(ព្រះសីហនុ)៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គីអភិវឌ្ឍមាតុភូមិកម្ពុជា បានលើកឡើងថា ការអភិវឌ្ឍបុរី ជាការរួមចំណែកក្នុងការជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា តាមរយៈការផ្ដល់ចំណូល ផ្តល់ឱកាសការងារដល់ប្រជាពលរដ្ឋ ដែលជាកត្ដាចាំបាច់ក្នុងការកាត់បន្ថយភាពក្រីក្រ។
ការលើកឡើងបែបនេះ ធ្វើឡើងក្នុងឱកាសដែល សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធដាក់ឲ្យដំណើរការលក់ បុរី អឹមអិល ក្រុងព្រះសីហនុ ដែលមានទីតាំងស្ថិតនៅភូមិ៦ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤។
ក្នុងឱកាសនោះ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក៏បានថ្លែងនូវការអបអរសាទរ និងកោតសសើរចំពោះក្រុមហ៊ុន អឹមអិល មង្គល រៀលធី ឯ.ក និងក្រុមហ៊ុន អុីសធើន ហៅស៍ រៀលអុីស្ទេត ឯ.ក បានរួមគ្នាបណ្ដាក់ទុនវិនិយោគធ្វើអាជីវកម្មលើលំនៅដ្ឋានដ៏ប្រណិតនៅក្នុងខេត្តព្រះសីហនុ។
សម្តេចកិត្តិបណ្ឌិត បានបន្តទៀតថា វត្តមាន និងទំហំនៃការវិនិយោគរបស់ក្រុមហ៊ុនទាំងពីរ បានបង្ហាញពីសក្តានុពលរបស់ខេត្តព្រះសីហនុ និងជំនឿទុកចិត្តយ៉ាងមុតមាំរបស់វិនិយោគិន មកលើរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យវែងឆ្ងាយ របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានចាត់ទុកវិស័យឯកជនជាក្បាលម៉ាស៊ីន នៃកំណើនសេដ្ឋកិច្ច រួមជាមួយនឹងការលើកទឹកចិត្ត និងជួយសម្របសម្រួលគ្រប់បែបយ៉ាង ដល់វិនិយោគិនដែលមានបំណងមកបណ្តាក់ទុនវិនិយោគនៅកម្ពុជា។
សម្តេច បានចាត់ទុកការអភិវឌ្ឍបុរីនេះ ជាការរួមចំណែកក្នុងការជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា តាមរយៈការផ្ដល់ចំណូល ផ្តល់ឱកាសការងារដល់ប្រជាពលរដ្ឋ ដែលជាកត្ដាចាំបាច់ ក្នុងការកាត់បន្ថយភាពក្រីក្រ និងការចូលរួមចំណែកប្រែក្លាយមុខមាត់ខេត្តព្រះសីហនុ ឲ្យទៅជាខេត្តប៉ូលសេដ្ឋកិច្ចចម្បង និងគំរូមួយរបស់កម្ពុជា ក៏ដូចជាការប្រើប្រាស់នូវសក្តានុពល និងធនធានអំណោយផលដែលមានស្រាប់ ក្នុងខេត្តជាប់តំបន់មាត់សមុទ្រមួយនេះប្រកបដោយប្រសិទ្ធភាព។
