(កំពង់ធំ)៖ ដើម្បីលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ ក្នុងការរកាត់បន្ថយភាពក្រីក្រ និងការចូលរួមចំណែកជាមួយរដ្ឋាភិបាលឲ្យកាន់តែប្រសើរឡើង លោក ឃឹង នុភាព តំណាងរាស្ត្រមណ្ឌលកំពង់ធំ និងជាអនុប្រធានក្រុមការងារចុះមូលដ្ឋានខេត្តកំពង់ធំ បានចុះសួរសុខទុក្ខប្រជាពលរដ្ឋតាមខ្នងផ្ទះ ដែលមានជីវភាពខ្វះខាតនៅភូមិបាក់ស្រី ឃុំគោល ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ នាថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៤។
ថ្លែងក្នុងឱកាសនោះ លោក ឃឹង នុភាព បានថ្លែងអំណរគុណដល់អាជ្ញាធរដែនដី ដែលតែងតែយកចិត្តទុកដាក់គិតគូរពីសុខុមាលភាពរបស់ប្រជាពលរដ្ឋ ជាពិសេសប្រជាពលរដ្ឋងាយរងគ្រោះ ចាស់ជរា ជនពិការ ស្ត្រីមេមាយ កុមារកំព្រា ឬជនងាយរងគ្រោះដោយប្រការផ្សេងៗ ដោយមិនប្រកាន់និន្នាការនយោបាយអ្វីឡើយ។
លោកបានណែនាំដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវគិតគូរពីបញ្ហាការថែទាំសុខភាពដោយបរិភោគទឹកស្អាត សម្រាកក្នុងមុងជានិច្ច និងសម្អាតបរិស្ថានជុំវិញផ្ទះចៀសវាងការកើតមាននូវជំងឺផ្សេងៗ។ ម្យ៉ាងទៀត ត្រូវខិតខំចិញ្ចឹមសត្វនិងបង្កើនការដាំដុះដំណាំចម្រុះផ្សេងៗ ដើម្បីធ្វើយ៉ាងណាលើកស្ទួយកម្រិតជីវភាពរស់នៅ ឲ្យមានលក្ខណៈសមរម្យ និងកាត់បន្ថយការចំណាយ ប្រចាំថ្ងៃដោយផ្លាស់ប្តូរ ទំលាប់មិនល្អ និងផ្តល់ឱកាសឲ្យកូនបានសិក្សារៀនសូត្រ ដោយប្រែក្លាយខ្លួនទៅជាប្រជាពលរដ្ឋល្អ មានជំនាញមួយពិតប្រាកដ ដើម្បីចូលរួមអភិវឌ្ឍន៍ប្រទេសជាតិ ឲ្យមានការរីកចម្រើន។
លោកបានផ្ដាំផ្ញើ និងសំណូមពរដល់ប្រជាពលរដ្ឋសូមប្រើប្រាស់ស្បៀងឲ្យចំគោលដៅ ត្រូវអប់រំកូនឲ្យជៀសឆ្ងាយពីគ្រឿងញៀន ហើយបើកបរត្រូវគោរពច្បាប់ចរាចរណ៍ ដើម្បីជៀសវាងគ្រោះថ្នាក់កើតឡើង។
ជាមួយគ្នានេះ ប្រជាពលរដ្ឋ និងអាជ្ញាធរដែនដីបានថ្លែងអំណរគុណដល់លោក ឃឹង នុភាព និងរាជរដ្ឋាភិបាលដែលបានយកចិត្តទុកដាក់លើប្រជាពលរដ្ឋខ្វះខាត ដោយមិនទុកឲ្យប្រជាពលរដ្ឋណាម្នាក់ស្លាប់ដោយអត់អាហារនោះទេ។ ក្នុងការចុះសួរសុខទុក្ខដល់ប្រជាពលរដ្ឋចំនួន១១គ្រួសារ លោក ឃឹង នុភាព បានផ្តល់នូវថវិកា១០ម៉ឺនរៀល។
បន្ទាប់ពីសុខទុក្ខរួចមកលោក ឃឹង នុភាព បានបន្តដឹកនាំក្រុមការងារចុះពិនិត្យមើលស្ថានភាពផ្លូវ និងស្រូវប្រាំងប្រជាពលរដ្ឋដែលទទួលរកការខូចខាតដោយសារទឹកជំនន់ទឹកភ្លៀង៕