(បន្ទាយមានជ័យ)៖ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានថ្លែងអំពាវនាវដល់ព្រះសង្ឃ មន្ត្រីរាជការ កម្លាំងប្រដាប់អាវុធ តាមមន្ទីរ អង្គភាព និងតាមកន្លែងសាធារណៈផ្សេងៗដូចជាវត្តអារាម សាលារៀន ព្រមទាំងប្រជាពលរដ្ឋទូទាំងខេត្ត ចូលរួមវាយគង ជួង រគាំង ទូងស្គរ ទះប៉ោត គោះត្រដោក និងគ្រប់មធ្យោបាយដែលមាន ដើម្បីអបអរសាទរការបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ វេលាម៉ោង៩៖០០នាទីព្រឹកខាងមុខនេះ។
ការថ្លែងរបស់លោកអភិបាលខេត្ត ក្នុងឱកាសដែលលោក និងលោកស្រី, ប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំងមន្រ្តីរាជការចំណុះឱ្យរដ្ឋបាលខេត្តបន្ទាយមានជ័យ បាននាំយកទៀនវស្សា បច្ច័យ និងទេយ្យទានមួយចំនួនប្រគេនជូន ព្រះសង្ឃដែលគង់ចាំព្រះវង្សាអស់កាលត្រីមាស នៅតាមបណ្តាវត្តចំនួន២២វត្ត នៅខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៤។
គួរបញ្ជាក់ថា ពិធីបុណ្យចូលព្រះវស្សាប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំ ដោយចាប់ផ្តើមពីថ្ងៃ១រោច ខែអាសាធ ដល់ថ្ងៃ១៥ កើត ខែអស្សុជ។ ជាទម្លាប់ពិធីនេះត្រូវចាប់ផ្តើមនៅល្ងាចថ្ងៃទី១៥កើត ខែអាសាឍ ដោយមានការចូលរួមពីសំណាក់ពុទ្ធបរិស័ទចំណុះជើងវត្តនាំគ្នាហែទៀនវស្សា សំពត់ សាដក និងសម្ភារៈប្រើប្រាស់ផ្សេងៗហែជុំវិញព្រះវិហារ។ បន្ទាប់មក មានការសម្តែងធម៌ទេសនា និងវេរទៀនវស្សា និងសម្ភារៈប្រគេនដល់ព្រះសង្ឃ។
ក្នុងអំឡុងពេលចូលវស្សានេះមានរយៈពេល៣ខែនេះ ប្រជាពលរដ្ឋដែលគោរពព្រះពុទ្ធសាសនាធ្វើចង្ហាន់ នំចំណី និងគ្រឿងប្រើប្រាស់ផ្សេងៗទៅប្រគេនជាបន្តបន្ទាប់ សម្រាប់ផ្គត់ផ្គង់ព្រះសង្ឃគង់ចាំព្រះវស្សា ក្នុងអំឡុងពេលនេះផងដែរ៕
លោកអភិបាលខេត្តបានថ្លែងបញ្ជាក់ថា គម្រោងព្រែកជីកហ្វូណនតេជោនេះ តភ្ជាប់ផ្លូវទឹករវាងទន្លេរទៅកាន់សមុទ្រកម្ពុជា ដោយឆ្លងកាត់ ខេត្តកណ្តាល តាកែវ កំពត និងខេត្តកែប ដែលមានប្រវែង១៨០គីឡូម៉ែត្រ។ ព្រែកជីកហ្វូណនតេជោ និងផ្តល់អត្ថប្រយោជន៍ដ៏មហាសាលដល់ប្រទេសកម្ពុជា ជាពិសេសវិស័យដឹកជញ្ជូន ដូចជា កាត់បន្ថយតម្លៃដឹកជញ្ជូន កាត់បន្ថយពេលវេលា ចម្ងាយ ការខូចខាតផ្លូវថ្នល់ ការកកស្ទះចរាចរណ៍ គ្រោះថ្នាក់ចរាចរណ៍ ក៏ដូចជាកាត់ បន្ថយនីតិវិធីសម្រាប់នាវា និងបែបបទក្នុងការ ឆ្លងកាត់ទំនិញពីកម្ពុជាទៅសមុទ្រ ការបង្កើតតំបន់ពាណិជ្ជកម្ម តំបន់សេដ្ឋកិច្ចពិសេស ការអភិវឌ្ឍផែរណបថ្មីៗជាច្រើន ការពង្រីកតំបន់អភិវឌ្ឍន៍កសិកម្ម ធារាសាស្ត្រ វារីវប្បកម្ម ទេសចរណ៍ ជួយរំដោះទឹកជំនន់ក្នុងរដូវវស្សា ជួយបង្កើនផលត្រីទឹកសាបនៅតាមព្រែក អចលនទ្រព្យ និងការវិនិយោគផ្សេងៗ។ល។ និយាយជារួម គម្រោងព្រែកជីកហ្វូណនតេជោនេះ គឺជាគម្រោងបម្រើផល ប្រយោជន៍ជាតិដ៏ធំធេង ជាពិសេស ផ្នែកសេដ្ឋកិច្ចសង្គមនៅកម្ពុជា។
លោកបញ្ជាក់ថា «ដូច្នេះនៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ វេលាម៉ោង០៩៖០៩នាទីព្រឹក ខាងមុខ ការបើកការដ្ឋានព្រែកជីកហ្វូណនតេជោនឹងចាប់ផ្តើមដំណើរការជាផ្លូវការ សូមមន្ត្រីរាជការ កម្លាំងប្រដាប់អាវុធ ព្រះសង្ឃ និងប្រជាពលរដ្ឋយើងទូទាំងខេត្តបន្ទាយមានជ័យ ចូលរួមវាយគង ជួង រគាំង ទូងស្គរ ទះប៉ោត គោះត្រដោក ដើម្បីអបអរសាទរការបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោនេះ»។
ជាមួយគ្នានេះ លោកក៏បានថ្លែងប្រាប់ប្រជាពលរដ្ឋ ឱ្យមានការប្រុងប្រយ័ត្នខ្ពស់នារដូវភ្លៀងនេះ ដោយត្រូវថែសុខភាពឱ្យបានល្អ ដើម្បីការពារពីជំងឺឆ្លងនានា ក៏ដូចជាគ្រោះថ្នាក់ធម្មជាតិដោយខ្យល់កន្ត្រាក់ ផ្គររន្ទះ សត្វអសិរពិសផ្សេងៗ ពិសេសក្មេងៗកុំបណ្តោយឱ្យលេងទឹកផ្តេសផ្តាស៕