លោក ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ បានលើកឡើងអំពីវឌ្ឍនៈភាព និងការអភិវឌ្ឍន៍ខេត្តព្រះសីហនុ ស្របពេលដែលរាជរដ្ឋាភិបាល បានដាក់ចេញនូវកម្មវិធីពិសេស ជំរុញការវិនិយោគខេត្តព្រះសីហនុ ឆ្នាំ២០២៤ ដើម្បីលើកទឹកចិត្ត និងការផ្តល់លក្ខខណ្ឌងាយស្រួលមួយចំនួន ដល់អ្នកវិនិយោគដែលមានបំណងបណ្តាក់ទុនវិនិយោគ នៅខេត្តព្រះសីហនុ ដើម្បីជួយរួមចំណែកដល់ខេត្តព្រះសីហនុ មានការអភិវឌ្ឍន៍កាន់តែខ្លាំងឡើងបន្ថែមទៀត។
លោកក៏បានបញ្ជាក់ដែរថា ក្នុងនាមរដ្ឋបាលខេត្ត សូមគាំទ្រចំពោះអ្នកវិនិយោគគ្រប់ប្រភេទ ដែលស្របច្បាប់ទាំងក្នុងស្រុក ក្រៅស្រុក ដោយធានារក្សានូវសន្តិសុខ សុវត្ថិភាពជូនដល់បណ្តាវិនិយោគិនទាំងអស់ ដែលចូលមកអភិវឌ្ឍនក្នុងខេត្តមួយនេះ។
ជាមួយគ្នានេះដែរ លោក យ៉ែន សុខលីន អគ្គនាយកក្រុមហ៊ុន អឹមអិល មង្គល រៀលធី ឯ.ក បានលើកឡើងថា នេះជាគម្រោងទី១ហើយ ដែលបានរួមសហការគ្នារវាងក្រុមហ៊ុន អឹមអិល មង្គល រៀលធី ឯ.ក និងក្រុមហ៊ុន អុីសធើន ហៅស៍ រៀលអុីស្ទេត ឯ.ក វិនិយោគលើគម្រោងលំនៅដ្ឋានប្រណិត រួមមានប្រភទ ហ្សបហៅស៍ អឹមវីឡា និងអិលវីឡា ដែលជាប្រភេទផ្ទះទាន់សម័យ ប្រណិតភាព ផ្តោតចម្បងលើគុណភាព រឹងមាំ មានសោភណ្ឌភាព ប្រកបដោយផាសុកខភាព និងទំនើបស៊ីវិល័យ។
លោកបញ្ជាក់ថា ភាពជោគជ័យទាំងអស់ដូចដែលបានបង្ហាញជូនខាងលើនេះ កើតឡើងដោយសារតែក្រុមហ៊ុនមានទស្សនៈវិស័យ និងគោលការណ៍ម៉ឺងម៉ាត់ ច្បាស់លាស់ អនុវត្តតាមផែនការរួមគ្នា ជាពិសេស ឈរលើគោលការណ៍៤ យ៉ាង គឺ លក់ សង់ ប្លង់ ថែរ។
ក្នុងឱកាសនេះផងដែរ សម្តេចកិត្តិសង្គហបណ្ឌិត បានណែនាំឲ្យក្រុមហ៊ុនត្រូវផ្តល់សេវាកម្មដល់អតិថិជនប្រកបដោយការទទួលខុសត្រូវ ធានាសោភ័ណភាព គុណភាព និងប្រណិតភាព គោរពទៅតាមលិខិតបទដ្ឋាននានា ដូចជា៖ ច្បាប់វិនិយោគរបស់ព្រះរាជាណាចក្រកម្ពុជា ច្បាប់សំណង់ និងមានកាតព្វកិច្ចបង់ពន្ធឲ្យបានត្រឹមត្រូវ។
បន្ថែមពីនេះ សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានអំពាវនាវប្រជាពលរដ្ននៅគ្រប់ទីកន្លែង គ្រប់ស្ថាប័ន ថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ ត្រូវចូលរួមគ្រប់រូបភាពក្នុងការគោះជួង ទូងស្គរព្រមៗគ្នានៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ សម្រាប់ថ្ងៃបើកការដ្ឋានគម្រោងព្រែកជីកហ្វូណន តេជោ នាពេលខាងមុខនេះ តបតាមការអំពាវនាវរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត ក្រោមគំនិតផ្តួចផ្តើមប្រកបដោយចក្ខុវិស័យវែងឆ្ងាយ របស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ៕