(ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៤នេះ បានបង្ហាញអំពី របាយការណ៍ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយបញ្ជាក់ថា នៅឆមាសទី១ ឆ្នាំ២០២៤នេះ ការនាំចេញកសិផលកម្ពុជា ទៅកាន់ទីផ្សារអន្តរជាតិ បានកើនឡើងជិត៦០ភាគរយ ដែលជាកំណើនមិនធ្លាប់មាន ក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ។
តាមរយៈបណ្តាញសង្គម សម្តេចបានបញ្ជាក់ថា វិស័យកសិកម្មរយៈពេល ៦ខែ ឆ្នាំ២០២៤ មានលទ្ធផលដូចតទៅ៖
* ទី១៖ ក្នុងឆមាសទី១ ឆ្នាំ២០២៤ ការនាំចេញកសិផលរបស់កម្ពុជា សម្រេចបានជាង ៦លានតោន កើនឡើងជិត ៦០ភាគរយ ធៀបនឹងឆមាសទី១ ក្នុងឆ្នាំ២០២៣ ដែលជាកំណើនមិនធ្លាប់មាន ក្នុងរយៈពេល ៥ឆ្នាំចុងក្រោយ។ កសិផលប្រមាណ ៦លានតោន បាននាំចេញទៅកាន់ទីផ្សារ គោលដៅចំនួន ៧៧ប្រទេសទូទាំងពិភពលោក។
* ទី២៖ ៩៤% នៃកសិផលកម្ពុជា គឺឆ្ពោះទៅកាន់ទីផ្សារសំខាន់ៗដូចជា៖
- ប្រទេសចិន៖ ចេក អង្ករ ដំឡូងមី ស្វាយ និងមៀន
- ប្រទេសរៀតណាម៖ ស្រូវ ចន្ទី ដំឡូងមី ស្វាយស្រស់
- ប្រទេសថៃ៖ ដំឡូងមី ស្វាយស្រស់ ម្ទេស កន្ទក់
* ទី៣៖ កសិផលកម្ពុជា ដែលកំពុងមានកំណើនទីផ្សារក្រៅពីស្រូវ ស្វាយចន្ទី និងដំឡូងមី ស្វាយស្រស់ ដំណាប់ស្វាយ ទុរេន គ្រាប់ពោត មៀនស្រស់ ម្រេច និងម្ទេសស្រស់។
* ទី៤៖ គ្រាប់ស្វាយចន្ទីឆៅ៖ មានទំហំនាំចេញជាង ៨០០លានដុល្លារ ប្រហែល ១ភាគ៣ នៃតម្លៃនាំចេញ កសិផលសរុបរបស់កម្ពុជា
* ទី៥៖ ទំហំទឹកប្រាក់ពីការនាំចេញ៖
- កសិផលក្រៅពីស្រូវ-អង្ករ ៖ ជាង ១៨០០ពាន់លានដុល្លារ
- កសិផលស្រូវជាង ៤០០លានដុល្លារ
- កសិផលអង្ករជាង ២០០លានដុល្លារ
- ប្រភេទដំឡូងមីមានបរិមាណជាង ២,៥០លានតោន ដែលជាកំណើនខ្ពស់ជាងគេទី១ ក្នុងចំណោមកសិផលសំខាន់ដទៃទៀត ដោយទទួលបានទឹកប្រាក់ចំនួនជាង ៤៥០លានដុល្លារអាមេរិក៕