(ភ្នំពេញ)៖ សាលាទី១ អន្តរជាតិកម្ពុជាអាមេរិកាំង (First International Cambodian-American School) ឬហៅកាត់ថា FICAS បានបើកពិធីសន្និសិទកាសែត ស្តីអំពីការបើកថ្នាក់មត្តេយ្យ និងបវេសនកាលឆ្នាំសិក្សាថ្មី ហើយ។
សាលា FICAS ចាប់កំណើតក្នុងឆ្នាំ ១៩៩៣ ហើយបានទទួលការទទួលស្គាល់ពីអតីតព្រះមហាវីរៈក្សត្រ ព្រះបរមរតនកោដ្ឋ នរត្តមសីហនុ និងឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំប្រទេសកម្ពុជានៅឆ្នាំ ១៩៩៤។ សាលា FICAS មានបទពិសោធន៍ផ្នែកសេវាអប់រំអស់រយៈពេលជាង ២៣ឆ្នាំមកហើយ ហើយសិស្សភាគច្រើនដែលរៀនចប់ពី FICAS គឺមានសមត្ថភាពខ្ពស់ និងបានប្រឡងចេញទៅប្រទេសក្រៅដូចជាប្រទេស អូស្រ្តាលី ញូហ្សេឡេន និងអាមេរិកជាដើម។
លោកជុំ បញ្ញា នាយករងសាលា FICAS បានថ្លែងថា «កូនសិស្សដែលរៀនអង់គ្លេសនៅសាលានេះ មិនមែនរៀនតែវាក្យស័ព្ទ វេយ្យាករណ៍ និងការសរសេរប៉ុណ្ណឹងទេ គឺមានតាំងពីមុខវិជ្ជាគណិតវិទ្យា គីមី រូប ជីវៈ និងវិទ្យាសាស្រ្ត រៀនជាភាសាអង់គ្លេសតែម្តង។ ការរៀនបែបនេះនឹងធ្វើឲ្យសិស្សត្រៀមខ្លួនបានល្អ ពេលពួកគាត់ចង់ប្រឡងអាហាររូបករណ៍ចេញទៅប្រទេសក្រៅ ហើយមានសិស្សច្រើនហើយ ដែលបានប្រឡងជាប់ ឥឡូវនេះកំពុងជោគជ័យក្នុងជីវិតសិក្សា និងការងារ»។
អាណាព្យាបាល របស់កូនសិស្សម្នាក់បានថ្លែងថា«ខ្ញុំ សព្វថ្ងៃរវល់រកស៊ីណាស់ នៅផ្ទះពុំសូវមានអ្នកមើលកូនទេ ទាល់តែពេលយប់ទើបទំនេរ។ អ៊ីចឹងខ្ញុំយកកូនទៅដាក់ឲ្យរៀននៅ FICAS ពេញមួយថ្ងៃតែម្តង ព្រោះគេមានសេវាមើលថែទាំក្មេងពេលថ្ងៃផងដែរ។ តម្លៃក៏សមរម្យអាចទទួលយកបានផងដែរ»។
លោកជុំ បញ្ញា បន្ថែមថា«អ៊ីចឹងហើយបានជាឆ្នាំនេះ យើងបន្ថែមថ្នាក់មត្តេយ្យមួយទៀតសម្រាប់កម្មវិធីសិក្សាខ្មែរ ដូច្នេះអាណាព្យាលបាលសិស្សគាត់ មិនពិបាកស្វែងរកសាលាផ្សេងក្រោយពេល កូនគាត់ចប់ថ្នាក់មត្តេយ្យនោះទេ គឺរៀននៅទីនេះរហូតដល់ចប់តែម្តង»។
លោក សុខ ភូមេន្ទ្រពុទ្ធិ ជំនួយការផ្នែកកម្មវិធីសិក្សាទាំងខ្មែរ និងអង់គ្លេសបានថ្លែងថា «ឆ្នាំនេះ យើងមានថ្នាក់មត្តេយ្យខ្មែរ ដែលបានបើកដំណើរការចាប់ពីឆ្នាំនេះ ហើយ ការរៀបចំឲ្យមានថ្នាក់មត្តេយ្យនេះ គឺដើម្បីបណ្តុះបណ្តាលកុលបុត្រកុលធីតាខ្មែរ តាំងពីនៅវ័យកុមាឲ្យមានទម្លាប់ល្អៗ តម្រង់ទិស ការបង្រៀនពីឥរិយាបទល្អៗ អមនិងការផ្តល់សម្ភារៈសិក្សាដែលអាចជំនួយដល់ខួរក្បាលរបស់គាត់ និងធ្វើយ៉ាងណាឲ្យខួរក្បាលរបស់គាត់មានភាពរវាសរវៃ និងត្រៀមរួចរាល់សម្រាប់ថ្នាក់ទី១ និងថ្នាក់បន្ទាប់»។
គួរបញ្ជាក់ផងដែរថា សាលា FICAS ដែលមានទីតាំងស្ថិតនៅបណ្តោយផ្លូវ ២០៨ ខាងជើងស្តុបផ្លូវភ្លោះអូរឬស្សីនេះ ក៏មានផ្តល់នូវការប្រម៉ូសិនពិសេសផងដែរ រហូតដល់ទៅ១៥% ដើម្បីស្វាគមន៍បវេសនកាលឆ្នាំថ្មី ២០១៦-២០១៧ ខាងមុខនេះ៕