បុណ្យចូលព្រះវស្សា គឺប្រព្រឹត្តទៅចាប់ពីថ្ងៃ១រោជ ខែអាសាឍ ត្រូវនឹងថ្ងៃទី២១ ខែកក្កដា រហូតដល់ថ្ងៃ១៥កើត ខែអស្សុជ ត្រូវនឹងថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤។ ជារៀងរាល់ឆ្នាំ នៅពេលដល់ថ្ងៃខែ ដែលត្រូវប្រារព្ធពិធីបុណ្យចូលព្រះវស្សា ប្រជាពលរដ្ឋខ្មែរដែលកាន់ព្រះពុទ្ធសាសនាជ្រះថ្លាឧបត្ថម្ភ និងប្រគេនព្រះសង្ឃនូវគ្រឿងសក្ការៈបូជា សម្ភារៈបរិក្ខារ និងគ្រឿងឧបភោគបរិភោគផ្សេងៗ សម្រាប់ឆាន់ និងប្រើប្រាស់ក្នុងរដូវកាលចូលព្រះវស្សា។
លោកបណ្ឌិតសភាចារ្យ បានបន្ដថា បុណ្យចូលព្រះវស្សា គឺជាបុណ្យមានមកតាមផ្លូវព្រះពុទ្ធសាសនា ដែលសាវ័កផ្នែកបុព្វជិត តែងចូលវស្សាតាមពុទ្ធានុញ្ញាតអស់រយៈពេល៣ខែ ក្នុងវស្សាន្តរដូវ ហើយត្រូវចាំវស្សាដោយត្រឹមត្រូវ មិនឲ្យដាច់វស្សានោះទេ ចំណែកពុទ្ធបរិស័ទជាទាយកទាយិកា ឧបាសក ឧបាសិកាវិញ ក៏នាំគ្នាប្រារព្ធពិធីបុណ្យចូលព្រះវស្សានេះដែរ ជាពិសេសគឺចាត់ចែងរៀបចំជាសាដក់ ប្រេងកាត ទានធូប ចង្កៀង ភេសជ្ជៈ នៅព្រៃទទានផ្សេងៗទៅតាមលទ្ធភាព។
លោកបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន បានបញ្ជាក់ទៀតថា ព្រះពុទ្ធសាសនា គឺជាសាសនារបស់រដ្ឋដែលយើងទាំងអស់គ្នាមានជំនឿ និងគោរពប្រតិបត្តិតាម ព្រោះថាព្រះពុទ្ធសាសនា បានផ្ដល់នូវការអប់រំផ្លូវចិត្តឲ្យយើងទាំងអស់គ្នាប្រព្រឹត្តនូវអំពើល្អ ចេះជួយយកអាសារគ្នា និងធ្វើឲ្យយើងចេះស្រឡាញ់រាប់អានគ្នា ដែលធ្វើឲ្យយើងរស់នៅក្នុងសង្គមមួយប្រកបដោយសុខដុមរមនាផងដែរ៕