(បាត់ដំបង)៖ លោក ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានលើកទឹកចិត្តឱ្យយុវជនខិតខំស្រវាស្រទេញក្រេបយកចំណេះជំនាញឱ្យច្បាស់លាស់យ៉ាងតិចមួយ ដើម្បីក្លាយខ្លួនជាមូលធនមនុស្សសម្រាប់ប្រទេសជាតិស្របតាមគោលនយោបាយយុទ្ធសាស្ត្របញ្ចកោណដែលដាក់ចេញដោយរាជរដ្ឋាភិបាលនីតិកាលទី៧ដឹកនាំដោយសម្តេចធីបតី ហ៊ុន ម៉ាណែត។
ការជំរុញលើកទឹកចិត្តបែបនេះធ្វើឡើងក្នុងឱកាសដែលលោករដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ធ្វើបាឋាកថា នៅចំពោះមុខសមណនិស្សិត និងនិស្សិតនៃសាខាពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ ខេត្តបាត់ដំបង កាលពីព្រឹកថ្ងៃសុក្រ ទី១៩ ខែកក្កដា ឆ្នាំ២០២៤ ដោយមានការចូលរួមពីសមណនិស្សិត និងនិស្សិតជាង ២០០អង្គ/នាក់។
អ្នកនាំពាក្យរាជរដ្ឋាភិបាលបានគូសបញ្ជាក់ថា ដើម្បីក្លាយជាមូលធនមនុស្ស យុវជនត្រូវមានចំណេះជំនាញច្បាស់លាស់យ៉ាងតិចមួយ មានសីលធម៌រស់នៅល្អ មានសុខភាពមាំមួន និងចេះរស់នៅដោយចុះសម្រុងក្នុងសង្គមដើម្បីប្រើប្រាស់ចំណេះជំនាញរបស់ខ្លួនឱ្យមានប្រយោជន៍សម្រាប់ខ្លួនឯង សម្រាប់មនុស្សជុំវិញខ្លួន ក៏ដូចជាសង្គមជាតិទាំងមូល។
ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលពន្យល់ថា យុវជនសម័យបច្ចុប្បន្នមានឱកាសច្រើន និងអំណោយផលសម្រាប់ការរៀនសូត្រ ដូចជា មានសាលាជិតផ្ទះ មានសម្ភារៈសិក្សាសម្បូរបែប និងមានអំណោយផលពីប្រទេសជាតិ ដូចជាសុខសន្តិភាព និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ និងមធ្យោបាយធ្វើដំណើរជាដើម។
ដូច្នេះ អ្វីដែលនៅសេសសល់គឺ ការខិតខំដោយខ្លួនឯងដើម្បីចាប់យកឱកាសប្រែក្លាយខ្លួនទៅជាមនុស្សពូកែ អ្នកចេះដឹង និងជាមនុស្សដែលមានសីលធម៌ខ្ពស់ ចេះជួយសង្គម និងប្រទេសជាតិប្រកបដោយន័យស្ថាបនា៕