(ភ្នំពេញ)៖ សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណៈបក្សប្រជាជនកម្ពុជា និងប្រធានគណៈចលនាមហាជននៃគណៈកម្មាធិការកណ្ដាលនៃគណបក្សប្រជាជន នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤នេះ បានផ្ញើសារលិខិតជូនលោកស្រី ប៊ួយ ធី មិញ ហាយ ប្រធានគណៈចលនាមហាជននៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្ដវៀតណាម ចូលរួមរំលែកទុក្ខ និងសម្ដែងនូវការចូលរួមសោកស្ដាយយ៉ាងជ្រាលជ្រៅបំផុតក្រោយទទួលដំណឹងមរណភាពរបស់លោក ង្វៀន ភូ ជុង អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្ដវៀតណាម។
ខ្ញុំមានសេចក្តីក្រៀមក្រំ និងក្តុកក្តួលជាទីបំផុត ដោយបានទទួលដំណឹងថា ឯកឧត្តម ង្វៀន ភូ ជុង អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម បានទទួលអនិច្ចកម្ម កាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤។ ខ្ញុំសូមសម្តែងនូវការចូលរួមសោកស្តាយយ៉ាងជ្រាលជ្រៅបំផុត ចំពោះ លោកជំទាវ ក្រុមគ្រួសាររបស់ ឯកឧត្តមអគ្គលេខាធិការ បក្សកុម្មុយនីស្តវៀតណាម រដ្ឋាភិបាល និងប្រជាជនវៀតណាម នៅក្នុងគដ៏សោកសៅ និងការបាត់បង់ដ៏ធំធេងនេះ។
ឯកឧត្តមអគ្គលេខាធិការ គឺជាមេដឹកនាំដ៏ឆ្នើម មានចក្ខុវិស័យ និងគួរឱ្យគោរព ដែលបានលះបង់ពេញមួយជីវិត ដើម្បីបុព្វហេតុដ៏ថ្លៃថ្លា និងការរួមចំណែកដែលមិនកាត់ថ្លៃបាន ដល់សន្តិភាព ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងវិបុលភាពរបស់ប្រជាជាតិ និងប្រជាជនវៀតណាម។ ក្រោមការដឹកនាំរបស់ ឯកឧត្តមទំនាក់ទំនងទ្វេភាគី មិត្តភាពយូរអង្វែង និងកិច្ចសហប្រតិបត្តិការជិតស្និទ្ធរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម ត្រូវបានពង្រឹង និងពង្រីកយ៉ាងជិតស្និទ្ធបំផុត។ កេរដំណែលរបស់
ឯកឧត្តម នឹងត្រូវបានចងចាំជានិច្ច។
ក្នុងនាមគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ខ្ញុំសូមចូលរួមរំលែកទុក្ខអស់ពីដួងចិត្ត និងសូមផ្ញើសេចក្តីបួងសួងដល់ក្រុមគ្រួសាររបស់ ឯកឧត្តម ង្វៀន ភូ ជុង សហការី និងប្រជាជនវៀតណាម នៅក្នុងកាលៈទេសៈដ៏លំបាកនេះ៕