Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អភិបាលខណ្ឌឫស្សីកែវ នាំគ្រឿងចក្រជួសជុលផ្លូវក្បែរវត្តទួល ក្នុងសង្កាត់គីឡូម៉ែត្រលេខ៦ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ពលរដ្ឋ

21-09-2016 14:24

(ភ្នំពេញ)៖ លោក ជា ពិសី អភិបាលខណ្ឌឫស្សីកែវ នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៦ បានបញ្ជាឲ្យលោក ប្រាជ្ញ សីហា អភិបាលរងខណ្ឌ ចុះពិនិត្យ និងធ្វើការជួសជុល ផ្លូវ១ខ្សែ ជាបណ្តោះអាសន្ន នៅចំណុចមុខវត្តទួលសន្តិវ័ន្តិ ហៅវត្តទួលអស់លោក ស្ថិតក្នុងសង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ ដែលកំពុងរងការខូចខាត យ៉ាងដំណំជាហេតុធ្វើឲ្យប្រជាពលរដ្ឋ មានការលំបាកក្នុងការធ្វើដំណើរ ក៏ដូចជាមកចូលរួម ក្នុងពិធីបុណ្យទាន ក្នុងរដូវភ្ជុំបិណ្ឌនេះ ផងដែរ។

លោក ជា ពិសី បានបញ្ជាក់ថា មកដល់ព្រឹកថ្ងៃទី២១ ខែកញ្ញានេះ ជាលទ្ធផលផ្លូវនេះ ត្រូវបានធ្វើការឈូសឆាយ រួចរាល់ជាស្ថាពរបណ្ដោះអាសន្ន ដើម្បីឆ្លើយតបបំពេញតម្រូវការ របស់ប្រជាពលរដ្ឋក្នុងការធ្វើដំណើរ នៃឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិ។ លោកអភិបាលខណ្ឌ បន្ដថា «ចំពោះការជួសជុលចាក់បេតុងជាផ្លូវការ ដោយលម្អិត និងត្រៀមលើកយក ក្នុងផែនការអភិវឌ្ឍន៍ ដោយប្រើប្រាស់ថវិកាខណ្ឌនៅឆ្នាំក្រោយឆ្នាំ២០១៧ ដើម្បីស្ថាបនាផ្លូវនេះឲ្យល្អឡើងវិញ ហើយបច្ចុប្បន្នយើងគ្រាន់តែឈូសឆាយ ជាបណ្តោះអាសន្នតែប៉ុណ្ណោះ ដើម្បីសម្រួលដល់ការធ្វើដំណើរ របស់ប្រជាពលរដ្ឋទូទៅ ក្នុងរាជធានីភ្នំពេញ»

ជាមួយគ្នានោះ លោកបន្ថែមថា ដោយកញ្ចប់ថវិកាខណ្ឌមួយចំនួនធំ ត្រូវបានប្រើប្រាស់លើគម្រោង ជាអទិភាពក្នុងការអភិវឌ្ឍន៍ធ្វើផ្លូវសំខាន់ៗ ក្នុងភូមិសាស្ត្រ ខណ្ឌឫស្សីកែវឆ្នាំ២០១៦អស់ទៅហើយ ដូច្នេះក្នុងនាមអាជ្ញាធរខណ្ឌ ចាំបាច់ត្រូវលើកគម្រោង ដើម្បីធ្វើផ្លូវ១ខ្សែនេះ នៅឆ្នាំក្រោយឆ្នាំ២០១៧៕